កីឡា
ព្រះខ័នរាជស្វាយរៀង ប៉ះ ម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី ១១សម័យ Johor យប់ថ្ងៃព្រហស្បតិ៍នេះ
ក្រុមខ្លាំងបំផុតប្រចាំប្រទេសម៉ាឡេស៊ី Johor Darul Ta’zim បានធ្វើដំណើរមកប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២ ខែធ្នូ ដើម្បីប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពានរង្វាន់ ASEAN Club Championship វគ្គសន្សំពិន្ទុក្នុងពូល។

វាជាជំនួបគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកគាំទ្រកម្ពុជា ដោយសារ Johor ជាក្រុមខ្លាំង និងជោគជ័យបំផុតប្រចាំប្រទេសម៉ាឡេស៊ី ហើយមានកម្រិតគុណភាពលេងពានរង្វាន់កម្រិតទី១ប្រចាំតំបន់អាស៊ី។ ចំណែក ព្រះខ័នរាជស្វាយរៀង ជាក្រុមដ៏ជោគជ័យមួយនៅកម្ពុជា ហើយកំពុងប្រកួតពានរង្វាន់កម្រិតទី៣ ប្រចាំតំបន់អាស៊ី។

ក្រុម Johor Darul Ta’zim មានអាយុកាលជាងកន្លះសតវត្សមកហើយ បន្ទាប់ពីត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧២។ ក្លិបមួយនេះមានព្រះនាង Tanku Iskandariah ជាប្រធានដែលជាម្ចាស់ជាបុត្រីព្រះអង្គម្ចាស់ Sultan Ibrahim Isandar និងមហេសី Raja Zarith Idris Shah។ ដោយសារម្ចាស់ក្លិបមានធនធានច្រើន ក្លិបហ៊ានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍក្លិបទាំងហេដ្ឋារចនាសម្ព័ន្ធ គ្រូបង្វឹក កីឡាករ និងថ្នាលយុវជន។
កីឡាករបរទេសលំដាប់ទ្វីបអាស៊ី និងពិភពលោកជាច្រើនត្រូវបានក្លិបអ្នកមានម៉ាឡេស៊ីនាំចូលដើម្បីពង្រឹងសមត្ថភាព។ ជាលទ្ធផលគ្មានក្រុមណាអាចយកជើងឯកលីគកំពូលម៉ាឡេស៊ីពីពួកគេបានឡើយពោលក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយពោលគឺក្រុម Johor Darul Ta’zim បានឈ្នះ ១១ លើកជាប់គ្នាគិតចាប់ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០២៥។

ពានរង្វាន់ក្នុងស្រុកផ្សេងៗទៀត គឺក្រុម Johor Darul Ta’zim បានឈ្នះជើងឯក Malaysia Premier League ១ លើក ពាន Malaysia FAM League ២លើក ពាន Malaysia Cup ៥ លើក ពាន Malaysia FA Cup ៤ លើក និងពាន Piala Sumbangsih ១០លើក។ ជាមួយគ្នានេះ ពួកគេធ្លាប់ឈ្នះពានអន្តរជាតិ ១ លើកគឺ AFC Cup កាលពីឆ្នាំ ២០១៥។ បច្ចុប្បន្ន ពួកគេកំពុងប្រកួតពានរង្វាន់កម្រិតទី១ប្រចាំតំបន់អាស៊ីគឺ AFC Champions League Elite។

បើប្រៀបធៀបគ្នា ព្រះខ័នរាជស្វាយរៀង មានអាយុកាល បទពិសោធ និងគុណភាពទាបជាងក្រុម Johor Darul Ta’zim លើឆាកអន្តរជាតិ ប៉ុន្តែជាក្រុមកំពុងអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍នៅកម្ពុជា។ ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៧ ដែលមានអាយុកាល ២៨ឆ្នាំ។
ក្រោមការដឹកនាំរបស់ឯកឧត្តម ឌី វិជ្ជា ជាប្រធានក្លិប ព្រះខ័នរាជស្វាយរៀង បានរីកចម្រើនយ៉ាងឆាប់រហ័សដើម្បីក្លាយជាក្រុមដ៏ធំមួយនៅប្រទេសកម្ពុជា។ ជាសមិទ្ធផល ក្រុមបានឈ្នះជើងឯកលីគកំពូលកម្ពុជា ៤ លើក និងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៥ លើក។ ជាពិសេស ពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ដោយទទួលបានចំណាត់ថ្នាក់លេខ ២ នៅរដូវកាល ២០២៤-២៥។

ប៉ុន្មានរដូវកាលចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យពិភពខាងក្រៅចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍខ្លួនឈានដល់កម្រិតអន្តរជាតិ។ ទាំងផ្នែកធនធានថ្នាក់ដឹកនាំ កីឡាករ ថ្នាលយុវជន និងហេដ្ឋារចនាសម្ព័ន្ធ។ ជាក្រុមដែលមានកីឡាករក្នុងស្រុកល្អៗ និងកីឡាករបរទេសល្អៗដែលផ្តល់ឲ្យមានកម្រិតគុណភាពខ្ពស់ដើម្បីប្រកួតប្រជែងជាមួយក្រុមនៅក្នុងតំបន់ និងទ្វីប។
ជារួម ជំនួបរវាងក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង និងក្រុមយក្សម៉ាឡេស៊ី Johor Darul Ta’zim វេលាម៉ោង ៧ យប់ ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ដែលផ្សាយផ្ទាល់តាមទូរទស្សន៍ BTV និងផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍អន្តរជាតិ Astro Sports គឺការប្រកួតគួរឲ្យចាប់អារម្មណ៍បំផុត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


