កីឡា
កម្ពុជា ដកខ្លួនពីការប្រកួតកីឡាស៊ីហ្គេម នៅថៃជាលើកទី២ ក្រោយលើកទី១ឆ្នាំ ១៩៥៩
ការដកខ្លួនរបស់កម្ពុជាចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ ២០២៥ នៅប្រទេសថៃ គឺជាការដកខ្លួនជាលើកទី២ ពីព្រឹត្តិការណ៍កីឡាស៊ាននៅប្រទេសថៃដដែល និងក្រោមហេតុផលសុវត្ថិភាពរបស់ប្រតិភូកីឡាកម្ពុជាដដែល។

លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានធ្វើពហិការពីការចូលរួមប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ( SEAP Games ដែលបច្ចុប្បន្នប្តូរមកជា SEA Games វិញ) លើកទី១ ឆ្នាំ១៩៥៩ នៅក្រុងបាងកក ប្រទេសថៃ ក្រោមមូលហេតុពីការព្រួយបារម្មសុវត្ថិភាពរបស់ ប្រតិភូកីឡាកម្ពុជាដែលពេលនោះមានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លើការទាមទារប្រាសាទព្រះវិហារ។
នៅឆ្នាំ ២០២៥ កម្ពុជា បានសម្រេចដកខ្លួនចេញពី ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ទៀត ដោយសារបារម្ភពីសុវត្ថិភាពរបស់ប្រតិភូ និងអត្តពលិក ខណៈជម្លោះព្រំដែនកំពុងមានសង្គ្រាមកាន់តែអាក្រក់។

លោក ថោង ខុន បានបញ្ជាក់ថា ការដកខ្លួនរបស់កម្ពុជាមិនខុសនឹងច្បាប់ និងគោលការណ៍កីឡាអាស៊ាន កីឡាអូឡាំពិកអាស៊ី ឬអូឡាំពិកអន្តរជាតិឡើយគឺ គឺស្របតាមគោលនយោបាយ ការការពារអត្តពលិករបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC Athlete Safeguarding Policy) ដែលធានាការពារសុវត្ថិភាព អត្តពលិក ទាំងផ្នែករាងកាយ អារម្មណ៍ និងផ្លូវចិត្តក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិ ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាសមាជិកមួយនៃ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្នុងចំណោមសមាជិកទាំង ១១ ប្រទេស។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើសកម្មភាពដើម្បីចលនាអូឡាំពិក ដោយមានកិច្ចសហការ ជាមួយសហព័ន្ធកីឡាជាតិ និង ក្រសួងអប់រំ យុវជន និង កីឡា ប៉ុន្តែត្រូវស្ថិតក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ពី NOCC ជាគណៈកម្មាធិការមួយរបស់ជាតិ។

កីឡាស៊ីហ្គេមជាបុព្វសិទ្ធរបស់ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ មិនមែនជាបុព្វសិទ្ធរបស់ម្ចាស់ផ្ទះនោះទេ ប៉ុន្តែក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ត្រូវសហការសុំការគាំទ្រពីម្ចាស់ផ្ទះក្នុងពិធីបើក-បិទ បដិសណ្ឋារកិច្ច ស្នាក់នៅ ហូបចុក ដឹកជញ្ជូន សន្តិសុខសុវត្ថិភាពជូនដល់ ប្រតិភូ និង អត្តពលិក ដោយភាពស្មើៗគ្នាមិនរើសអើងប្រទេសតូច ឬ ធំ ឬ ជាតិសាសន៍នោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានបំពេញតួនាទី និងភារកិច្ចដ៏ល្អប្រពៃណាស់ ក្នុងការគាំទ្រដល់ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងចលនាកីឡាអូឡាំពិក ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាសមាជិកអាស៊ាន ក្នុងការរៀបចំ កីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ការទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ទោះបីក្នុងចំនួនតិច ប៉ុន្តែបានបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួចទៅហើយ។ ពិសេសការរួមប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងការចូលរួមក្នុងពិធី បង្ហូតទង់ជាតិរបស់ប្រទេសជាសមាជិក ហើយក៏បានចូលរួមក្នុងពីធីបើកព្រឹត្តិការណ៍នេះហើយដែរ។ ដូច្នេះក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក្តី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងស្ថាប័នកីឡាអូឡាំពិកដទៃទៀតក្តី ក៏មិនអាចរិះគន់ ឬចោទប្រកាន់លើការសម្រេចចិត្តក្នុងការដកប្រតិភូ និង អត្តពលិក មកវិញរបស់កម្ពុជានោះទេ ព្រោះកាតព្វកិច្ចយើងបានបំពេញរួចរាល់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


