កីឡា
លោក កាំង សេន រត់ជិត ៦ ម៉ោង ទើបដល់គោលដៅ ទទួលបានការសរសើរយ៉ាងខ្លាំង
មហាជន ជាពិសេសអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា បានកោតសរសើរចំពោះលោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ដែលបានចំណាយកម្លាំងកាយចិត្តរត់រាប់ម៉ោងតាមការសន្យា។

មុនការប្រកួត លោក កាំង សេន បានបង្ហោះសារជាសាធារណៈថា ប្រសិនបើ ក្រុមអាយអេសអាយ ដង្កោសែនជ័យ របស់លោក ចាញ់ ព្រះខ័នរាជស្វាយរៀង លោក នឹងរត់ចេញពីពហុកីឡដ្ឋានជាតិមរតកតេជោ មកកាន់កីឡដ្ឋាន ISI Park។
ការប្រកួតកាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ទើរតែបញ្ចប់ដោយលទ្ធផលស្មើគ្នាទៅ ប៉ុន្តែនៅចុងម៉ោង ៩០+៩ ខ្សែបម្រើការពារ Odawara ស៊ុតចូលគ្រាប់ដើម្បីឲ្យម្ចាស់ផ្ទះទទួលបានជ័យជម្នះដោយលទ្ធផល ១-០។

ក្រោយចប់ការប្រកួតវេលាម៉ោងជាង ៨ យប់ លោក កាំង សេន បានគោរពតាមការសន្យារបស់ខ្លួនដោយបានចាប់ផ្តើមរត់ចេញពីពហុកីឡដ្ឋានជាតិ មករតតេជោ មកតាមមហាវិថីឈ្នះឈ្នះឆ្លងកាត់ស្ពានព្រែកព្នៅ ឆ្ពោះទៅកាន់កីឡដ្ឋានភ្នំពេញក្រោន និងបន្តដំណើរទៅកីឡដ្ឋាន ISI Park ដែលជាទីលានរបស់លោក។
ផែនទីបានបង្ហាញថា លោកត្រូវចំណាយពេលជាង ៥ ម៉ោង លើចម្ងាយផ្លូវជិត ៣០គីឡូម៉ែត្រ ហើយទីបំផុតលោកបានសម្រេចគោលដៅវេលាម៉ោងជាង ១ យប់អាធ្រាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៦។ ការចំណាយពេលជិត ៦ ម៉ោងនេះគឺលោក បានរត់ចូលទៅកីឡដ្ឋាន ភ្នំពេញក្រោន ហើយនៅតាមផ្លូវការក៏មានថ្នាក់ដឹកនាំក្លិប ព្រះខ័នរាជស្វាយរៀង និងបឹងកេត បានទៅជួបស្វាគមន៍ និងលើកទឹកចិត្ត ព្រមទាំងដើរ-រត់អមដំណើរផងដែរ។

ការលះបង់កម្លាំងកាយចិត្តដ៏ធំធេងមិនធ្លាប់មាននេះទទួលបានការគោរព សរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងពីមហាជន ជាពិសេសអ្នកគាំទ្រ កីឡាករ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនឹងកីឡាបាល់ទាត់។
លោក កាំង សេន ត្រូវបានមហាជនដឹងពីការចំណាយធនធានយ៉ាងច្រើនដើម្បីបង្កើតក្រុមបាល់ទាត់ផ្ទាល់ខ្លួន និងរៀបចំកម្មវិធីប្រកួតពាក់កណ្តាលអាជីពជាច្រើនឆ្នាំ មុនពេលលោកសម្រេចបង្កើតជាក្រុមអាជីពដើម្បីលេងក្នុងលីគបាល់ទាត់កំពូលកម្ពុជា។ លោកក៏បានកសាងកីឡដ្ឋានបាល់ទាត់ផ្ទាល់ខ្លួនថែម។ ទាំងនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យបាល់ទាត់កម្ពុជា។

មិនត្រឹមតែចំណាយថវិកា និងធនធានយ៉ាងច្រើនជារៀលរាល់ឆ្នាំប៉ុណ្ណោះទេ មួយរយៈពេលចុងក្រោយនេះ លោក កាំង សេន បានលះបង់កម្លាំងកាយចិត្តដើម្បីជួយជំរុញលើកទឹកចិត្ត និងបំផុសស្មារតីឲ្យស្រឡាញ់បាល់ទាត់ថែមទៀតផង។ ការរត់កាលពីយប់មិញអាចចាត់ទុកជាលើកទី២ បន្ទាប់ពីលោកបានដោះអាវរត់ជុំវិញទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយពេលក្រុមរបស់លោកចាញ់ បឹងកេត។ មិនត្រឹមតែប៉ុណ្ណោះ លោកអាចជាប្រធានក្លិបបាល់ទាត់តែម្នាក់គត់ក្នុងលោកដែលបន្តលេងបាល់ទាត់អាជីព និងរកបានគ្រាប់បាល់ថែមទៀតផង៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


