កីឡា
សាលាបាល់ទាត់បាទី កែប្រែលក្ខន្តិកៈជ្រើសរើសយុវជន ក្រោយមិនសូវជោគជ័យ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកែប្រែលក្ខន្តិកៈនៃការជ្រើសរើសយុវជនដើម្បីចូលជំរំហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ បន្ទាប់ពីប៉ុន្មានវគ្គកន្លងមកនេះចំណាយច្រើន ប៉ុន្តែមិនសូវទទួលបានលទ្ធផលល្អ។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២៦-២០៣០ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ថា ចាប់ពីពេលនេះទៅ ការជ្រើសរើសយុវជនឲ្យចូលហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី គឺ ត្រូវកំណត់ជ្រើសរើសត្រឹមអាយុ ១២ ឆ្នាំ ពីព្រោះការកំណត់អាយុជ្រើសរើសកន្លងមកមិនសូវទទួលបានលទ្ធផលល្អ។
សម្រាប់ការបណ្តុះបណ្តាលយុវជនមួយៗវគ្គមានរយៈពេល ៤ ឆ្នាំ សហព័ន្ធបានចំណាយថវិកាទាំងការបណ្តុះបណ្តាលបាល់ទាត់ និងសិក្សាចំណេះដឹងទូទៅរហូតចប់ថ្នាក់ទី១២ អស់ប្រមាណជាង ១ លានដុល្លារអាមេរិកក្នុងមួយវគ្គៗ ប៉ុន្តែលទ្ធផលមិនសូវទទួលបានល្អប្រសើរ។

លោកមានប្រសាសន៍ថា ៖«ចាប់ពីពេលនេះទៅ យើងកំណត់ជ្រើសរើសយុវជនត្រឹមអាយុ ១២ ឆ្នាំ ពីព្រោះយើងត្រូវបង្វឹកតាំងពីតូចៗ ហើយត្រូវគោរពតាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលបានឧបត្ថម្ភដល់ការបណ្តុះបណ្តាលថ្នាលយុវជនទាំង ២៥ ខេត្ត-ក្រុងនៅកម្ពុជា។ ដោយសារយើងមិនសូវទទួលបានលទ្ធផលល្អក្នុងការបណ្តុះបណ្តាលចាប់ពីអាយុច្រើន ទើបយើងសម្រេចជ្រើសរើសត្រឹមអាយុ ១២ ឆ្នាំ និងបង្កើតឲ្យមានសាលាមត្តេយ្យបាល់ទាត់ថែមទៀត»។

សាលាបាល់ទាត់ជាតិបាទី ត្រូវបានបង្កើតឡើងជាច្រើនឆ្នាំមកហើយដោយជ្រើសរើសកីឡាករវ័យក្មេងអាយុ ១៥ ឆ្នាំ និងអាយុ ១៨ឆ្នាំ។ កីឡាករជាច្រើននាក់បានបញ្ចប់ការបណ្តុះបណ្តាលនៅទីនោះមានដូច កីឡាករ សៀង ចន្ធា, សេត ម៉ាន់ស៊ូត, ហេង ទីណា, រ័ត្ន ប៊ុននូ, ហ៊ុល គឹមហ៊ុយ, សឿត ណាវ៉ា, គង់ ពីលត់, ផុន តៃនិញ, ឡុង ម៉េងហាវ, ទូច គឹមឆាយ, អាត អូនតូច, ទៀត គឹមហេង, ផាច សុជាវីឡា, ឈឿង វិស៊ីនុ, លន ថេន សៀន សុភក្ត្រា និងកីឡាករមួយចំនួនទៀតដែលចេញមកមិនបានចូលរួមជាក្លិបអាជីព។ ក្នុងចំណោមកីឡាករទាំងនោះ សៀង ចន្ធា ជាកីឡាករលេចធ្លោជាងគេ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


