កីឡា
៤ រឿងសំខាន់ត្រូវដឹង មុនប៉ះគ្នា រវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង
ជំនួបដ៏ជក់ចិត្តរវាងក្លិបបាល់ទាត់កម្ពុជាពីរប៉ះគ្នាសម្រាប់ពានរង្វាន់អន្តរជាតិនឹងមកដល់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះនៅពេល ភ្នំពេញក្រោន ត្រូវតទល់នឹង ព្រះខ័នរាជស្វាយរៀង ជើងទី១ វគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ មុនជំនួបធំឈានចូលមកដល់ សូមលើកយកប្រវត្តិសាស្ត្រសំខាន់ចំនួន ៤ សម្រាប់ក្រុមទាំងពីរ។

ក្រុមកម្ពុជា ២ ប៉ះគ្នាលើកដំបូងពានអន្តរជាតិ
នេះជាលើកដំបូងដែលកម្ពុជាមានក្រុម ២ ប៉ះគ្នាក្នុងពានរង្វាន់ទ្វីបអាស៊ី។ កន្លងមក កម្ពុជាមិនធ្លាប់មានក្រុមពីរប៉ះគ្នាលើឆាកអន្តរជាតិបែបនេះទេ។ កម្ពុជា ធ្លាប់មាន ក្រុម ២ ប្រកួតក្នុងពានរង្វាន់អាស៊ី ក្នុងរដូវកាលតែមួយដែរដូចជានៅឆ្នាំ ២០១៧ ភ្នំពេញក្រោន និង បឹងកេត បានប្រកួតក្នុងវគ្គជម្រុះបឋមពាន AFC Cup ដែលឥឡូវឈ្មោះ AFC Champions League Two។ ពេលនោះ បឹងកេត បានឡើងវគ្គចែកពូល ខណៈ ភ្នំពេញក្រោន បានធ្លាក់ក្នុងវគ្គជម្រុះ។ ឆ្នាំ ២០២១ កម្ពុជា មានក្រុម ២ ទៀតបានប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពាន AFC Cup គឺ បឹងកេត និង វិសាខា ប៉ុន្តែត្រូវបានលុបចោលដោយសារ វិបត្តិកូវីដ-១៩។

ចំណែកពានរង្វាន់កម្រិតទី៣ AFC President’s Cup ដែលឥឡូវឈ្មោះ AFC Challenge Leauge កម្ពុជាមិនធ្លាប់មានក្រុម ២ ប្រកួតក្នុងរដូវកាលតែមួយឡើយ។ នៅរដូវកាល ២០២៥-២៦ នេះទើប កម្ពុជាមាន ២ ក្រុមប្រកួតក្នុងមួយរដូវកាល។ ឥឡូវនេះ ក្រុមកម្ពុជាទាំងពីរបានដល់វគ្គ ៨ ក្រុមចុងក្រោយ និងត្រូវប៉ះគ្នាថែមទៀតផង។
ជំនួបទាំងពីរជើងធ្វើនៅទឹកដីកម្ពុជា
វាពិតជាពិសេសចំពោះការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ AFC Challenge Leauge សម្រាប់ក្រុមកម្ពុជាដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសឡើយ។ ការប្រកួតជើងទី១ នាថ្ងៃទី៥ ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងជើងទី២ ថ្ងៃទី១២ ខែមីនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតពានរង្វាន់អន្តរជាតិរបស់ក្រុមខ្លាំងពីរប៉ះគ្នានៅលើទឹកដីរបស់ខ្លួនទាំងពីរគឺមានអ្នកគាំទ្រច្រើនរៀងៗខ្លួន ដូច្នេះច្បាស់ណាស់នឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនាការប្រកួតនីមួយៗ។
ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ធ្លាប់ជាជើងឯករងដូចគ្នា
ក្លិបតំណាងកម្ពុជាទាំងពីរសុទ្ធតែធ្លាប់បានទទួលចំណាត់ថ្នាក់លេខ ២ ដូចគ្នាក្នុងពានរង្វាន់អាស៊ីកម្រិតទី ៣ នេះ។ ភ្នំពេញក្រោន ក្នុងនាមជាក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ ២០១០ បានចូលរួមប្រកួតពាន AFC President’s Cup ដែលប្តូរឈ្មោះជា AFC Challenge League ឆ្នាំ ២០១១។ នៅវគ្គសន្សំពិន្ទុក្នុងពូល ភ្នំពេញក្រោន បានឈ្នះ ២ និងចាញ់ ១ ឈរលេខ ២ បានឡើងទៅជុំចុងក្រោយ។

នៅជុំចុងក្រោយ ភ្នំពេញក្រោន បានឈ្នះ ២ ប្រកួត ឈរលេខ ១ ក្នុងពូល ហើយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ក្រុមរបស់តៃវ៉ាន់ Taiwan Power ដោយលទ្ធផល ២-៣ ដើម្បីក្លាយជាក្រុមរបស់កម្ពុជាដំបូងគេទទួលបានចំណាត់ថ្នាក់លេខ ២។
បន្ទាប់មក ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមរបស់កម្ពុជាទី ២ ដែលទទួលបានចំណាត់ថ្នាក់លេខ ២ ។ ក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ ព្រះខ័នរាជស្វាយរៀង បានចូលរួមប្រកួត AFC Challenge League នៅវគ្គសន្សំពិន្ទុក្នុងពូល រដូវកាល ២០២៤-២៥។ ពួកគេបានឈ្នះ ១ និងចាញ់ ១ ក្នុងពូល ហើយបានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ដើម្បីឈ្នះក្រុមរបស់មីយ៉ាន់ម៉ា Shan United ទាំងពីរជើង ៧-៤។

ព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុមរបស់ឥណ្ឌូណេស៊ី Maduara United ទាំង ២ ជើងដោយលទ្ធផល ៦-៣ ហើយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ព្រះខ័នរាជស្វាយរៀង បានធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយបានចាញ់ក្រុម Arkadag ក្នុងលទ្ធផល ១-២ ដែលធ្វើឲ្យទទួលបានចំណាត់ថ្នាក់លេខ ២។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិសម្រាប់កម្ពុជា
កម្ពុជានឹងមានមួយក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិក្នុងពានរង្វាន់ AFC Challenge League នៅរដូវកាលនេះ ដោយសារក្រុមរបស់កម្ពុជាទាំងពីរបានជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ។ ប្រការនេះមានន័យថា រវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង នឹងមានមួយធ្លាក់ និងមានមួយឡើង ដូច្នេះក្រុមណាឡើងក៏សុទ្ធតែជាក្រុមរបស់កម្ពុជា៕

អត្ថបទ៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


