Connect with us

កីឡា

ឡាង​ រាសីកែវ​ ការ​ឈ្នះ​វិសាខា​ និង​ស្នងការ​ស្វាយរៀង​ ដូច​ជា​ការ​យល់សុបិន​នៅ​ពាន​សម្ដេច​ក្រឡាហោម​

បានផុស

នៅ

ដៃប៉ះសេ​របស់​ក្រុម​បាល់ទះ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ ឡាង​ រីសីកែវ​ ថា​ការ​យក​ឈ្នះ​លើ​ក្រុម​ធំ​ស្នងការខេត្ត​ស្វាយរៀង​ និង​វិសាខា​ គឺ​ហាក់​ដូច​ជា​ការ​យល់សុបិន​ និង​សឹង​មិន​ចង់​ជឿ​ចំពោះ​ក្រុម​ខ្លួន​ឯង​នៅ​ក្នុង​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ដែល​ទើប​បញ្ចប់​ទៅ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ឡាង​ រាសីកែវ​

កីឡាករ​ ឡាង​ រាសីកែវ​ បាន​ឲ្យ​ដឹង​ថា​ រំលឹក​ទៅ​ជ័យជម្នះ​លើ​ក្រុម​ធំៗ​ក្នុង​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ថ្មីៗ​នេះ​គឺ​ហាក់​មិន​ចង់​ជឿង​ ឬ​ដូច​ជា​ការ​យល់សុបិន​អីចឹង។​ គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​ក្រុម​វិសាខា​ជា​ក្រុម​ធំ​ និង​ស្នងការស្វាយរៀង​មាន​កីឡាករ​ល្អៗ​ពោពេញ​ដោយ​បទ​ពិសោធ​ទៅ​ទៀត។​

កីឡាករ​ ឡាង​ រាសីកែវ​

ដៃ​ប៉ះ​សេ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រោយ​បញ្ចប់​ភ្លាមៗ​នោះ​រូប​គេ​ហាក់​ឆ្ងល់​ចំពោះ​ខ្លួន​ឯង​ និង​ក្រុម​មិន​នឹក​ស្មាន​ថា​អាច​យក​ឈ្នះ​លើ​ស្នងការ​ស្វាយរៀង​ និង​វិសាខា​ ដោយ​ស្រួលៗ​បែប​នេះ​នោះ​ទេ។​ រូប​គេ​ធ្លាប់​គិត​ថា​ឈ្នះ​ដែរ​តែ​បែប​តានតឹង​ជា​មិន​ខាន។​ យ៉ាងណា​សមិទ្ធផល​ និង​សមត្ថភាព​ដែល​កើន​ឡើង​នេះ​ក៏​ដោយ​សារ​តែ​ក្រុម​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ហ្វឹកហាត់​ដិតដល់​ និង​មាន​សន្ទុះ​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ទើប​អាច​យក​ឈ្នះ​លើ​ក្រុម​ធំៗងាយ​ស្រួល​​បែប​នេះ​ទៅ​បាន។​

ឡាង​ រាសីកែវ​ និង​ HERRERA

បញ្ជាក់​ដែរ​ថា​ ឡាង​ រាសីកែវ​ ជា​ដៃប៉ះ​សេ​របស់​ក្រុម​បាល់ទះ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ។​ រូប​គេ​ និង​មិត្ត​រួម​ក្រុម​ទើប​តែ​ដណ្ដើម​បាន​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ឆ្នាំ​២០២៦​ ជូន​ក្លឹប​ផង​ដែរ។​ អ្នក​គាំទ្រក្នុង​មជ្ឈដ្ឋាន​បាល់ទះ​កាន់​តែ​ភ្ញាក់ផ្អើល​នោះ​គឺ​លទ្ធផល​ឈ្នះ​លើ​ក្រុម​ធំៗ​មុន​លើក​ពាន​របស់​ក្រុម​ស្នងការ​រាជធានីភ្នំពេញ​នេះ​តែ​ម្ដង។​ ឈ្នះ​ខាង​ត្បូងឃ្មុំ​ ៣-០​ វគ្គ​១៦​ក្រុម​ ឈ្នះ​ស្វាយរៀង​ ៣-០​ វគ្គ​៨កុ្រម​ ឈ្នះ​វិសាខា​ ៣-០​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ឈ្នះ​កោះកុង​ ៣-០​ វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​ ៤ប្រកួត​ចុងក្រោយ​នេះ​ក្រុម​ស្នងការ​បិទ​មិន​ឲ្យ​ដៃគូ​តដៃ​បាន​នោះ​ឡើយ​រហូត​លើក​ពាន​កាល​ពី​ថ្ងៃ​ទី១​ ខែ​មិនា​ ឆ្នាំ​២០២៦​ នេះ​តែ​ម្ដង៕​ ​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម