កីឡាករ ធារី ចន្ថាប៊ីន ជាកីឡាកររបស់កម្ពុជា តែម្នាក់គត់ ដែលមានឈ្មោះប្រកបអាជីពបាល់ទាត់នៅក្រៅប្រទេស បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ លាអ្នកគាំទ្រខ្លួន ក្រោយបញ្ចប់បេសកកម្មជាមួយក្រុម Perak FA ក្នុងលីគកំពូលម៉ាឡេស៊ី Malaysia Super League ក្នុងឆ្នាំ២០២០។
«ជម្រាបលាគ្រួសារ Perak ! សូមអរគុណដល់មិត្តរួមក្រុមទាំងអស់ ក្រុមការងារគ្រូបង្វឹកនិងអ្នកគាំទ្រ ដែលបានជួយខ្ញុំគ្រប់យ៉ាង។ សង្ឃឹមថាគ្រប់គ្នានឹងជួបតែសំណាងល្អ និងជោគជ័យ នៅថ្ងៃខាងមុខ»។ នេះជាសំណេររបស់កីឡាករ ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ទៅកាន់ក្លឹបបាល់ទាត់ Perak FA ក្រោយរូបគេបានចប់កិច្ចសន្យាត្រឹម១រដូវកាលជាមួយក្លឹប ខណៈខ្លួនជាកីឡាករកូតាអាស៊ានរបស់ក្លឹបមួយនេះ ប្រចាំលីគកំពូលម៉ាឡេស៊ី។
ពេញ១រដូវកាលឆ្នាំ២០២០ ជាមួយក្រុម Perak FA កីឡាករ ធារី ចន្ថាប៊ីន បានជួយក្រុមរបស់ខ្លួន ឈ្នះជើងឯកពានបើករដូវកាល Unity Shield និងឈរចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្រុមទាំង១២ប្រចាំលីគកំពូលម៉ាឡេស៊ី ខណៈរូបគេរកបានគ្រាប់បាល់១គ្រាប់ក្នុងនាមជាខ្សែបម្រើ។ ចំណែកពានរង្វាន់ 2020 Malaysia Cup និងពានរង្វាន់2020 Malaysia FA Cup ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី សម្រេចរំសាយចោលវិញ ដោយសារបញ្ហាកូវីដ១៩។