Connect with us

កីឡា

ម្ចាស់​​មេដាយ​​មាស​​២​​គ្រឿង​ ប្រាក់​​១​​គ្រឿង​ វុិត ចន្ថា «កត្តា​​សំខាន់​ឲ្យ​​ជោគជ័យ​​គឺឆន្ទៈ»

បានផុស

នៅ

កីឡាការិនី​អត្តពលកម្ម​​ជន​មាន​ពិការ​ភាព​កម្ពុជា វ៉ិត ចន្ថា​ បាន​ឈ្នះ​មេដាយ​៣​គ្រឿងគឺ​មាស​២ និង​ប្រាក់​១​ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា កន្លង​ទៅ​នេះ។

វ៉ិត ចន្ថា ជា​ម្ចាស់​មេដាយ​មាស​២​គ្រឿង​ក្នុង​ចំណោម​មាស​៧​គ្រឿង​ដែល​អត្តពលិក​ជន​មាន​ពិការភាព​កម្ពុជា​ទទួល​បាន​ពី​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១​នេះ និង​បាន​ក្លាយ​ជា​កីឡាការិនី​កម្ពុជា​ដំបូង​គេ​បង្អស់​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​ឈ្នះ​មេដាយ​មាស​ដល់​​ទៅ​២​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​​អន្តរជាតិ​តែ​មួយ​​នេះ។

កីឡាការិនី វ៉ិត ចន្ថា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​មោទនៈ និង​មហា​កិត្តិយស​ក្នុង​ការ​នាំ​ទង់​ជាតិ​កម្ពុជា​បង្ហូត​លើ​ឆាក​អន្តរជាតិ​នេះ វ៉ិត ចន្ថា បាន​​ប្រឹង​ប្រែង លះ​បង់ និង​តស៊ូ​ជម្នះ​ក្តី​លំបាក​គ្រប់​បែប​យ៉ាង​ជា​ច្រើន​ឆ្នាំ​មុន​ហើយ​។ វ៉ិច ចន្ថា បាន​ប្រាប់​ថា ៖«​ខ្ញុំ​​​ប្រឹង​ប្រែង​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ថ្ងៃ​ដែល​ទន្ទឹងរង់​ចាំ​គឺ​បាន​មក​ដល់ ហើយ​ទទួល​បាន​ជោគ​ជ័យ​។ ឈ្នះ​មេដាយ​មាស​២​គ្រឿង និង​ប្រាក់​១​គ្រឿង»។

កីឡាការិនី​រូប​នេះ​បន្ត​ថា ៖«ខ្ញុំ​រំភើប​​ណាស់​ដែល​បាន​នាំ​យក​ទង់​ជាតិ​កម្ពុជា​បង្ហូត​លើ​ឆាក​អន្តរជាតិ​ឲ្យ​ប្រទេស​ដទៃ​បាន​ឃើញ និង​បញ្ជាក់​ថា ខ្មែរ​ក៏​មាន​សមត្ថភាព។ ខ្មែរ​ក៏​អាច​ធ្វើ​បាន។ ការ​ហ្វឹក​ហាត់​របស់​ខ្ញុំ​មិន​ថា ​ពេល​ព្រឹក​ ថ្ងៃត្រង់ ថ្ងៃ​រសៀល ថ្ងៃ​ក្តៅ​​យ៉ាង​ណា​ទេ គឺ​ខ្ញុំ​ហ្វឹក​ហាត់​ជា​និច្ច​។ ​ខ្ញុំ​ចង​ចាំ​ពាក្យ​មួយ​ឃ្លា​របស់​សម្តេច​តេជោ​ថា ខ្មែរ​ធ្វើ​បាន»។

ម្ចាស់​មេដាយ​៣​គ្រឿង​លើក​ឡើង​ថា ក្នុង​នាម​ជា​កីឡាករ កីឡាការិនីត្រូវ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ហ្វឹក​ហាត់ និង​ប្រកួត​ប្រជែង ហើយ​មិន​ត្រូវ​ខ្លាច​ពាក្យ​ថា លំបាក។ «​ខ្ញុំ​​ចង់​ប្រាប់​ដល់​​បង​ប្អូន​​ មិន​ថា ជន​ពិការ ឬ​មិន​ពិការ​ទេ សំខាន់​គឺ​ឆន្ទៈ​របស់​យើង។ បើ​ចិត្ត​យើង​ប្តេជ្ញា​​ថា យើង​​​ធ្វើ​បាន​ យើង​នឹង​ខំ​ប្រឹង​ប្រែង​ ​តស៊ូ លះ​បង់ ​ក្នុង​ការ​ហ្វឹក​ហាត់។ មិន​ចាំ​បាច់​តែ​ម៉ោង​ពេល​លោក​គ្រូ​ដាក់​ឲ្យ​ហាត់​ទេគឺ​យើង​ហាត់​ឲ្យ​បាន​ច្រើន​ជាង​គ្រូ។ បើ​គ្រូ​ដាក់​កម្រិត​ឲ្យ​ហាត់​ត្រឹម​១០ យើង​ត្រូវ​ហាត់​ឲ្យ​ដល់​២០។ គ្រូ​ឈប់​បង្ហាត់ យើង​ត្រូវ​តែ​បន្ត​ហាត់​»។

សូម​បញ្ជាក់​ថា កីឡាការិនី វ៉ិត ចន្ថា បាន​ឈ្នះ​មេដាយ​មាស២​​គ្រឿង​គឺ​​លើ​វិញ្ញាសា​លោត​ចម្ងាយ និង​វិញ្ញាសា​រត់​ចម្ងាយ ៤០០​ម៉ែត្រ ព្រម​ទាំង​មេដាយ​ប្រាក់​រត់​ចម្ងាយ​២០០​ម៉ែត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម