Connect with us

កីឡា

ចំណង​ស្នេហ៍​កីឡា​ការិនី​អត្តពលកម្ម​ កាន់​ ស្រីរ័ត្ន​ ជា​មួយ​គូ​ដណ្ដឹង​ជា​អ្នក​ប្រដាល់​កើក​ចេញ​ពី​ស្តាត​មរកតេជោ

បានផុស

នៅ

កីឡាការិនី​ឆ្នើម​លើ​ប្រភេទ​កីឡា​អត្តពលកម្ម​ កាន់​ ស្រីរ័ត្ន​ និង​គូ​ដណ្ដឹង​នឹង​ចូល​រោង​ការ​នៅ​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ​ហើយ​នៅ​ភូមិព្រៃកឹក ឃុំ​ប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត​ ខណៈ​ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរ​ផ្ដើម​ចេញ​ពី​កម្មវិធី​នៅ​ស្តាត​មរតកតេជោ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រីរ័ត្ន និង​គូដណ្ដឹង

កីឡា​ការិនី​ កាន់​ ស្រីរ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ គូ​ដណ្ដឹង​របស់​ខ្លួន​មាន​ឈ្មោះ​​ យិប ឌុក​ ឬ​ឈ្មោះ​ប្រដាល់​ហៅ​ថា​ ឃីម​ យីឡុង។​ អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​អំឡុង​ឆ្នាំ​២០១៩​ ខណៈ​ពេល​ដែល​បាន​ចូលរួម​ពិធី​បំពាក់​កៅអី​ក្នុង​ពហុ​កីឡដ្ឋាន​មរតកតេជោ​ជា​មួយ​គ្នា​មក​​ម្ល៉េះ។​

ស្រីរ័ត្ន និង​គូដណ្ដឹង

ម្ចាស់​មេដាយ​ម៉ារ៉ាតុង​ជា​ច្រើន​គ្រឿង​ខាង​លើ​នេះ​បន្ថែមទៀត​ថា​ គូ​ដណ្ដឹង​​បាន​ចាប់​អារម្មណ៍​ និង​តាមដាន​ខ្លួន​យូរ​ដែរ​ហើយ​នៅ​អំឡុង​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ឯ​ពហុ​កីឡដ្ឋាន​មរកតេជោ​ និង​ទើប​មាន​ឱកាស​ស្គាល់​គ្នា​ដោយ​បាន​អង្គុយ​កៅអី​ក្បែរ​គ្នា​អំឡុង​ពិធី​បំពាក់​កៅអី​ស្តាត​នោះ​រហូត​ដល់​ក្លាយ​ជា​គូ​ដណ្ដឹង​តែ​ម្ដង។​

ស្រីរ័ត្ន និង​គូដណ្ដឹង

ស្រីរ័ត្ន លើក​ឡើង​ទៀត​ថា​ បន្ទាប់​ពី​រៀបការ​ហើយ​ខ្លួន​ និង​ស្វាមី​ មិន​ទាន់​មាន​គម្រោង​ការងារ​អ្វី​នោះ​ទេ​ ពោល​ម្នាក់ៗ​ចង់​បន្ត​ការ​ហ្វឹកហាត់​ដដែល។​ ជំហាន​បន្ទាប់​យ៉ាណា​ទៀត​នោះ​រង់​ចាំ​មើល​ជាក់ស្ដែង​ក្រោយ​រៀប​ការ​រួចរាល់​សិន​ទើប​ជជែក​គ្នា​បន្ត។​

ស្រីរ័ត្ន និង​គូដណ្ដឹង

បញ្ជាក់​ដែរថា​ កាន់​ ស្រីរ័ត្ន​ ជា​កីឡា​ការិនី​ឆ្នើម​លើ​ប្រភេទ​កីឡា​អត្តពលកម្ម​ និង​ជា​កីឡា​ការិនី​ជម្រើសជាតិ​ផង​ដែរ។​ រូប​គេជា​ជើង​ខ្លាំង​ និង​ធ្លាប់​ឈ្នះ​មេដាយ​ទាំង​ថ្នាក់​ជាតិ​ អន្តរជាតិ​ ក្នុង​ព្រឹត្តិការណ៍​ធំៗ​កន្លង​មក។​ ស្រីរ័ត្ន ​និង​គូ​ដណ្ដឹង​នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ​ហើយ​នៅ​ខេត្ត​កំពត៕​

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម