ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងចំណុចសំខាន់ ៣ នាំឲ្យគុនល្បុក្កតោបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ
ក្បាច់គុនល្បុក្កតោ ទីបំផុតត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលនាំឲ្យក្លាយទៅជាកីឡាប្រពៃណីដំបូងគេរបស់កម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌដ៏មានតម្លៃនេះ។

ការទទួលបានការដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នេះ តាមរយៈសម័យប្រជុំលើកទី ១៧ នៃគណៈកម្មាធិការអន្តរជាតិ សម្រាប់កិច្ចការពារ សម្បត្តិវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុង Rabat ព្រះរាជាណាចក្រម៉ារ៉ុក កាលពីល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រូវនឹងវេលាម៉ោង ១០ និង ៣០ នាទីយប់ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។
តាមរយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការអបអរតាមរយៈសារជូនចំពោះជនរួមជាតិកម្ពុជា ដ៏មានអត្ថន័យ។ បន្ថែមលើសារជូនចំពោះជនរួមជាតិកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងដោយផ្ទាល់មាត់នូវចំណុចសំខាន់ ៣ ទាក់ទងជាមួយនឹងមោទកភាពជាតិ ក្នុងឱកាស នៃពិធីបិទ កីឡាជាតិ លើកទី ៣ និងកីឡាជាតិជនពិការ លើកទី ១ ឆ្នាំ ២០២២ ដែលប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងឱកាសនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណា បានថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសបន្ថែមទៅលើសារដែលខ្ញុំបានផ្ញើជូនប្រជាជាតិកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល ក្នុងឱកាសនេះ សូមលើកឡើងនូវចំណុច ៣ សំខាន់ ទាក់ទងជាមួយនឹងមោទកភាពជាតិរបស់យើង»។
«ដំបូង ផឹកទឹកត្រូវនឹកដល់ប្រភពទឹកសំខាន់ដែលទាក់ទងជាមួយនឹងមោទកភាពជាតិរបស់យើង យើងគួរតែមានការអរគុណយ៉ាងជ្រាលជ្រៅទៅដល់ដូនតារបស់យើងគ្រប់ជំនាន់ ដែលបានខិតខំបន្សល់ស្នាដៃទុកឲ្យយើងក្មេងជំនាន់ក្រោយ ប្រសិនបើដូនតារបស់យើងមិនមានបន្សល់ទុកអ្វីឲ្យយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណាដើម្បីយកទៅដាក់ជាបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទៅជាទាំងរូបី និងអរូបីនោះផងដែរ។
ចំណុចទី ២ យើងគួរតែអរគុណចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុនចាប់តាំងពីក្រោយរំដោះ ឆ្នាំ ១៩៧៩។ អ្នកទាំងនោះបានខិតខំងើបឈរឡើងដើម្បីប្រមូលទុន ព្រោះថាអ្វីត្រូវបានបំផ្លាញក្នុងជំនាន់ប៉ុលពល គ្មានវិធីណាល្អជាងក្រៅពីការប្រមូលដើមទុនមកវិញគ្រប់ផ្នែកទាំងអស់ សិល្បៈ កីឡា និងផ្នែកដទៃទៀត សុទ្ធតែត្រូវការប្រមូលដើមទុនមកវិញ មួយចំនួនក៏បានរស់រានមានជីវិតមកដល់ពេលនេះ និងមួយចំនួនទៀតក៏បានទទួលនូវមរណកាលហើយ ដែលខ្ញុំសូមយកឱកាសនេះថ្លែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានស្លាប់ទៅ ហើយក៏សូមកោតសរសើរចំពោះកីឡាករ-កីឡាការិនី គ្រូបង្ហាត់ ដែលបានខិតខំព្យាយាមរក្សានូវអត្តសញ្ញាណជាតិមួយនេះតាមរយៈការរុញជាបណ្ដើរៗ ហើយរហូតទៅដល់យើងយកក្បាច់គុននេះដាក់ចូលជាក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ដែលជាមោទកភាពដ៏សំខាន់របស់យើង។ វត្តមានកីឡាល្បុក្កតោ នៅអង្គរសង្ក្រាន្ត ជារៀងរាល់ឆ្នាំកាលពីពេលមុននេះ គឺពិតជាបានបង្ហាញឲ្យយើងជំរុញល្បឿន នៃការដាក់ក្បាច់គុននេះ ចូលទៅឲ្យមានការទទួលស្គាល់ពីអង្គការយូណេស្កូ។
ចំណុចទី ៣ ខ្ញុំក៏សូមយកឱកាសនេះអរគុណក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំប្រឹងជំរុញកិច្ចការងារនេះរហូតដល់បានសម្រេច»។
នាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ គុនល្បុក្កតោ ជាប្រភេទកីឡាដែលស្ថិតនៅចំណាត់ថ្នាក់ទី ៣ ឬជាប្រភេទកីឡាក្នុងតំបន់ និងកីឡាប្រពៃណីមួយនេះ បានត្រៀម ២១ វិញ្ញាសា ប្រកួតប្រជែងដណ្ដើមមេដាយ ហើយ កម្ពុជា ត្រៀមកីឡាករ-កីឡាការិនី សរុបចំនួន ២៨ នាក់ បែងចែកចេញជា ២ គឺវិញ្ញាសាប្រយុទ្ធ មានចំនួន ១២ នាក់ និងវិញ្ញាសាសម្ដែង មានចំនួន ១៦ នាក់៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


