កីឡា
កែវ រំចង់ ម្ចាស់មេដាយមាសកីឡាជាតិ ហេតុអ្វីមិនជាប់ជម្រើសជាតិត្រៀមស៊ីហ្គេម?
កែវ រំចង់ បានធ្វើឲ្យមហាជនមួយចំនួនមានការចាប់អារម្មណ៍ បន្ទាប់ពីរូបគេបានលើកឡើងពីការគ្មានឈ្មោះក្នុងជម្រើសជាតិឃីកបុកស៊ីងសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ បើទោះជារូបគេបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
កាលពីពីរថ្ងៃមុន កែវ រំចង់ បាន Live លើគណនី Facebook របស់ខ្លួនដោយបាននិយាយថា ៖«ហេតុអ្វីស៊ីហ្គេម ឆ្នាំ២០២៣ គ្មាន កែវ រំចង់ទេ។ ខ្ញុំអន់ចិត្តណាស។ ហេតុអ្វីមិនដាក់ឈ្មោះខ្ញុំប្រកួតតំណាងប្រទេសក្នុងស៊ីហ្គេម ប្រទេសយើងផង? ខ្ញុំធ្លាប់សាងកេរ្តិ៍ឈ្មោះ ធ្លាប់ជួយលើកមុខមាត់ប្រទេសជាតិម្នាក់ដែរ។ រឿងគីឡូមិនមែនជាបញ្ហាទេ ប្រសិនបើប្រាប់ថាជ្រើសរើស ខ្ញុំអាចធ្វើបាន»។

ពិតណាស់ កែវ រំចង់ បានចូលរួមប្រកួតកីឡាឃីកបុកស៊ីងក្នុងកីឡាជាតិ លើប្រភេទទម្ងន់៨១គីឡូក្រាម និងឈ្នះមេដាយមាស បន្ទាប់ពីបានផ្តួលកីឡាករដែលបាត់មុខពីសង្វៀនដូចគ្នាគឺ ធី តុងហ៊ី។ ព្រឹត្តិការណ៍កីឡាជាតិត្រូវបានប្រារព្ធឡើង៣លើកហើយដែលធ្វើឡើងចន្លោះឆ្នាំស៊ីហ្គេមដើម្បីបង្កើនបទពិសោធសម្រាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។
កីឡាជាតិពីរលើកកន្លងមក កីឡាករ កីឡាការិនីដែលជាម្ចាស់មេដាយមាសត្រូវបានកោះហៅចូលជម្រើសជាតិដើម្បីហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិដូចជាកីឡាស៊ីហ្គេមជាដើម។ យ៉ាងណាមិញ សម្រាប់កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ កន្លងទៅ ម្ចាស់មេដាយមាសមួយចំនួនបានជាប់ជម្រើសជាតិ ហើយមានអត្តពលិកខ្លះក៏អត់ជាប់ជម្រើសជាតិ។ ជាមួយគ្នានេះ អត្តពលិកជម្រើសជាតិមួយចំនួនមិនបានចូលរួមប្រកួតកីឡាជាតិដែរ ហើយអ្នកខ្លះហ្វឹកហាត់នៅក្នុងស្រុក និងអ្នកខ្លះហ្វឹកហាត់នៅក្រៅប្រទេស។ ដូចគ្នានេះដែរ កែវ រំចង់ ដែលជាម្ចាស់មេដាយមាសកីឡាជាតិលើកទី៣ពុំមានឈ្មោះក្នុងក្រុមជម្រើសជាតិឃីកបុកស៊ីងត្រៀមស៊ីហ្គេម។
ហេតុអ្វីបានជាគ្មានឈ្មោះ កែវ រំចង់? មែនទែនទៅ ការរៀបចំកីឡាជាតិ លើកទី៣នេះ ផ្តោតសំខាន់លើសមត្ថភាព គុណភាព និងបច្ចេកទេសរបស់សហព័ន្ធ អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសជាងអត្តពលិកដើម្បីត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម។ សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិត្រូវបានកោះហៅប្រមូលផ្តុំយូរមកហើយតាំងពីអន្តរកាលកូវីដ-១៩ម្ល៉េះ។ អត្តពលិកជម្រើសជាតិបានហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងចេញទៅប្រកួតស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម។ ពេលត្រឡប់មកវិញ ពួកគាត់នៅបន្តចូលជំរំហ្វឹកហាត់ដដែល ហើយក្រុមអត្តពលិកចំនួន១២ប្រភេទកីឡាបានចេញទៅហ្វឹកហាត់នៅប្រទេសចិន ខណៈកីឡាខ្លះទៀតកំពុងហ្វឹកហាត់នៅក្រៅប្រទេស។ ដូច្នេះមានន័យថា អត្តពលិកជម្រើសជាតិដែលត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នេះមិនមែនសុទ្ធតែម្ចាស់មេដាយកីឡាជាតិ ឬជាអត្តពលិកដែលបានចូលរួមប្រកួតកីឡាជាតិដែរ។
បន្ថែមលើសពីនេះទៀត កែវ រំចង់ បានបាត់មុខពីសង្វៀនប្រដាល់គុនខ្មែរច្រើនខែមកហើយ។ កាយសម្បទា និងសមត្ថភាពក៏ប្រហែលជាថយចុះ ហើយទម្ងន់ក៏ឡើងច្រើន។ ទើបតែព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ បានរូបគេចូលរួមប្រកួត និងបានឈ្នះមេដាយមាស ក្នុងប្រភេទទម្ងន់៨១គីឡូក្រាមដែលមិនសូវមានកីឡាករគុនខ្មែរ ឬឃីកបុកស៊ីងប្រកួតច្រើនឡើយ។ មូលហេតុខាងលើអាចជាកត្តាដែលសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងមិនយក កែវ រំចង់ ជាជម្រើសជាតិ។

កាលពីម្សិលមិញនេះ លោក និន ភារម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបរាប់ថា ៖«ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កីឡាករគ្រប់រូបមិនអាចនឹកឃើញចូលរួមប្រកួតបានទេ។ អ្វីៗសុទ្ធតែបានត្រៀមលក្ខណៈសម្បត្តិទុកជាមុន។ យ៉ាងណាមិញ ក្រុមជម្រើសជាតិត្រូវប្រមូលផ្តុំ ហ្វឹកហាត់ត្រៀមពីរឆ្នាំកន្លងមកដើម្បីបង្កើនសមត្ថភាព បច្ចេកទេស ភាពអំណត់ ថាមពល និងគ្រប់យុទ្ធវិធី កលល្បិច ដើម្បីលទ្ធផលជោគជ័យ និងយកជយលាភីជូនប្រទេសជាតិ»។
លោកបន្តថា ៖«ចំពោះយើងៗចង់ចូលរួមប្រកួតកីឡាស៊ីហ្គេម នេះដែរ សព្វថ្ងៃបានហ្វឹកហាត់ត្រៀមដែរទេ អ្នកណាជាគ្រូបង្វឹករបស់ប្អូន និងមានការទទួលស្គាល់ពីក្រសួងអប់រំដែរទេ? ខ្លួនអាចដឹងខ្លួនឯងហើយថា យើងកំពុងធ្វើអ្វី យើងមានសមត្ថភាពគ្រប់គ្រាន់ដែរទេ ទម្ងន់សាច់ឈាមរបស់យើងពេលនេះ សមជាកីឡាករឬអត់? អុំនិយាយនេះដើម្បីឲ្យឯងសិក្សាមើលដោយខ្លួនឯង ចំពោះបងប្អូន អ្នកគាំទ្រដល់កីឡាករ កែវ រំចង់ ដែលជា Idol របស់បងប្អូនចង់ឲ្យគាត់ទៅចូលរួមប្រកួត គួរពិចារណាផងដែរ ជាកិត្តិយស មុខមាត់ប្រទេសជាតិ ពុំអាចធ្វើអ្វីដោយពុំមានផែនការច្បាស់លាស់នោះទេ»។
តាមការលើកឡើងរបស់មន្ត្រីសហព័ន្ធកីឡាប្រដាល់ខាងលើនេះ ត្រូវបាន កែវ រំចង់ ឆ្លើយតបនាព្រឹកថ្ងៃទី៣០ ខែមករានេះថា នឹង Live បកស្រាយ និងនិយាយរឿងពិតវេលាម៉ោង៨យប់នេះ។
តាមព័ត៌មានច្បាស់ការមួយថា សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង ដែលមានលោក ហេង សុឃន ជាប្រធាននឹងធ្វើសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៣០ ខែមករា នេះដើម្បីស្រាយបំភ្លឺជុំវិញករណី កែវ រំចង់ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?