កីឡា
ក្រុមបាល់ទះកូរ៉េខាងត្បូងជាម្ចាស់មេដាយមាស៣សម័យនឹងប៉ះកម្ពុជាក្នុងកីឡាទ្វីបអាស៊ី
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាឈានជើងចូលព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games វិញហើយ បន្ទាប់ពីបានបាត់មុខតាំងពីឆ្នាំ១៩៧០។
ការវិលត្រឡប់ចូលកីឡាទ្វីបអាស៊ីលើកដំបូងក្នុងរយៈពេលជិត៥០ឆ្នាំនេះ ក្រុមកម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយក្រុមខ្លាំងកូរ៉េខាងត្បូង និងឥណ្ឌា ក្នុងកីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅទីក្រុង Hangzhou ប្រទេសចិន។

ក្រុមបាល់ទះកូរ៉េខាងត្បូងត្រូវបានចាត់ទុកជាក្រុមខ្លាំងមួយប្រចាំអាស៊ី ដែលមានបទពិសោធ និងប្រវត្តិប្រកួតលើឆាកអន្តរជាតិច្រើន ទាំងក្នុងការប្រកួតបាល់ទះជើងឯកអាស៊ី កីឡាទ្វីបអាស៊ី ជើងឯកពិភពលោក ជើងឯក World Grand Prix ជើងឯក Nations Leaguee និងក្នុងព្រឹត្តិការណ៍អូឡាំពិកជាដើម។
បើនិយាយតែក្នុងកីឡាទ្វីបអាស៊ី ក្រុមបាល់ទះកូរ៉េខាងត្បូងធ្លាប់បានចូលរួមប្រកួត១៥ដងហើយក្នុងចំណោមព្រឹត្តិការណ៍កីឡាអាស៊ី១៨កន្លងមក។ សម្រាប់ការចូលរួមទាំង១៥លើកនេះ កូរ៉េខាងត្បូងធ្លាប់បានឈ្នះមេដាយមាស៣លើក គឺឆ្នាំ១៩៧៨ ២០០២ និង២០០៦, ឈ្នះមេដាយប្រាក់៣ដងគឺឆ្នាំ១៩៧៤ ១៩៩០ និង១៩៩៨ ព្រមទាំងធ្លាប់ឈ្នះមេដាយសំរិទ្ធ៤ដងគឺឆ្នាំ១៩៨២ ១៩៩៤ ២០១០ និង២០១៨។

រយៈពេលជាង៣០ឆ្នាំចុងក្រោយគិតចាប់តាំងពីកីឡាទ្វីបអាស៊ី ឆ្នាំ១៩៩០ នៅប្រទេសចិនមក ក្រុមកូរ៉េខាងត្បូងតែងតែបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររហូត។ សម្រាប់កីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិននេះ ក្រុមកូរ៉េខាងត្បូងនឹងមិនបាកក្នុងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយនៅពេលជួបឥណ្ឌា និងកម្ពុជា នៅក្នុងពូល C។
និយាយពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាធ្លាប់ខ្លាំងនៅក្នុងកីឡាទ្វីបអាស៊ី កាលមុនសម័យសង្គ្រាម ដោយធ្លាប់ចូលរួមប្រកួតលើកដំបូងនៅឆ្នាំ១៩៦២ នៅប្រទេសឥណ្ឌូណេស៊ីទទួលបានចំណាត់ថ្នាក់លេខ៧ និងឆ្នាំ១៩៧០នៅប្រទេសថៃទទួលបានចំណាត់ថ្នាក់លេខ៤។

ចាប់តាំងពីពេលនោះ ក្រុមបាល់ទះកម្ពុជាមិនធ្លាប់បានចូលរួមប្រកួតទេទើបតែឆ្នាំ២០២៣នេះបានចូលរួមប្រកួតសាជាថ្មី បន្ទាប់ពីធ្វើបានល្អក្នុងកីឡាស៊ីហ្គេមពីរលើកចុងក្រោយ។
ក្រុមកម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិចិន លោក Li Jun បាននាំក្រុមកម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម ឆ្នាំ២០២២ ទទួលបានមេដាយសំរិទ្ធ និងឡើងវគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានមេដាយប្រាក់។
នេះជាការសាកល្បងសមត្ថភាពដ៏ធំបំផុតសម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាក្នុងរយៈពេលជិត៥០ឆ្នាំចុងក្រោយ ជាពិសេសក្រុមខ្លាំងក្នុងពូលគឺជាការលំបាកបំផុតសម្រាប់ក្រុមកម្ពុជា។ ទោះបីជាយ៉ាងណា បើមិនឆ្លងកាត់ក្រុមខ្លាំងៗទេ នោះក៏មិនដឹងច្បាស់ពីសមត្ថភាពនៅកម្រិតណាស និងទទួលបានបទពិសោធយ៉ាងណាដែរ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


