កីឡា
តើកត្តាអ្វីខ្លះទើបអាចទៅប្រកួតនៅសង្វៀនធំ ONE បាន?
កីឡាករប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ កំពុងក្លាយជាតារាប្រដាល់ឈានមុខគេ និងល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជាដែលធ្វើឲ្យអ្នកគាំទ្រចង់ឃើញរូបគេចេញទៅប្រកួតនៅក្រៅប្រទេស ជាពិសេសនៅសង្វៀនធំលំដាប់អាស៊ី ONE Championship។

បើនិយាយពីសមត្ថភាពរបស់ក្របីព្រៃ ពេជ្រ សម្បត្តិ មានហើយសម្រាប់ការចូលប្រឡូកនៅសង្វៀន ONE និងសង្វៀនធំៗជាច្រើនក្នុងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះកីឡាករប្រដាល់គុនខ្មែរលំដាប់ជួរមុខដូចជា លន បញ្ញា, ឃីម បូរ៉ា, ប៉ឺត សង្ឃឹម, និងឈុត សេរីវ៉ាន់ថង ជាដើមក៏អាចចេញទៅប្រកួតនៅក្រៅប្រទេសបានដែរ។
ពេជ្រ សម្បត្តិ ជាប្រភេទកីឡាករវ៉ៃល្អមើល គួរឲ្យចាប់អារម្មណ៍ និងសប្បាយរីករាយសម្រាប់អ្នកគាំទ្រ ដូច្នេះជាប្រភេទកីឡាករដែលម្ចាស់កម្មវិធី និងអ្នកផ្គូផ្គងចង់រៀបចំឲ្យមានការប្រកួតប្រចាំសង្វៀនរបស់គេ។ កីឡាកររូបនេះមានលក្ខណៈពិសេស៣គឺទី១ ស្មារតីប្រយុទ្ធអង់អាចក្លាហាន មុះមុត និងមិនចេះញញើតដៃគូ។ ទី២ កម្លាំងស៊ុហ្វវ៉ៃបុកខ្លាំងដែលអាចប្រកួតបាន៥ទឹកពេញដោយមិនអស់កម្លាំង និងទី៣ អាវុធធ្ងន់ដោយកណ្តាប់ដៃ និងកែង។

សមត្ថភាពរបស់ ពេជ្រ សម្បត្តិ មិនមែនជាសំណួរដែលត្រូវរកចម្លើយនោះទេ។ សំណួរដែលត្រូវឆ្លើយគឺ ថាតើមានអ្នកផ្គូផ្គូ (Promotor) និងអ្នកទំនាក់ទំនងជិតស្និទ្ធជាមួយសង្វៀន ONE Championship ដើម្បីកីឡាករឲ្យបានទៅប្រកួតកម្រិតណា?
លោក ពេជ្រ សុផាន់ គ្រូបង្វឹករបស់កីឡាករ ពេជ្រ សម្បត្តិ បាននិយាយថា លោកធ្លាប់បានទាក់ទងទៅខាង ONE រួចហើយ ដូច្នេះលោកសង្ឃឹមសង្វៀនធំប្រចាំអាស៊ីមួយនេះផ្តល់ឱកាសឲ្យ ខណៈក្របីព្រៃកំពុងចង់ទៅប្រកួត។ នេះក៏ជាដំណឹងដ៏ល្អមួយដែលលោកគ្រូប្រដាល់រូបនេះបានបញ្ជាក់ពីការទំនាក់ទំនងទៅសង្វៀនធំប្រចាំតំបន់អាស៊ី។
គិតចាប់តាំងពីវិបត្តិកូវីដ-១៩បានផ្ទុះឡើង ការប្រកួតរបស់សង្វៀន ONE នៅបណ្តាប្រទេសផ្សេងៗក៏មិនត្រូវបានរៀបចំ។ ភាគច្រើនបំផុតរៀបចំនៅការប្រកួតនៅប្រទេសសិង្ហបុរី និងថៃ។ ស្របពេលកីឡាករកម្ពុជាមួយចំនួនទៅប្រកួតនៅសង្វៀន ONE កាលពីប៉ុន្មានឆ្នាំមុនមិនសូវទទួលបានលទ្ធផលល្អដែលជាហេតុធ្វើឲ្យស្ងប់ស្ងាត់ក្នុងការនាំកីឡាករកម្ពុជាទៅប្រកួតទាំងគុនចម្រុះ ឃីកបុកស៊ី មួយថៃ និងគុនខ្មែរ។

កាលពីមុន លោក ហ៊ុន ចាន់រាជ ជាអ្នកផ្គូផ្គូម្នាក់ដែលបាននាំយកកីឡាករកម្ពុជាទៅប្រកួតញឹកញាប់នៅក្រៅប្រទេស ជាពិសេសនៅសង្វៀន ONE ប៉ុន្តែចាប់តាំងពីការនាំយកកីឡាករ ឡៅ ចិត្រា ទៅប្រកួតជាមួយ ស៊ុបភើឡេក នៅថៃកាលពីឆ្នាំ២០១៩មក លោកក៏លែងឃើញនាំយកកីឡាករកម្ពុជាទៅប្រកួតទៀត។
កាលពីឆ្នាំ២០១៩ លោក ជា រិទ្ធ គ្រូប្រដាល់ម្នាក់បាននាំកីឡាករ គង់ សំបូរ ទៅប្រកួតដោយបានចាញ់ពិន្ទុកីឡាករចិន Zhang Chenglong ហើយក្រោយមកក៏ស្ងាត់។ លោកធ្លាប់បាននិយាយថា លោកបានដាច់ទំនាក់ទំនងជាមួយ ONE ហើយចង់មានការទំនាក់ទំនងឡើងវិញ ប៉ុន្តែខ្វះបណ្តាញទំនាក់ទំនង។
ជាមួយគ្នានេះ លោក Alan Mccune គ្រូបង្វឹកប្រចាំក្រុមក្លិប Phnom Penh MMA ធ្លាប់បាននាំកីឡាករ ខុន ស៊ីចាន់ ទៅប្រកួតនៅសង្វៀន ONE ក៏ស្ងប់ស្ងាត់ក្នុងការនាំកីឡាករខ្មែរទៅក្រៅប្រទេសដែរ។ ចំណែក កីឡាករ ចាន់ រតនា ក៏លែងបានទៅប្រកួតទៀត ពីព្រោះតែចាញ់២លើកជាប់គ្នានៅសង្វៀននេះ។

កន្លងមក Chatri Sityodtong នាយកប្រតិបត្តិ និងជាស្ថាបនិក ONE Championship ចង់បានកីឡាករប្រដាល់ល្អៗនៅតំបន់អាស៊ានចូលរួមប្រកួតនៅកម្មវិធីរបស់លោក ប៉ុន្តែនៅតំបន់អាស៊ានមិនសូវមានកីឡាករល្អៗដែលអាចប្រកួតប្រជែងជាមួយកីឡាករថៃបានទេសម្រាប់ឃីកបុកស៊ី ក្នុងនោះរាប់ទាំងកម្ពុជាផង។ យូរៗទៅឃើញភាគច្រើនមានកីឡាករមកពីតំបន់អឺរ៉ុបប្រកួតជាមួយកីឡាករថៃ ជាពិសេសកម្មវិធីរបស់ ONE នៅសង្វៀន Lumpinee។
ដោយសារវិបត្តិកូវីដ-១៩ និងលទ្ធផលនៃការប្រកួតរបស់កីឡាករគុនខ្មែរមិនសូវកាក់កបបានធ្វើឲ្យទំនាក់ទំនងរវាងអ្នកផ្គូផ្គូនៅកម្ពុជាជាមួយសង្វៀន ONE ដាច់ឆ្ងាយពីគ្នា។ ប្រសិនបើមានអ្នកផ្គូផ្គងជិតស្និទ្ធជាមួយសង្វៀន ONE ប្រាកដជាកីឡាករកម្ពុជាទទួលបានឱកាសទៅប្រកួតមិនខាន។

មើលកម្មវិធីរបស់ ONE នៅសង្វៀន Lumpinee កីឡាករថៃ និងកីឡាករបរទេសមួយចំនួនមិនមែនសុទ្ធតែលំដាប់ជួរមុខទេគឺមានកម្រិត A B ឬ C ក៏មានឈ្មោះប្រកួតដែរ។ ជាក់ស្តែងកីឡាករថៃខ្លះធ្លាប់មកប្រកួតនៅកម្ពុជាញឹកញាប់ ហើយខ្លះចាញ់កីឡាករកម្ពុជាជាបន្តបន្ទាប់ ប៉ុន្តែពួកគេនៅតែមានឱកាសប្រកួតនៅសង្វៀន ONE ដោយសារតែពួកគេមានអ្នកផ្គូផ្គងទំនាក់ទំនងល្អជាមួយ ONE។

ជារួម អ្នកផ្គូផ្គង និងបណ្តាញទំនាក់ទំនងពិតជាសំខាន់ណាស់សម្រាប់ឱកាសដឹកនាំកីឡាករទៅប្រកួតនៅសង្វៀនធំៗលើពិភពលោកនេះ។ បន្ទាប់មកកត្តាសមត្ថភាពដែលទាក់ចិត្តអ្នករៀបចំឲ្យបន្តឱកាសលើកក្រោយទៀត៕

អត្ថបទ៖ ទស្សនៈស្មេរ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?