កីឡា
សង្វៀនធំ K-1 ចាប់អារម្មណ៍កីឡាករខ្មែរ ក្រោយកីឡាករជប៉ុន២រូបប្រកួតនៅខ្មែរ
កីឡាករប្រដាល់ជប៉ុនលំដាប់ជួរមុខ និងស្ថាប័នរៀបចំការប្រកួតប្រដាល់ឃីកបុកស៊ីងលំដាប់ពិភពលោក K-1 បានចាប់អារម្មណ៍កីឡាករគុនខ្មែរ បន្ទាប់ពីកីឡាករជប៉ុន២រូបបានមកប្រកួតចាញ់កីឡាករកម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅ។

កីឡាករជប៉ុន Kamemoto Yusho ត្រូវបានម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់ថង ផ្តួលឲ្យសន្លប់តាមរយៈការវាយកែងជាច្រើនបណ្តាលឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១កាលពីយប់ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
នៅរាត្រីនោះដែរ ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានយកឈ្នះលើកីឡាករជប៉ុន Hiroyuki Ihara ដោយពិន្ទុដាច់តែម្តងដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរ IPCC អន្តរទ្វីប។

ការប្រកួតរបស់កីឡាករជប៉ុនទាំងពីរត្រូវបានផេកផ្លូវការរបស់ស្ថាប័នប្រដាល់ K-1 យកទៅបង្ហោះដោយបានរៀបចំការប្រកួតនៅលើទឹកដីកម្ពុជា។ នារាត្រីនោះ កីឡាករជប៉ុនជាជើងខ្លាំង Yoza Yuki ម្ចាស់ខ្សែក្រវាត់ពិភពលោក K-1 បានចូលមើលការប្រកួតតាមបណ្តាញទំនាក់ទំនងសង្គម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍កីឡាករជប៉ុនរូបនេះទំនងជាបើកភ្លើងខៀវឲ្យ ឈុត សេរីវ៉ាន់ថង ប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក K-1 ពីរូបគេ។
ក្រោយចប់ការប្រកួត កីឡាករជប៉ុន Kamemoto បាននិយាយថា ៖«ការប្រកួតដោយប្រើកែងមិនមែនជាការងាយស្រួលទេ។ ទោះបីជាយ៉ាងណា ខ្ញុំសម្រេចចូលរួមប្រកួតក្នុងកម្មវិធីនេះ ដូច្នេះបរាជ័យនេះគឺដោយសារសមត្ថភាពរបស់ខ្ញុំ មិនមែនមកពីច្បាប់ ឬបរិយាកាសនៃការប្រកួតទេ»។

កីឡាករ Kamemoto និង Ihara សុទ្ធតែបានអរគុណដល់អ្នកគាំទ្រកម្ពុជា និងអ្នករៀបចំការប្រកួតដែលបានផ្តល់ឱកាសឲ្យអ្នកទាំងពីរបានមកប្រកួតជាលើកដំបូងនៅទឹកដីខ្មែរ ហើយទទួលបានការគាំទ្រយ៉ាងច្រើនកុះករ។
ការនាំយកកីឡាករជប៉ុនមកប្រកួតនៅទឹកដីកម្ពុជាជាសញ្ញាល្អមួយបង្ហាញឲ្យឃើញថា កីឡាករកម្ពុជាមានគុណភាព និងសមត្ថភាពខ្ពស់ដែលអាចចេញទៅប្រកួតនៅក្រៅប្រទេសបាន ហើយជាផលចំណេញសម្រាប់គុនខ្មែរសម្រាប់ការផ្សេព្វផ្សាយលើឆាកអន្តរជាតិ។ តាមប្រវត្តិ មិនធ្លាប់មានកីឡាករកម្ពុជាបានចូលរួមប្រកួតនៅសង្វៀនធំ K-1 ទេដែលភាគច្រើនរៀបចំការប្រកួតនៅជប៉ុន និងចិន។

កីឡាករ Kamemoto មានកណ្តាប់ដៃ និងទាត់ល្អ ប៉ុន្តែរូបគេមិនចេះប្រើកែងទេ ដូច្នេះហើយទើបបានជា ឈុត សេរីវ៉ាន់ថង ផ្តោតលើការប្រើកែងរហូតផ្តួលឲ្យសន្លប់យ៉ាងឆាប់រហ័ស។

Yoza Yuki ដែលជាកីឡាករឃីកបុកស៊ីងបានចាប់ផ្តើមអាជីពពីឆ្នាំ២០១៩រហូតបច្ចុប្បន្នធ្លាប់ប្រកួតបាន១៨ដង ក្នុងនោះឈ្នះ១៦ដង និងចាញ់២ដង។ រូបគេបានឈ្នះខ្សែក្រវាត់ K-1 ពិភពលោកទម្ងន់៦២.៥គីឡូក្រាមកាលពីខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីឈ្នះពិន្ទុកីឡាករ Taio Asahisa៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


