កីឡា
យប់នេះ តើនរណាជាម្ចាស់រថយន្តថ្មីសន្លាងនៅសង្វៀនបាយ័ន?
ជើងខ្លាំងគុនខ្មែរ៤រូបក្នុងទម្ងន់៦៥គីឡូក្រាមត្រូវប្រជែងគ្នាដើម្បីរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងពីភេសជ្ជៈប៊ូសស្ត្រង ដែលចាប់ប្រកួតវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅដីឡូត៍ស្ងួនពេជ្រ ខណ្ឌកំពូល រាជធានីភ្នំពេញ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV Cambodia។

កីឡាករឈានមុខទាំង៤រូបគឺ ផល សោភ័ណ្ឌ, យ៉េន ឌីណា, លន បញ្ញា និង មឿន សុខហ៊ុច ដែលត្រូវប្រកួតឆ្ពោះទៅរករង្វាន់រថយន្ត។ ជាមួយគ្នានេះ ជើងខ្លាំងកំពុងជោគជ័យខ្លាំង ធឿន ធារ៉ា, ព្រំ សំណាង និង ពេជ្រ សម្បត្តិ ត្រូវប្រកួតគូមិត្តភាពអន្តរជាតិ ព្រមទាំងមានការប្រកួតគុនខ្មែរថ្នាលដណ្តើមប្រាក់លានថែមទៀត។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែធ្នូ លោក គង់ វិសាល តំណាងស្ថានីយ៍ទូរទស្សន៍បាយ័នបានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រកួតធំដែលរួមចំណែកលើកស្ទួយវិស័យកីឡាគុនខ្មែរឲ្យរីកចម្រើនទាំងក្នុង និងក្រៅប្រទេស ហើយជាពិសេសជួយដល់ជីវភាពកីឡាករ កីឡាការិនីឲ្យមានជីវភាពធូរធារ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា នេះជាព្រឹត្តិការណ៍ប្រកួតធំ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុក និងប្រកាន់ភ្ជាប់តួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ជាពិសេសចៅក្រម អាជ្ញាកណ្តាល គណៈកម្មការរៀបចំការប្រកួត និងគ្រូពេទ្យត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍យុត្តិធម៌ មិនលំអៀង សុក្រឹត ប្រកបដោយវិជ្ជាជីវៈដើម្បីមុខមាត់គុនខ្មែរលើឆាកអន្តរជាតិ។
តាមរូបមន្តនៃការប្រកួត បេក្ខភាពដណ្តើមរថយន្តទាំង៤រូបត្រូវប្រកួតជាមួយដៃគូបរទេសនៅជុំទី១។ កីឡាករគុនខ្មែរ២រូបដែលធ្វើបានលទ្ធផលល្អជាងគេ និងទទួលបានសំឡេងគាំទ្រច្រើនពីមហាជនត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលអ្នកឈ្នះនឹងក្លាយជាម្ចាស់រថយន្ត។

ជុំវិញការប្រកួតនេះដែរ ខ្លាចាស់ខ្សែក្រវាត់៧គ្រឿង និងជាម្ចាស់មេដាយមាសស៊ីហ្គេមកាលពីឆ្នាំ២០២១ យ៉េន ឌីណា បានលើកឡើងថា បេក្ខភាព៣នាក់ផ្សេងទៀតសុទ្ធតែលំដាប់កំពូល ដូច្នេះជាការលំបាកខ្លាំងដើម្បីទទួលបានរង្វាន់រថយន្ត។
កីឡាករបាននិយាយថា ៖«ផល សោភ័ណ្ឌ មានបច្ចេកទេសចេញ-ចូលរហ័សលឿន។ លន បញ្ញា មានកម្លាំងស៊ុហ្វល្អដែលអាចចេញអាវុធគ្រប់ពេលវេលា ហើយ មឿន សុខហ៊ុច ល្អទាត់ អាវុធធ្ងន់»។
ចំណែក ផល សោភ័ណ្ឌ ក៏បានលើកឡើងមិនខុសពី យ៉េន ឌីណា ដែរដោយបានចាត់ទុកបេក្ខភាព៣ផ្សេងទៀតសុទ្ធតែខ្លាំងទាំងអស់។ បេក្ខភាពដែលមិនខ្លួនចាប់អារម្មណ៍ជាងគេគឺកីឡាករ យ៉េន ឌីណា ដែលពូកែកាត់ផ្តាច់ព្រ័ត្រ ប៉ុន្តែអ្វីដែលខ្លួនគិតជាបឋមគឺត្រូវធ្វើយ៉ាងណាយកឈ្នះដៃគូបរទេសឲ្យបានសម្រេចនៅជុំទី១ជាមុនសិន។

នេះជាលើកទី៣ហើយដែលប៊ូសស្ត្ររៀបចំព្រឹត្តិការណ៍ប្រកួតផ្តល់រង្វាន់រថយន្ត បន្ទាប់ពី ពេជ្រ សម្បត្តិ និង ឃីម បូរ៉ា បានឈ្នះរង្វាន់ម្នាក់១គ្រឿងហើយ។
សមាសភាពគូប្រកួត
- ប្រាក់ ចិត្រា vs ពេជ្រ សិង្ហៈ (យុវជនដណ្តើមប្រាក់លាន)
- យ៉េន ឌីណា vs Kirill Orlov (រុស្ស៊ី) គូដណ្តើមរថយន្ត
- មឿន សុខហ៊ុច vs Award Kazimba (អ៊ូហ្គង់ដា) គូជម្រុះដណ្តើមរថយន្ត
- ផល សោភ័ណ្ឌ vs Sajjad Zubaidi (អ៉ីរ៉ាក់) គូជម្រុះដណ្តើមរថយន្ត
- លន បញ្ញា vs Sibsongpana Kiatwinai (ថៃ) គូជម្រុះដណ្តើមរថយន្
- ពេជ្រ សម្បត្តិ vs Rahmoun Majd (លីបង់) មិត្តភាពអន្តរជាតិ
- ព្រំ សំណាង vs Jordin Henwood (កាណាដា) មិត្តភាពអន្តរជាតិ
- ធឿន ធារ៉ា vs Hassan Vahdani (អ៉ីរ៉ង់) មិត្តភាពអន្តរជាតិ
- គូវគ្គផ្តាច់ព្រ័ត្រដណ្តើមរង្វាន់រថយន្ត (ខ្មែរប៉ះខ្មែរ)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


