កីឡា
អ្នកចុះឈ្មោះបរទេស៧០%នឹងហោះមកចូលរួមរត់ចម្ងាយឆ្ងាយនៅអង្គរចុងខែនេះ
ក្នុងចំណោមជនបរទេសដែលបានចុះឈ្មោះចូលរួមប្រកួតរត់ចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គច្រើន Angkor Ultra Trail លើកទី៧ នៅតំបន់អង្គរ ខេត្តសៀមរាប នាចុងខែមករា ឆ្នាំ២០២៤គឺមាន៧០%នឹងហោះមកពីប្រទេសផ្ទាល់ខ្លួនរបស់ពួកគេមកចូលរួមនៅទឹកដីកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍នេះរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញជនបរទេសឲ្យចូលមកប្រទេសកម្ពុជា។ នេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ជនបរទេសទាំងអ្នកទេសចរ និងអ្នកកីឡាសុទ្ធតែអាចចូលរួមប្រកួតដើម្បីសុខភាព និងកម្សាន្ត។
លោក ថោង ខុន បានសង្កត់ធ្ងន់ថា ការរៀបចំលើកនេះមានអំណោយផលច្រើនសម្រាប់ការចូលរួម ពីព្រោះជនបរទេសអាចហោះហើរផ្ទាល់ពីប្រទេសរបស់ពួកគេចូលមកខេត្តសៀមរាបតាមអាកាសយានដ្ឋានអន្តរជាតិដែលទើបតែបើកសម្ពោធកាលពីពេលថ្មីៗនេះ។

លោក Edouard George អ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail បានឲ្យដឹងថា រហូតដល់ពេលនេះមានអ្នកបានចុះឈ្មោះចូលរួមប្រកួត១០៧៦នាក់ទាំងក្នុង និងក្រៅប្រទេស។ ក្រុមការងារនឹងជំរុញឲ្យមានការចុះឈ្មោះបន្ថែម៤០០ទៅ៥០០នាក់ទៀតមុនពេលថ្ងៃប្រកួតមកដល់។ ក្នុងចំណោមអ្នកចុះឈ្មោះចូលរួមទាំងអស់មកពី៤៣ប្រទេសផ្សេងគ្នាក្នុងពិភពលោក។ ប្រទេសចំនួន៥ដែលមានអ្នកចុះឈ្មោះច្រើនជាងគេគឺម្ចាស់ផ្ទះកម្ពុជា បារាំង វៀតណាម កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
លោក Edouard George បានឲ្យដឹងថា ក្រៅពីសាធារណជន កីឡាករ កីឡាការិនីទូទៅដែលបានចុះឈ្មោះចូលរួមប្រកួត ក្រុមការងារបានសហការជាមួយអង្គភាពរដ្ឋាភិបាលនានាក្នុងនោះមានមន្ត្រីរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប ស្នងការប៉ូលិសខេត្ត ប៉ូលិសអន្តោប្រវេសន៍ មន្ទីរសុខាភិបាល និងអាជ្ញាធរអប្សរាជាដើមបានចុះឈ្មោះចូលរួមប្រកួតដោយសេរី។

អ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះបានប្រាប់ថា ក្នុងចំណោមអ្នកចុះឈ្មោះជាជនបរទេសគឺមាន៧០%ដែលមកពីប្រទេសរបស់ពួកគាត់ផ្ទាល់ហោះមកចូលរួមប្រកួតរត់ចម្ងាយលើកទី៧។ ប្រហែលជា៣០%ទៀតគឺមានជនបរទេសដែលមកពីតំបន់អាស៊ាន និងជនបរទេសដែលកំពុងធ្វើការនៅប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា ៖«ជនបរទេសទាំងនោះ មិនមែនមកដើម្បីតែចូលរួមរត់ប្រណាំងតែម្យ៉ាងនោះទេ ប៉ុន្តែមកកម្សាន្តនៅប្រទេសកម្ពុជាច្រើនថ្ងៃទៀត។ ទាំងនេះហើយដែលរួមចំណែកជួយដល់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ព្រឹត្តិការណ៍ប្រកួតនេះមាន៨វិញ្ញាសាគឺរត់ចម្ងាយ ចម្ងាយ៨គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ១០០គីឡូម៉ែត្រ ហើយវិញ្ញាសាច១៨គីឡូម៉ែត្រសម្រាប់ដើរ និងចម្ងាយ១៨គីឡូម៉ែត្រសម្រាប់ដើរផងកាន់ឈើច្រត់ឆ្លងភ្នំ។

តាមកាលបរិច្ឆេទ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៧នេះ នឹងធ្វើនៅថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ក្នុងនោះវិញ្ញាសាចម្ងាយ១០០គីឡូម៉ែត្រ អ្នករត់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនដូចកាត់ទីប្រជុំជន វាលស្រែ និងត្រូវរត់ទាំងយប់-ថ្ងៃដើម្បីឲ្យសម្រេចគោលដៅដ៏សែនឆ្ងាយក្នុងរយៈពេលខ្លី៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


