កីឡា
វិសាខាប៉ះបឹងកេតជាជំនួបធំប្រជែងតំបន់ Top 4ថ្ងៃអាទិត្យនេះ
ក្លិបបាល់ទាត់បឹងកេតត្រូវទទួលវិសាខាវេលាម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់សប្តាហ៍ទី២២ ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤។
វាជាជំនួបធំប្រចាំសប្តាហ៍ដើម្បីប្រជែងតំបន់កំពូលតារាងទាំង៤ (Top 4) នៅកណ្តាលរាជធានីភ្នំពេញដែលនឹងមានអ្នកគាំទ្រច្រើនចូលរួមលើកទឹកចិត្តដល់ក្រុមរៀងៗខ្លួន។

បន្ទាប់ពីចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិស្កុកឡែនលោក Simon McMenemy កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងតែងតាំងលោក មាស ចាន់ណា ជំនួសកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងបានបញ្ចេញកីឡាករខ្លះ និងនាំចូលសមាជិកថ្មី ក៏វិសាខានៅតែធ្វើមិនសូវបានល្អដដែល។
ឆ្លងកាត់២១ប្រកួតកន្លងទៅ វិសាខា រកបាន៣៥ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ៣ក្នុងតារាង បន្ទាប់ពីទទួលបានជ័យជម្នះ១១លើក ស្មើ២ និងចាញ់៨។ កាលពីសប្តាហ៍ទី២១ វិសាខា បានបាត់បង់៣ពិន្ទុនៅក្នុងដីរបស់ខ្លួន បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់សមាជិកលីគថ្មីគឺ អាយអេយអាយ ដង្កោសែនជ័យ ដោយលទ្ធផល ១-៣។

ចំណែកម្ចាស់ផ្ទះបឹងកេតក៏បានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិសិង្ហបុរីលោក Clement Teo កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ និងតែងតាំងលោក ហុង ផេង ជំនួសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងមានការផ្លាស់ប្តូរសមាជិកមួយចំនួនដូចគ្នា។ បន្ទាប់មក បឹងកេត ហាក់មានទម្រង់លេងល្អប្រសើរ។
ឆ្លងកាត់២១សប្តាហ៍កន្លងទៅ បឹងកេត រកបាន៣១ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីឈ្នះ៨ ស្មើ៧ និងចាញ់ ដោយតាមពីក្រោយវិសាខា៥ពិន្ទុ។ ប្រសិនបើ បឹងកេត ឈ្នះ ក្រុមទាំងពីរបន្តនៅតំបន់កំពូលទាំង៤ដដែល។ ផ្ទុយទៅវិញ ប្រសិនបើបឹងកេតចាញ់ ហើយ អាយអេសអាយ ដង្កោសែនជ័យ ឈ្នះ នោះបឹងកេត នឹងធ្លាក់ចេញពីតំបន់ Top 4 ហើយអាយអេសអាយ ដង្កោសែនជ័យ ដែលមាន៣១ពិន្ទុដែរ នឹងឡើង។ ប៉ុន្តែប្រសិនបើ អាយអេសអាយ ដង្កោសែនជ័យ ចាញ់ព្រះខ័នរាជស្វាយរៀង នោះតារាងចំណាត់ថ្នាក់មិនប្រែប្រួលទេ។

វាជាការជួបគ្នាលើកទី៣ក្នុងរដូវកាលនេះ បន្ទាប់ពី២លើកកន្លងទៅ បឹងកេតបានយកឈ្នះដោយលទ្ធផល ៤-២ ក្នុងជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយវិសាខាបានយកឈ្នះវិញដោយលទ្ធផល ២-០ ក្នុងជើងទី២នៅកីឡដ្ឋានព្រីនស៍។
៥ប្រកួតចុងក្រោយរបស់បឹងកេតគឺឈ្នះ៣ ស្មើ១ និងចាញ់១ គឺឈ្នះព្រៃវែង ២-០, ឈ្នះអង្គរថាយហ្គឺរ ៥-២, ឈ្នះអាយអេសអាយ ដង្កោសែនជ័យ ៤-១, ស្មើណាហ្គាវើលដ៍ ០-០ និងចាញ់ភ្នំពេញក្រោន ១-០។ ចំណែក៥ប្រកួតចុងក្រោយរបស់វិសាខាគឺឈ្នះ៣ និងចាញ់២ ក្នុងនោះឈ្នះគិរីវង់សុខសែនជ័យ ៦-១, ឈ្នះព្រៃវែង ៣-១, ឈ្នះអង្គរថាយហ្គឺរ ៤-៣ ហើយចាញ់ណាហ្គាវើលដ៍ ៣-១ និងចាញ់ អាយអេសអាយ ដង្កោសែនជ័យ ១-៣។ ឃើញថា ២លើកចុងក្រោយរបស់បឹងកេត ឈ្នះទាំង២លើក ខណៈ២លើកចុងក្រោយរបស់វិសាខាចាញ់ទាំង២លើក។

ក្រុមទាំងពីរបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំនេះដូចគ្នា ដោយបឹងកេតបានយកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ទាំងពីរជើងដោយលទ្ធផល ៨-៤។ ចំណែកវិសាខាវិញខ្សត់គ្រាប់បាល់ដោយបានយកឈ្នះព្រៃវែងទាំងពីរជើងតែ ១-០ ប៉ុណ្ណោះ។
សូមបញ្ជាក់ថា បន្ទាប់ពីចប់ជុំទី៣ ស្មើនឹង២៧សប្តាហ៍ ក្រុមកំពូលតារាង៤នឹងបន្តប្រកួតសន្សំពិន្ទុទៀតដើម្បីស្វែងរកជើងឯក ខណៈក្រុមចំណាត់ថ្នាក់លេខ៥ដល់១០អស់ឱកាសប្រជែងជើងឯក៕

គូប្រកួតសប្តាហ៍ទី២២ ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ
- ណាហ្គាវើលដ៍ vs ភ្នំពេញក្រោន (ម៉ោង៦ល្ងាចនៅកីឡដ្ឋានកំពង់ស្ពឺ)
- ISI ដង្កោសែនជ័យ vs ព្រះខ័នរាជស្វាយរៀង (ម៉ោង៦ល្ងាច នៅខេអឹមអេកផាក)
គូប្រកួតសប្តាហ៍ទី២២ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ
- អង្គរថាយហ្គឺរ vs ក្រសួងការពារជាតិ (ម៉ោង៣:៤៥នាទីរសៀល នៅកីឡដ្ឋានហនុមាន)
- គិរីវង់សុខសែនជ័យ vs ព្រៃវែង (ម៉ោង៣:៤៣នាទីរសៀល នៅកីឡដ្ឋានគិរីវង់)
- បឹងកេត vs វិសាខា (ម៉ោង៦ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


