កីឡា
បារាំង បន្តការរឹតបន្តឹងសន្តិសុខមុនពិធីបើកកីឡាអូឡាំពិក ឆ្នាំ២០២៤
អាជ្ញាធរបារាំងបានពង្រឹងវិធានការសន្តិសុខនៅមុនពិធីបើកកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្លើយតបទៅនឹងការគំរាមកំហែងមុននៃការវាយប្រហារដែលអាចកើតមានក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។
ប្រទេសនេះកំពុងរៀបចំស្វាគមន៍អ្នកទស្សនាប្រមាណ ១៥លាននាក់ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី១៤ ខែសីហា។ អត្តពលិកសរុបចំនួន ១០,៥០០នាក់នឹងចូលរួមប្រកួតប្រជែងមកពី ២០៦ប្រទេស ដោយការប្រកួតនេះ គឺជាការប្រកួតដ៏ធំបំផុតមិនធ្លាប់មាននៅលើទឹកដីនៃប្រទេសបារាំង។

ចំពេលការប្រកួតនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យមានការបោះឆ្នោតមួយ ដែលធ្វើឱ្យមានភាពចម្រូងចម្រាសនៅចំកណ្តាលព្រឹត្តិការណ៍នាពេលខាងមុខ។ ទោះជាយ៉ាងណា ការប្រកួតនឹងដំណើរការដោយមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោត។ ខណៈពេលវាអស្ចារ្យជាមួយក្តីរំពឹងមនុស្សរាប់លាននាក់នឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក វាជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់កងកម្លាំងសន្តិសុខ។
ជំរុំយោធាដ៏ធំមួយត្រូវបានសាងសង់ឡើង ដើម្បីផ្ទុកកងកម្លាំងសន្តិសុខ និងទាហានក្នុងអំឡុងពេលកីឡាអូឡាំពិក ជាមួយនឹងបុគ្គលិកសន្តិសុខជាង ៣៥,០០០នាក់ត្រូវបានគេរំពឹងថានឹងដំណើរការក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បានព្រមានពីការគំរាមកំហែងជាច្រើនចំពោះព្រឹត្តិការណ៍នេះ រួមទាំងពីក្រុមរដ្ឋឥស្លាម និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមផ្សេងទៀត សកម្មជនបរិស្ថានដ៏ឃោរឃៅ ពួកជ្រុលនិយម និងការវាយប្រហារតាមអ៊ីនធឺណិតដែលមានប្រភពមកពីប្រទេសរុស្ស៊ី។
ប៉ូលិសបារាំងបានស្ទាក់ចាប់ការគំរាមកំហែងភេរវកម្មជាសាធារណៈដំបូងគេរួចហើយដែលទាក់ទងនឹងព្រឹត្តិការណ៍។ កាលពីចុងខែមេសា កងកម្លាំងប្រឆាំងភេរវនិយមបារាំងបានចាប់ខ្លួនក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់មកពី Marignier ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីចេតនារបស់គេក្នុងការកសាងខ្សែក្រវាត់ផ្ទុះ និងធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅកន្លែងអូឡាំពិក។
នៅថ្ងៃទី២២ ខែឧសភា ពួកគេបានចាប់ខ្លួន Chechen អាយុ ១៨ឆ្នាំម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបំផ្ទុះគ្រាប់បែកលើអ្នកទស្សនា និងប៉ូលិសនៅកីឡដ្ឋានបាល់ទាត់ក្នុងទីក្រុង Saint-Etienne ។ ក្រោយមកពួកគេបានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីត្រូវបានគេសង្ស័យថាបានបង្កគ្រោះថ្នាក់ដល់ការរត់ភ្លើងគប់អូឡាំពិក។

មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់បារាំង និងអាមេរិកបានកំណត់អត្តសញ្ញាណកុបកម្ម បាតុកម្ម ឬកូដកម្មរបស់យុវជនថាជាការគំរាមកំហែងចម្បងចំពោះព្រឹត្តិការណ៍។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យទាំងនេះ រដ្ឋាភិបាលថ្មីៗនេះបានសម្របសម្រួលការដំឡើងប្រាក់ខែ និងប្រាក់លើកទឹកចិត្តយ៉ាងច្រើនជាមួយសហជីពដ៏មានឥទ្ធិពលរបស់ប្រទេសបារាំង រួមទាំងតំណាងកម្មករអនាម័យនៅទីក្រុងប៉ារីសផងដែរ។
កង្វល់ទីពីររបស់មន្ត្រីគឺអំពើភេរវកម្មតាមអ៊ីនធឺណិត ដែលជាការគំរាមកំហែងពិភពលោកកាន់តែខ្លាំង។ យោងតាមក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Cisco ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូក្នុងឆ្នាំ១០២១ បានប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណិតប្រហែល ៤៥០លាន។ ក្នុងនាមជាដៃគូផ្លូវការសម្រាប់ទីក្រុងប៉ារីសឆ្នាំ២០២៤ ក្រុមហ៊ុនបានប្រមើលមើលការកើនឡើងនៃការវាយប្រហារតាមអ៊ីនធឺណិត ដោយបានព្យាករថាមានឧប្បត្តិហេតុច្រើនជាង ៨ដងបើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍នៅតូក្យូ។
ប្រតិបត្តិការសន្តិសុខគឺផ្តោតជាចម្បងលើពិធីបើក ដែលបង្ហាញពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រពីការបើកក្នុងកីឡដ្ឋាន ទៅកាន់ការធ្វើនៅដងទន្លេ ដែលលាតសន្ធឹងលើចំណុចផ្លូវចូលជាង ១០០ទីតាំង។ អត្តពលិកនឹងជិះទូកតាមបណ្ដោយដងទន្លេប្រវែងជាង៦គីឡូម៉ែត្រ កាត់កណ្តាលទីក្រុងប៉ារីស ស្វាគមន៍ដោយហ្វូងមនុស្សអបអរសាទរ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីបារាំងបានកាត់បន្ថយចំនួនអ្នកទស្សនានៅជួរមាត់ទន្លេពីប្រមាណ៦០ម៉ឺននាក់ មកនៅត្រឹមតែប្រមាណ៣០ម៉ឺននាក់ក្នុងខែមករា ដោយលើកឡើងពីហេតុផលសន្តិសុខ។ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ពួកអ៊ីស្លាមនៅសាលប្រគុំតន្ត្រីរុស្ស៊ីក្នុងខែមីនា បារាំងបានបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខដល់កម្រិតខ្ពស់បំផុត។
នៅរាត្រីនៃថ្ងៃពិធីបើក អាកាសយានដ្ឋានប៉ារីសនឹងត្រូវបិទ រួមជាមួយនឹងការបិទស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវជាច្រើនជុំវិញកន្លែងកីឡា។ អ្នកធ្វើដំណើរ និងអ្នករស់នៅតាមដងទន្លេសែន នឹងទាមទារលេខកូដ QR ដើម្បីចូលទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យសុវត្ថិភាព។

កម្លាំងប្រដាប់អាវុធជាច្រើននឹងត្រូវដាក់ឲ្យឈរជើងនៅលើអគារជិតដងទន្លេសែន និងកន្លែងសម្គាល់ផ្សេងទៀត ខណៈពេលសត្វសុនខត្រូវស្រូបគ្រាប់បែកនឹងស្វែងរកអាវុធធម្មតា និងមិនធម្មតានៅក្នុងទីលាន សួនច្បារ និងស្ថានីយ៍រថភ្លើង។បុគ្គលិកសន្តិសុខជាតិកំពុងឃ្លាំមើលយ៉ាងសកម្មនូវបុគ្គលជិត ១០,០០០នាក់នៅក្នុងបញ្ជីឃ្លាំមើលភេរវកររបស់ប្រទេសបារាំង ហើយអាជ្ញាធរកំពុងពិនិត្យមើលយ៉ាងដិតដល់អំពីសំណើសុំការដោះលែងពីពន្ធនាគារ និងការជួលទីតាំងស្នាក់នៅ Air bnb។
ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខ លោក Macron បានលើកឡើងកាលពីពាក់កណ្តាលខែមេសាថា ពិធីនេះអាចផ្លាស់ប្តូរទីតាំងទៅកាន់កីឡដ្ឋាន Stade de France ប្រសិនបើកម្រិតនៃការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបារាំងបានប្រកាសកាលពីថ្ងៃចន្ទថា ព្រឹត្តិការណ៍នានានឹងដំណើរការដូចការគ្រោងទុកពីដំបូងសម្រាប់ថ្ងៃដ៏ធំ ដោយមិនមានការរៀបចំជំនួសណាមួយឡើយ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


