កីឡា
យុទ្ធគុនបុរាណខ្មែរពាន«សម្តេចធិបតី»នឹងធ្វើរាល់ឆ្នាំជាមួយច្បាប់ថ្មី និងមានតម្លៃបំផុត
ការប្រកួតកីឡាយុទ្ធគុនបុរាណខ្មែរពានរង្វាន់«សម្តេចធិបតី» នឹងធ្វើជារៀងរាល់ឆ្នាំដោយមានគោលបំណងអភិរក្ស និងអភិវឌ្ឍកីឡាយុទ្ធគុនបុរាណខ្មែរឲ្យរីកចម្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកទេសរដ្ឋមន្ត្រី ថោង ខុន ទទួលបន្ទុកជំរុញចលនាអភិវឌ្ឍកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិកម្ពុជាអូឡាំពិកកម្ពុជាថា កម្មវិធីប្រកួតកីឡាយុទ្ធបុរាណខ្មែរជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិរក្ស និងអភិវឌ្ឍកីឡាយុទ្ធគុនបរាណខ្មែរឲ្យមានបែបបទ ស្តង់ដា បច្ចេកទេស និងច្បាប់ទម្លាប់ច្បាស់លាស់។
លោក ថោង ខុន មានប្រសាសន៍ថា ៖«យើងមានកីឡាច្រើនប្រភេទនៅកប់ មិនទាន់បានបង្ហាញឲ្យមហាជនដឹង។ គោលដៅរបស់យើងគឺដើម្បីអភិរក្ស និងអភិវឌ្ឍ ប៉ុន្តែមិនឈានដល់អភិរក្ស និងអភិរក្ស។ យើងត្រូវសិក្សា ស្រាវជ្រាវ គាស់រំលើងឡើងវិញ ចង់ក្រងឲ្យច្បាស់លាស់។ យើងនៅមានក្បាច់គុនខ្មែរច្រើនទៀតដែលកប់នៅក្នុងសហគម ដូច្នេះហើយបានជាសម្តេចធិបតីផ្តួចផ្តើមឲ្យយើងទាំងអស់គ្នារៀបចំឡើងវិញ ចងក្រងឲ្យបានច្បាស់លាស់ និងរៀបចំឲ្យមានការប្រកួតទៀងទាត់។ បើចង់ឲ្យមានការអភិរក្ស ទាល់តែមានការចងក្រង ចង់ឲ្យមានការអភិវឌ្ឍ ទាល់តែមានការប្រកួត ដើម្បីឈានទៅដល់ការប្រកួតអន្តរជាតិ»។
កាលពីពេលថ្មីៗនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនបុរាណខ្មែរដែលមានលោក ថោង ខុន ជាប្រធាន និងមានអនុប្រធាន សមាជិកជាច្រើនរូបទៀត ក្នុងនោះអាជ្ញាធរតាមបណ្តាខេត្ត-ក្រុងក៏មានឈ្មោះជាអនុប្រធានផងដែរ។

ការប្រកួតនឹងធ្វើឡើងជារៀងរាល់ឆ្នាំដែលឆ្នាំដំបូងនេះរៀបចំនៅរាជធានីភ្នំពេញ ប៉ុន្តែឆ្នាំបន្តបន្ទាប់ទៀតនឹងធ្វើនៅតាមបណ្តាខេត្ត។ តាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីចង់ឲ្យរៀបចំនៅឆ្នាំក្រោយ ប៉ុន្តែដោយសារពេលវេលាអំណោយផល និងមានធនធានច្រើនស្រាប់ ដូច្នេះសម្រេចរៀបចំការប្រកួតនៅឆ្នាំនេះម្តងដែលនឹងធ្វើនៅថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាធិបតីទាំងពិធីបើក និងពិធីបិទ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា រហូតដល់ពេលនេះ មានកីឡាយុទ្ធគុនខ្មែរមួយចំនួនដែលត្រូវបានដាក់ឲ្យប្រកួតគឺ គុនល្បុក្កតោ គុនខ្មែរ គុនចម្រុះ យុទ្ធក្រមខម ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និងក្បាច់គុនកងយោធពលខេមរភូមិន្ទជាដើម។

កីឡាករ កីឡាការិនីអាយុចាប់ពី១៨ឆ្នាំដល់៦៥ឆ្នាំ ដែលជាអ្នកហ្វឹកហាត់កីឡា ទោះនៅខេត្ត ឬក្រុងសុទ្ធតែអាចចូលរួមប្រកួតបានទាំងអស់។ អត្តពលិកទាំងនៅរាជធានី ខេត្ត ដែលមានសហព័ន្ធកីឡា គ្មានសហព័ន្ធក្តីក៏អាចចូលរួមប្រកួត។
ច្បាប់នៃការប្រកួតគឺ គ្រប់ប្រភេទកីឡាមានតែ២នាទីក្នុង១ទឹក ហើយប្រកួតមានតែ២ទឹកប៉ុណ្ណោះសម្រាប់វិញ្ញាសាប្រយុទ្ធ ខណៈវិញ្ញាសាសម្តែងគឺអនុវត្តទៅតាមច្បាប់របស់សហព័ន្ធសាមី។ គ្រប់ប្រភេទកីឡាសុទ្ធតែមានវិញ្ញាសាសម្តែង និងវិញ្ញាសាប្រយុទ្ធ ដែលមានទាំងកម្រិតអាជីព និងស្ម័គ្រចិត្ត (មិនអាជីព) ដែលប្រកួតក្រោមច្បាប់ បច្ចេកទេស និងគោលការណ៍ថ្មី។

ទោះបីជាយ៉ាងណា ច្បាប់ និងគោលការណ៍នៅមិនទាន់ត្រូវបានពន្យល់ឲ្យច្បាស់លាស់នៅឡើយទេ។ តាមការកំណត់ វគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ និងច្បាប់ថ្មី នេះនឹងបណ្តុះបណ្តាលដល់ក្រុមការងារគ្រូបង្វឹកនាចុងខែសីហានេះ និងវគ្គបណ្តុះបណ្តាលដល់ចៅក្រម និងអាជ្ញាកណ្តាលនឹងធ្វើនៅខែកញ្ញា។
លោក វ៉ាត់ ចំរើន បានបង្ហើបឲ្យដឹងថា ដើម្បីលើកទឹកចិត្ត និងធ្វើឲ្យមានតម្លៃ គណៈកម្មការរៀបចំការប្រកួតកំពុងរៀបចំរង្វាន់លើកទឹកចិត្តមានដូចជា ប្រាក់រង្វាន់ ម៉ូតូ និងរថយន្ត ប៉ុន្តែមិនទាន់ផ្លូវការនៅឡើយទេ ពីព្រោះកំពុងស្នើសុំទៅរាជរដ្ឋាភិបាល។ ទោះបីជាយ៉ាងណា តម្លៃនៃការរៀបចំដែលផ្តួលផ្តើមឡើងដោយនាយករដ្ឋមន្ត្រីពិតជាមាអត្ថន័យខ្លាំងណាស់សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួមប្រកួត៕
អត្ថបទ៖ វីរបុត្រ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


