កីឡា
ចៅក្រម-អាជ្ញាកណ្តាល៤១រូបបញ្ចប់ការសិក្សា ត្រៀមព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែរ
ចៅក្រុម និងអាជ្ញាកណ្តាលចំនួន៤១នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញរបស់ខ្លួនដោយជោគជ័យសម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡា«យុទ្ធគុនចម្រុះបរាណខ្មែរពានរង្វាន់សម្តេចធិបតី» នាខែតុលា ឆ្នាំ២០២៤។
បន្ទាប់ពីដំណើរការវគ្គបណ្តុះបណ្តាលជាច្រើនថ្ងៃ និងបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលលើជំនាញអាជ្ញាកណ្តាល-ចៅបានបិទបញ្ចប់នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតីគឺប្រើប្រាស់បច្ចេកវិទ្យាក្នុងការដាក់ពិន្ទុ។ ចៅក្រម-អាជ្ញាកណ្តាលទាំងអស់បានរៀនពីរបៀបដាក់ពិន្ទុទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង។ ការរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាក្នុងការដាក់ពិន្ទុ និងពីលក្ខណៈសម្បត្តិជាចៅក្រម-អាជ្ញាកណ្តាលអាជីព។
លោកបានផ្តាំផ្ញើថា ៖«ចៅក្រម-អាជ្ញាកណ្តាលត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍យុត្តិធម៌។ ជៀសវាងដាច់ខាតនូវអគតិទាំង៤ក្នុងការកាត់សេចក្តីគឺមិនត្រូវលំអៀងព្រោះស្រឡាញ់ លំអៀងព្រោះស្អប់ លំអៀងព្រោះសាច់ញាតិ បក្សពួក ឬស្ថិតនៅក្រោមគំនាបអ្នកដទៃឡើយ។ គណៈកម្មការរៀបចំការប្រកួតត្រូវពិនិត្យមើលឲ្យច្បាស់ថាតើ កីឡាករ កីឡាការិនីមកពីក្លិបណា ហើយចៅក្រម អាជ្ញាកណ្តាលមកពីណា ដើម្បីកុំឲ្យដាក់កាត់សេចក្តីចំលើកីឡាករ កីឡាការិនីមកពីក្លិប ឬសមាគមជាមួយគ្នា»។

លោក ចាន់ ឫទ្ឋិស័ក្តិ (Derek Bidaut) បុរសបារាំងបេះដូងខ្មែរជាអាជ្ញាកណ្តាលម្នាក់ក្នុងចំណោមចៅក្រម-អាជ្ញាកណ្តាលបានលើកឡើងថា លោកពិតជារីករាយដែលបានចូលរួមវគ្គសិក្សាស្តីពីចៅក្រម និងអាជ្ញាកណ្តាលសម្រាប់រៀបចំការប្រកួតយុទ្ធគុនបុរាណខ្មែរ។ វគ្គនេះពិតជាមានសារសំខាន់លើជំនាញរបស់លោកដែលមានស្រាប់គឺអាជ្ញាកណ្តាលគុនល្បុក្កតោ។ លោកបានសន្យាប្រកាន់ភ្ជាប់នូវគោលការណ៍យុត្តិធម៌។
ក្នុងចំណោមចៅក្រុម-អាជ្ញាកណ្តាលទាំងអស់មាននារី៤នាក់ប៉ុណ្ណោះដែលបានចូលរួមវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។ កីឡាការិនីគុនល្បុក្កតោ អេង ស៊ូម៉ាឡា ជានារី១នាក់ក្នុងចំណោមនារី៤នាក់បានប្រាប់ថា កន្លងមកធ្លាប់ធ្វើកិច្ចការនេះផ្នែកកីឡាល្បុក្កតោ ហើយពេលនេះបានបង្កើនជំនាញបន្ថែមទៀតលើការប្រកួតយុទ្ធគុនចម្រុះបរាណខ្មែរ និងសង្ឃឹមមាននារីច្រើនបានចូលរួមវគ្គបណ្តុះបណ្តាលបែបនេះ។

ព្រឹត្តិការណ៍ប្រកួត«យុទ្ធគុនចម្រុះបរាណខ្មែរពានរង្វាន់សម្តេចធិបតី»គឺមានតែកីឡាអត្តសញ្ញាណជាតិដូចជា គុនល្បុក្កតោ យុទ្ធក្រមខម គុនខ្មែរ គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និង ក្បាច់គុនកងយោធពលខេមរភូមិន្ទជាដើម។ ការប្រកួតនេះប្រើច្បាប់ និងលក្ខន្តិកៈថ្មី ហើយចៅក្រម-អាជ្ញាកណ្តាលក៏មិនមែនប្រើជំនាញមុនៗដូចជាគុនខ្មែរជាដើមមកប្រើប្រាស់ឡើយ ប៉ុន្តែគឺជាការប្រើប្រាស់ជំនាញថ្មីដោយផ្តោតលើបច្ចេកទេស។
ព្រឹត្តិការណ៍«យុទ្ធគុនចម្រុះបរាណខ្មែរ»ផ្តួចផ្តើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានគោលបំណងសំខាន់គឺជំរុញយុទ្ធគុនដូនតាខ្មែរឲ្យផុលផុស ការអភិរក្ស និងការអភិវឌ្ឍសិល្បៈក្បាច់បុរាណខ្មែរឲ្យមានបែបបទ ក្បួនច្បាប់ច្បាស់លាស់សម្រាប់អ្នកជំនាន់ក្រោយ។ ការប្រកួតមានរយៈពេល៣ថ្ងៃគឺថ្ងៃទី១៨-១៩-២០ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


