កីឡា
ព្រុំ សំណាង, រឿង សុភ័ណ្ឌ និង ថៃ រ៉េត ដឹកដៃគ្នាទៅប្រកួតនៅអង់គ្លេស
អ្នកលេងគុនខ្មែរ៣រូបទទួលបានទិដ្ឋាការរួចរាល់ហើយដើម្បីធ្វើដំណើរទៅប្រកួតនៅប្រទេសអង់គ្លេសនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសង្វៀន Might Night London ក្នុងទីក្រុងឡុងដ៍។
កីឡាករ ព្រុំ សំណាង ត្រូវប្រកួតជាមួយកីឡាករប៉ូឡូញ Barket Paszcyk ខណៈអ្នកលេងកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ ប៉ះជើងខ្លាំងអង់គ្លេស Luke Whelan ហើយកីឡាករ ថៃ រ៉េត ក៏ជួបកីឡាករអង់គ្លេសវ័យក្មេង Donny Smith។
- ថៃ រ៉េត vs Donny Smith

កីឡាករអង់គ្លេសរូបនេះអាចចាត់ទុកជាអ្នកប្រដាល់វ័យក្មេងកំពុងឡើងជើង។ រូបគេបានឆ្លងកាត់លើសង្វៀន៣៥ដងហើយគឺឈ្នះ៣២ដង និងចាញ់៣ដង គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែមិនទាន់ច្បាស់ថាតើរូបគេបានប្រកួតប៉ុន្មានដងទៀតចាប់ពីខែឧសភា ដល់ខែតុលានេះ។

Donny Smith មានទម្ងន់៨១គីឡូក្រាម អាយុ១៧ឆ្នាំ កម្ពស់១.៨៥ ដែលមានប្រៀបលើកីឡាករកម្ពុជា ថៃ រ៉េត ដែលមានកម្ពស់១.៧៥ម៉ែត្រ អាយុ២៤ឆ្នាំ ប៉ុន្តែកីឡាករកម្ពុជាមានបទពិសោធឡើងសង្វៀនច្រើនជាងគឺឈ្នះ៦៩ដង ចាញ់១៣ដង និងស្មើ២ដង។
- ព្រុំ សំណាង vs Bartek Paszcyk

កីឡាករប្រដាល់ប៉ូឡូញរហស្សនាម«អ្នកបំផ្លាញ់» Bartek Paszcyk មានបទពិសោធច្រើនក្នុងការប្រកួតកីឡាផ្សេងៗគ្នាដូចជា មួយថៃ ឃីកបុកស៊ីង និងគុនចម្រុះ។ រូបគេស្ថិតនៅចំណាត់ថ្នាក់លេខ៤ប្រចាំចក្រភពអង់គ្លេស ក្នុងប្រភេទទម្ងន់៨០គីឡូក្រាម សម្រាប់កីឡាឃីកបុកស៊ីង។ កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០២៣ រូបគេបានផ្តួលកីឡាករ Toby Jackson ឲ្យសន្លប់តាមរយៈកណ្តាប់ដៃស្តាំ ប៉ុន្តែមិនមានចំនួនប្រកួតជាក់លាក់ទេអំពីឃីកបុកស៊ីង និងមួយថៃ។
ចំពោះការប្រកួតគុនចម្រុះ (MMA) វិញ Bartek Paszcyk ធ្លាប់ប្រកួតបាន៥ដងគឺឈ្នះ១ និងចាញ់៤។ កាលពីខែមេសា ឆ្នាំ២០២៤ រូបគេបានចាញ់កីឡាករ Przemslaw Szyska ដោយត្រូវបានរឹតកឲ្យចុះចាញ់ក្នុងទឹកទី១។ នៅខែឧសភា ឆ្នាំ២០២១ រូបគេបានផ្តួលកីឡាករ Craig Allen ឲ្យសន្លប់ទឹកទី១។ ពីរប្រកួតផ្សេងទៀត រូបគេបានចាញ់កីឡាករ Kamil Korzeniewski ក្នុងទឹកទី២ និងចាញ់កីឡាករ Steven Hill ក្នុងទឹកទី១។

មែនទែនទៅ កីឡាករ Bartek Paszcyk មិនសូវជាខ្លាំងប៉ុន្មានឡើយ បើប្រៀបធៀបជាមួយកីឡាករ ព្រុំ សំណាង ពីព្រោះកីឡាករកម្ពុជាបានប្រកួតញឹកញាប់ និងមានបទពិសោធច្រើនជាង ប៉ុន្តែគ្រាន់តែថា ការប្រកួតនេះលក្ខណៈឃីកបុកស៊ីងដែលហាក់ថ្មីសម្រាប់កីឡាករកម្ពុជា។
- រឿង សុភ័ណ្ឌ vs Luke Whelan

កីឡាករអង់គ្លេស Luke Whelan អាយុ៣៣ឆ្នាំ បានប្រឡូកក្នុងអាជីពប្រដាល់ឃីកបុកស៊ីង និងមួយថៃអស់រយៈពេល១៥ឆ្នាំហើយ។ រូបគេបានឆ្លងកាត់បទពិសោធឡើងសង្វៀនធំៗស្ទើរទូទាំងពិភពលោកដូចជា សង្វៀនឃីកបុកស៊ីងលំដាប់ពិភពលោក K-1 របស់ជប៉ុន សង្វៀនលំដាប់ពិភពលោក Glory របស់ប្រទេសអង់គ្លេស និងសង្វៀនជាច្រើននៅតំបន់អឺរ៉ុប។
រយៈពេល១៥ឆ្នាំនៃប្រដាល់អាជីពប្រដាល់ កីឡាករកម្ពស់១.៨៥ម៉ែត្រ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ធ្លាប់ឡើងសង្វៀនចំនួន៧៣ដង ក្នុងនោះទទួលបានជ័យជម្នះ៥៧ដង ចាញ់១៤ដង និងស្មើ២ដង ហើយជាកីឡាករលំដាប់លេខ១នៅចក្រភពអង់គ្លេសក្នុងប្រភេទទម្ងន់៧០គីឡូក្រាម។

កីឡាករ Luke Whelan បានឈ្នះខ្សែក្រវាត់ចំនួន៨ខ្សែគឺ ជើងឯកពិភពលោក៦ខ្សែនៅស្ថាប័ន IKF, FIBA, KGP, ISKA, ជើងឯកទ្វីបអឺរ៉ុប European Championship និងជើងឯកចក្រភពអង់គ្លេស២លើក។
ការជួបគ្នាជាមួយអ្នកលេងគុនខ្មែរ រឿង សុភ័ណ្ឌ មិនមានអ្វីគួរឲ្យបារម្ភខ្លាំងសម្រាប់កីឡាករអង់គ្លេសរូបនេះទេ ពីព្រោះរូបគេបានឆ្លងកាត់ដៃគូខ្លាំងៗជាច្រើន និងជាការប្រកួតនៅទឹកដីកំណើតខ្លួនឯងរឹតតែមានកម្លាំងចិត្ត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


