កីឡា
ជើងខ្លាំងគុនខ្មែរ១០រូបលេចធ្លោខ្លាំងក្នុងឆ្នាំ២០២៤
ឆ្នាំ២០២៤អាចចាត់ទុកជាពេកវេលាដែលគុនខ្មែរលេចមុខមាត់លើឆាកអន្តរជាតិកាន់តែខ្លាំង បន្ទាប់ពីមានការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរជាច្រើននៅក្រៅប្រទេស។ ក្នុងនោះកីឡាករគុនខ្មែរជាច្រើនរូបនេះទទួលបានឱកាសប្រកួតនៅក្នុងប្រទេស និងក្រៅប្រទេសដែលនាំសមិទ្ធផលសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញកីឡាករ១០រូបគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០២៤។
- ១. អេ អាំម៉ារីនភូថង

ការឈ្នះខ្សែក្រវាត់ និងរថយន្តថ្មីសន្លាង១គ្រឿងកាលពីចុងឆ្នាំ២០២៣ អេ អាំម៉ារីនភូថង នៅតែបន្តក្តោបក្តាប់សមិទ្ធផលធំបន្ថែមទៀតក្នុងឆ្នាំ២០២៤។ រូបគេបានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ បន្ទាប់ពីឈ្នះកីឡាកររុស្ស៊ី Ovanes Nagabedyan ក្នុងទឹកទី១ និងសងសឹកបានសម្រេចលើមិត្តរួមជាតិ ឡុង សំណាង ដើម្បីទទួលបានខ្សែក្រវាត់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងខែឧសភា ជាមួយប្រាក់រង្វាន់២០លានរៀល។ អេ អាំម៉ារីនភូថង បានឈ្នះខ្សែក្រវាត់គុនខ្មែរមួយទៀត កាលពីថ្ងៃទី១៤ ខែធ្នូ និងក្លាយជាកីឡាករប្រកួតមិនចាញ់នៅក្រៅប្រទេសក្នុងឆ្នាំ២០២៤។
- ២. ហុងសុវណ្ណ ចាន់សុធី

ឆ្នាំ២០២៤ អាចចាត់ទុកជាពេលវេលាឈានដល់កម្រិតកំពូលរបស់អ្នកប្រដាល់ ហុងសុវណ្ណ ចាន់សុធី។ កីឡាកររូបនេះទទួលបានឱកាសប្រកួតជាញឹកញាប់នាឆ្នាំកន្លងមក ប៉ុន្តែអ្នកគាំទ្រមិនសូវជាផ្ទុះការចាប់អារម្មណ៍ខ្លាំងទេដោយសារក្បាច់វ៉ៃតាមបច្ចេកទេសមួយៗ។ ទោះបីជាយ៉ាងណា អ្នកគាំទ្របានភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមរង្វាន់រថយន្តដែលរូបគេបានផ្តួលជើងខ្លាំងជាបន្តបន្ទាប់រហូតក្លាយជាម្ចាស់រថយន្តដ៏ថ្មីសន្លាង។ ចាប់តាំងពីពេលនោះមក ចាន់សុធី ទទួលបានឱកាសប្រកួតជាបន្តបន្ទាប់ទាំងក្នុងស្រុក និងក្រៅប្រទេស។
- ៣. ឈឿង ល្វៃ

ជាង១០ប្រកួតក្នុងឆ្នាំ២០២៤ ឈឿង ល្វៃ បានចាញ់តែ២ប៉ុណ្ណោះ ក្នុងនោះរូបគេបានក្លាយជាកីឡាករគុនខ្មែរតែម្នាក់គត់ដែលបានឈ្នះខ្សែក្រវាត់២ខ្សែនៅទីក្រុងហុងកុង ប្រទេសចិន។ រូបគេបានឈ្នះខ្សែក្រវាត់ម៉ារ៉ាតុង World Super-4 ទម្ងន់៧២គីឡូក្រាមលើកទី១ នៅខែមីនា និងលើកទី២នៅ ខែមិថុនា ឆ្នាំ២០២៤។ ក្រៅតែពីឈ្នះខ្សែក្រវាត់ និងពានរង្វាន់ផ្សេងៗ ឈឿង ក៏បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតីឆ្នាំ២០២៤។
- ៤. ម៉ឺន មេឃា

ម៉ឺន មេឃា ជាកីឡាករពហុជំនាញដែលទទួលបានសមិទ្ធផលទាំងផ្ទាល់ខ្លួន និងជូនជាតិ។ ជាម្ចាស់មេដាយមាសស៊ីហ្គេម២រដូវកាលជាប់គ្នាលើប្រភេទកីឡាវ៉ូវីណាម រូបគេចាប់ប្រកួតឃីកបុកស៊ីងដោយមិនទាន់ស្គាល់បរាជ័យសោះ ហើយក៏បន្តជោគជ័យលើការប្រកួតគុនចម្រុះថែមទៀតដែលរូបគេបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតីឆ្នាំ២០២៤។
- ៥. បឺត សង្ឃឹម

រឿងគួរឲ្យសោកស្តាយសម្រាប់ បឺត សង្ឃឹម ក្នុងឆ្នាំ២០២៤ គឺចាញ់កីឡាករថៃ Yothin កាលពីខែកុម្ភៈធ្វើឲ្យរូបគេមិនទទួលបានខ្សែក្រវាត់ WBC ប៉ុន្តែចាប់តាំងពីនោះមក កីឡាកររូបនេះនៅរក្សាបច្ចេកទេសដ៏ពិសេសស្ទើរគ្មាននរណាដូច។ រូបគេបានយកឈ្នះមិត្តរួមជាតិ ពេជ្រ ប៊ុនសិទ្ធ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ហនុមានអមដោយប្រាក់រង្វាន់២០លានរៀលកាលពីខែកញ្ញា នៅសង្វៀនបាយ័ន។ នៅខែសីហា រូបគេបានយកឈ្នះមិត្តរួមជាតិ វ៉ាន់ វឿន ដើម្បីទទួលបានរង្វាន់រថយន្ត១គ្រឿងនៅសង្វៀនបាយ័ន ព្រមទាំងឈ្នះខ្សែក្រវាត់គុនខ្មែរ Extreme នៅសង្វៀនហង្សមាស។ រូបគេបានប្រកួតជាមួយកីឡាករបរទេសស្ទើរគ្មានខែណាដែលមិនឡើងសង្វៀនឡើយ។
- ៦. ឈុត សេរីវ៉ាន់ថង

ឈុត សេរីវ៉ាន់ថង មិនសូវជាទទួលបានសមិទ្ធផលធំទេនៅក្នុងឆ្នាំ២០២៤ ប៉ុន្តែរូបគេនៅតែទទួលបានឱកាសឡើងសង្វៀនជាបន្តបន្ទាប់។ រូបគេបានឈ្នះកីឡាករបារាំង Omar Driss និងឈ្នះមិត្តរួមជាតិ ឃីម បូរ៉ា ដើម្បីទទួលបានខ្សែក្រវាត់មួយនៅប្រទេសបារាំង។ ទោះបីជាយ៉ាងណា ការប្រកួតជុំចុងក្រោយដែលជាឱកាសដណ្តើមរង្វាន់រថយន្តនោះ រូបគេបានចាញ់កីឡាករអេស្ប៉ាញក្នុងទឹកទី១នៅប្រទេសបារាំង។ បន្ទាប់មក ឈុត សេរីវ៉ាន់ថង បានចាញ់កីឡាករ Hisai Taimu ក្នុងទឹកទី១នៅប្រទេសជប៉ុន។ យ៉ាងណា សម្រាប់ការប្រកួតក្នុងស្រុក រូបគេមិនធ្លាប់ចាញ់ឡើយក្នុងឆ្នាំ២០២៤។
- ៧. លន បញ្ញា

លន បញ្ញា ជាកីឡាករប្រដាល់មួយរូបដែលរក្សាបានសមត្ថភាពបានយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ រូបគេបានឡើងសង្វៀនប្រហែល១៥ដងក្នុងឆ្នាំ២០២៤ដែលចាញ់តែ២ដងគត់។ រូបគេបានផ្តួលមិត្តរួមជាតិ ឡុង សំណាង ដើម្បីទទួលបានខ្សែក្រវាត់។ រូបគេបានឈ្នះជើងខ្លាំងថៃជាច្រើនរូប ក្នុងនោះគឺស្មើជាមួយជើងខ្លាំងបារាំង Anthony Defretin ដែលធ្លាប់ឈ្នះ ឡៅ ចិត្រា និងជាម្ចាស់មេដាយមាសកីឡាជាតិ ឆ្នាំ២០២៤។
- ៨. ពេជ្រ សម្បត្តិ

ពេជ្រ សម្បត្តិ បានប្រកួតប្រហែលជា៣៥ដងនៅក្នុងឆ្នាំ២០២៤ គិតទាំងគម្រោងប្រកួតជាមួយកីឡាករ តៃម៉ូ នៅថ្ងៃទី៣០ ខែធ្នូ នៅប្រទេសជប៉ុន ទាំងការប្រកួតកីឡាជាតិលើកទី៤ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ។ តម្លៃខ្លួនសរុបពីការប្រកួតជាង៣០ដងគឺប្រហែលជាង៦ម៉ឺនដុល្លារអាមេរិក។ រូបគេបានឈ្នះខ្សែក្រវាត់ជាច្រើន ឈ្នះមេដាយមាសកីឡាជាតិ និងឈ្នះមេដាយមាសជើងឯកជាតិ។
- ៩. ព្រុំ សំណាង

ព្រុំ សំណាង នៅតែឈរជើងជាកីឡាករល្អក្នុងទម្ងន់ធ្ងន់នៅប្រទេសកម្ពុជា ទោះជាវ័យកាន់តែច្រើន។ ឆ្នាំ២០២៤ រូបគេនៅតែទទួលបានឱកាសប្រកួតញឹកញាប់ទាំងក្នុង និងក្រៅប្រទេស។ រូបគេបានបរាជ័យតែ២ដងគត់គឺចាញ់កីឡាករប្រេស៊ីល Lucas Gabrel និង កីឡាករប្រដាល់ប៉ូឡូញ Bartek Paszczyk នៅអង់គ្លេស ខណៈទទួលបានជោគជ័យនៅប្រទេសបារាំង។ រាល់ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ រូបគេកម្រខកខានណាស់ ក្នុងនោះបានឈ្នះមេដាយមាសកីឡាជាតិ លើកទី៤។
- ១០. ធឿន ធារ៉ា

ជោគជ័យក្នុងឆ្នាំ២០២២ តាមរយៈការឈ្នះខ្សែក្រវាត់ Thai Fight និងឆ្នាំ២០២៣ ឈ្នះខ្សែក្រវាត់ 8 Men Tournament ដែលមានរង្វាន់រថយន្ត១គ្រឿង ធឿន ធារ៉ា រឹតតែធ្វើធ្វើបានល្អក្នុងឆ្នាំ២០២៤។ រូបគេបានបង្កើតកំណត់ត្រាមិនចាញ់សោះក្នុងឆ្នាំ២០២៤ ជាមួយការឈ្នះខ្សែក្រវាត់ 8 Men Tournament លើកទី២ ដោយមានរង្វាន់ផ្ទះវីឡា និងជាប់ឈ្មោះក្នុងទស្សនាវដ្តីអាមេរិកដ៏ល្បី «Forbes»៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ