Connect with us

កីឡា

គ្រូ ព្រះខ័នរាជស្វាយរៀង ថា ក្រុមនៅខ្វះខាត២​ចំណុចត្រូវកែលំអ ទោះឈ្នះ ណាហ្គាវើលដ៍ ៣-០

បានផុស

នៅ

គ្រូ​បង្វឹក​របស់ ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានលើកឡើងពីកង្វះ​ខាត​ ២ ចំណុច ដែលក្រុមត្រូវកែតម្រូវ ទោះដឹកនាំប្រកួត​បើក​ឆាក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ ទទួលបានលទ្ធផលឈ្នះយ៉ាងធំធេងក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Mathew McConkey

កាលពីល្ងាចថ្ងៃ អាទិត្យ ទី ១០ ខែ សីហា ឆ្នាំ ២០២៥ ក្រុម ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ បន្ទាប់ពីការប្រកួតបើកឆាកក្នុងលីគកំពូល កម្ពុជា Cambodian Premier League តាម​រយៈ​ជ័យជម្នះលើក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ៣ ទល់នឹង ០។

ក្រោយបញ្ចប់ការប្រកួតលោក Mathew McConkey បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសថា៖ «សម្រាប់ការប្រកួតទាំងមូល យើងមើលទៅបានល្អ។ ជាពិសេសនៅពេល យើងការពារ គឺពួកយើងធ្វើបានល្អ។ រយៈពេលប្រហែល ១០ នាទីដំបូង យើងមានបាល់ល្អ​ៗ​ច្រើន ប៉ុន្តែនៅពេល ណាហ្គាវើលដ៍ បានប្តូរទម្រង់លេងមួយចំនួននៅតំបន់កណ្តាល វាបានធ្វើឱ្យយើងចាប់ផ្តើមមានបញ្ហា​ខ្លះ​»

គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំបានមានប្រសាសន៍បន្តថា៖ «ពេលយើងមានបាល់ គឺដូចរាល់ដងដែរ ពួកយើងធ្វើបានល្អ ប៉ុន្តែចំណុច ដែលពួកយើងគួរកែប្រែ គឺយើងត្រូវការស៊ុតបញ្ចូលទីឱ្យបានច្រើនជាងហ្នឹងទៀត។ យើងមិនអាចបាត់បង់ឱកាសនៃការទាត់បញ្ចូលទីទេ នៅពេល​យើងមានឱកាសអាចស៊ុតបញ្ចូលទីបាន។ ដូច្នេះ ចំណុចដែលត្រូវកែប្រែ គឺពួកយើងត្រូវការទំនាក់ទំនងគ្នាឱ្យបានល្អ និងបញ្ចប់ទីឱ្យបានច្បាស់»

ទិដ្ឋភាពប្រកួត

តាមរយៈការលើកឡើងរបស់លោក McConkey គឺលោកបានលើកសរសើរអំពីកូនក្រុមរបស់លោក​ ធ្វើបានល្អនៅក្នុងការប្រកួត ដែលយកឈ្នះ ណាហ្គាវើលដ៍ ៣-០ ។ ទោះបីជាយ៉ាងណា លោកមើលឃើញ​កូនក្រុមរបស់ខ្លួនហាក់ខ្ជះខ្ជាយគ្រាប់បាល់បន្តិច នៅពេលពួកគេមានឱកាសស៊ុតបញ្ចូលទី។ ជាមួយគ្នានេះ លោកនឹងឱ្យក្រុមទាំងមូលកែប្រែនូវចំណុចខ្វះខាត ២ ចំណុច ដោយទី ១ គឺការទំនាក់ទំនងគ្នាលើទីលាន និងទី ២ គឺការបញ្ចប់ទីសម្រាប់តំបន់ប្រយុទ្ធ។

គួរបញ្ជាក់ថា ក្រោយជ័យជម្នះប្រកួតដំបូងក្នុងលីគកំពូល កម្ពុជា Cambodian Premier League កាលពីយប់មិញ បានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង ពេលនេះឈរនៅលេខរៀងទី ២ ដោយមាន ៣ ពិន្ទុពេញ និងមានគ្រាប់ចំណេញ ៣ គ្រាប់៕

ទិដ្ឋភាពប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម