កីឡា
ប៉ះ អ៉ីរ៉ាក់ ថ្ងៃស្អែក លោក Koji ត្រូវការពិន្ទុ ដើម្បីបង្កើតកំណត់ត្រាលើកទី២ សម្រាប់យុវជនកម្ពុជា
លោកគ្រូ Koji Gyotoku ត្រូវដឹកនាំក្រុម U23 កម្ពុជា រកឲ្យបានពិន្ទុពីក្រុម U23 អ៉ីរ៉ាក់ ទើបអាចមានឱកាសអ៊ុតក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុតក្នុងពូលនៅពេលក្រុមទាំងពីរត្រូវប្រកួតកាត់សេចក្តីចុងក្រោយ ក្នុងពូល G ពានរង្វាន់យុវជនអាស៊ី AFC U23 Asian Cup វេលាម៉ោង៧យប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥នេះ។

ឆ្លងកាត់ ២ ប្រកួតដូចគ្នា ក្រុមទាំងពីរមិនទាន់បរាជ័យដូចគ្នា។ អ៉ីរ៉ាក់ រកបាន ៦ ពិន្ទុពេញ កំពុងឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ ប៉ាគីស្ថាន ៨-១ និងឈ្នះ អូម៉ង់ ១-០។ ចំណែក កម្ពុជា រកបាន ៤ ពិន្ទុ ឈរលេខ២ តាមរយៈជ័យជម្នះ ១-០ លើ ប៉ាគីស្ថាន និងស្មើ អូម៉ង់ ០-០។
ការប្រកួតនេះ ក្រុមណាឈ្នះ នឹងទទួលបានលេខ ១ ក្នុងពូល ឡើងទៅជុំចុងក្រោយដោយស្វ័យប្រវត្តិ។ ប្រសិនបើ អ៉ីរ៉ាក់ ចាញ់ ក៏ពួកគេនៅតែមានភាគរយខ្ពស់ក្នុងការឡើងទៅជុំចុងក្រោយក្នុងនាមជាក្រុមលេខ២ល្អបំផុត។ ផ្ទុយទៅវិញ ប្រសិនបើ កម្ពុជា ចាញ់គឺអស់ឱកាសហើយ ប៉ុន្តែ ប្រសិនបើស្មើគ្នាគឺ អ៉ីរ៉ាក់ លេខ១ ហើយ កម្ពុជាអាចមានឱកាសអ៊ុតមើលចំណាតត់ថ្នាក់លេខ ២ ល្អបំផុតក្នុងពូល។

ការប្រកួតនេះនឹងពិបាកខ្លាំងសម្រាប់ម្ចាស់ផ្ទះកម្ពុជា។ ក្រុមអ៉ីរ៉ាក់ ពិតជាមានទម្រង់លេងល្អហួសពីការស្មាន ដោយស្ទើរតែដូចមកពីតំបន់អឺរ៉ុបទៅហើយ។ ពួកគេមានបច្ចេកទេសលេងបាល់មួយប៉ះដ៏មានប្រសិទ្ធភាព ហើយលេងចង្វាក់លឿនៗ និងបោះបាល់ចោះចូលកណ្តាលដ៏គ្រោះថ្នាក់។ ទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធសុទ្ធតែល្អ ហើយកាយសម្បទារបស់ពួកគេក៏មានប្រៀបជាងកម្ពុជាថែមទៀត។
ក្រុម អ៉ីរ៉ាក់ មិនធ្លាប់ធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលឡើយ។ ពួកគេតែងតែបានឡើងទៅជុំចុងក្រោយរហូតគិតចាប់តាំងពីឆ្នាំដំបូង ២០១៣ មក ហើយពួកគេធ្លាប់បានឈ្នះជើងឯកពានរង្វាន់នេះថែមទៀត។

កម្ពុជា ត្រូវការប្រុងប្រយ័ត្នខ្លាំងមែនទែនសម្រាប់ការប្រកួតនេះ។ កម្ពុជា ត្រូវគ្រប់គ្រងបាល់ឲ្យបានច្រើន ការពារឲ្យបានល្អ និងកាត់ផ្តាច់ចង្វាក់ពួកគេតាមដែលអាចទៅបាន ពីព្រោះពួកគេលេងបាល់មួយប៉ះកម្រខូចណាស់។ ការប្រកួតនេះពិបាកយកឈ្នះ អ៉ីរ៉ាក់ ណាស់ ដូច្នេះត្រឹមលទ្ធផលស្មើក៏ជារឿងល្អដែរ។
កម្ពុជាមិនធ្លាប់មានប្រវត្តិឡើងដល់ជុំចុងក្រោយឡើយ ពោលគឺធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលរហូត។ ឆ្នាំ ២០២៥ គឺជាការទទួលធ្វើម្ចាស់ផ្ទះលើកទី ៣ បន្ទាប់ពីធ្លាប់ធ្វើម្ចាស់ផ្ទះឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩។

លោក Koji Gyotoku គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានដឹកនាំក្រុម U20 កម្ពុជា បង្កើតប្រវត្តិសាស្ត្រដំបូងក្នុងការឡើងទៅជុំចុងក្រោយពានរង្វាន់ AFC U20 Asian Cup ឆ្នាំ២០២០។ លទ្ធផលការប្រកួតនៅពេលនោះធ្វើឲ្យមានការភ្ញាក់ផ្អើលមែនទែន ពីព្រោះស្ទើរតែឈ្នះគ្រប់ការប្រកួតក្នុងពូល ហើយជាពិសេសគឺបានឈ្នះថៃ។ ការប្រកួតពហុកីឡដ្ឋានជាតិអូឡាំពិក បើកឆាកចាញ់ ម៉ាឡេស៊ី ប្រផុតប្រផើយគឺ ៤-៥ ប៉ុន្តែ៣ប្រកួតចុងក្រោយ បានឈ្នះ កោះម៉ារីណា ៩-០, ឈ្នះ ថៃ ២-១ និង ឈ្នះ ព្រុយណេ ៣-០ ដើម្បីទទួលបានលេខ ២ ក្នុងពូល ឡើងទៅជុំចុងក្រោយ។ ទោះបីជាយ៉ាងណា ដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះ អ៊ូបេគីស្ថាន បានលុបចោលសម្រាប់ការរៀបចំប្រកួតជុំចុងក្រោយ។
ឥឡូវនេះ គ្រូបង្វឹកសញ្ជាតិជប៉ុនកំពុងសម្លឹងឆ្ពោះទៅរកការបង្កើតកំណត់ត្រាជាលើកទី២ សម្រាប់ការដឹកនាំក្រុមបាល់ទាត់យុវជនកម្ពុជា នៅពានរង្វាន់កម្រិតអាស៊ី។

កុំភ្លេច វេលាម៉ោង ៧យប់ ថ្ងៃអង្គារ ទី៩ ខែកញ្ញា កម្ពុជា ប្រកួតជាមួយ អ៉ីរ៉ាក់ វគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយ ពានរង្វាន់ AFC U23 Asian Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


