Connect with us

ព័ត៌មានជាតិ

គ្រួសារវីរកងទ័ពកម្ពុជា ថ្លែងអំណរគុណដល់រដ្ឋាភិបាល ចំពោះការគិតគូរពីសុខទុក្ខរបស់ពួកគាត់

បានផុស

នៅ

អ្នកស្រី ឈុន វណ្ណារី ជាម្ដាយរបស់វីរកងទ័ពជួរមុខ បានសម្តែងក្តីសប្បាយចិត្ត និងដឹងគុណចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្តេចទាំងទ្វេតែងគិតគូរពីសុខទុក្ខលំបាករបស់ពលរដ្ឋ ពិសេសលើពួកគាត់ដែលមានសាច់ញាតិជាកងទ័ព កំពុងចូលរួមក្នុងបេសកកម្មជាមួយជាតិ ក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។ អ្នកស្រីបានបង្ហាញគោលជំហរយ៉ាងមុតមាំបន្តការជឿជាក់លើរាជរដ្ឋាភិបាល និងថ្លែងអំណរគុណចំពោះការបន្តគិតគូជួយឧបត្ថម្ភជាស្បៀងអាហារដល់ពួកគាត់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់គ្រួសារកងទ័ពនេះ ធ្វើនៅពេលអាជ្ញាធរខណ្ឌ៧មករា ដឹកនាំដោយលោកអភិបាលខណ្ឌលោក ថេង សុថុល ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាគ្រួសារសាច់ញាតិ របស់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់សៀម ចំនួន១៣គ្រួសារ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានមតិសំណេះសំណាល និងផ្តែផ្តាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជាសាច់ញាតិរបស់វីរកងទ័ពទាំងអស់ដោយប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា គឺតែងតែនៅគៀកគិត និងតែងណែនាំអាជ្ញាធរថ្នាក់មូលដ្ឋាន បន្តយកចិត្តទុកដាក់តាមដានពិនិត្យមើលពីជីវភាព ការរស់នៅ ក៏ដូចជាសុខទុក្ខរបស់ពលរដ្ឋ ដោយមិនឲ្យនៅកណ្តោយកណ្តែងឡើយ។

លោកអភិបាលខណ្ឌ បានប្រាប់ទៅកាន់បងប្អូនថា ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ជាមេដឹកនាំដែលមានយុទ្ធសាស្ត្រខ្ពស់ ក្នុងការដោះស្រាយបញ្ហាជម្លោះ។ ត្បិតលោកស្ងប់ស្ងាត់ តែលោកមិនបាននៅស្ងៀមនោះឡើយ គឺតែងព្យាយាមរិះរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាទៅតាមយន្តការការទូត និងយន្តការច្បាប់អន្តរជាតិ ជាជាងការតបតដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលវាពុំមែនជាជម្រើសល្អនោះឡើយ។ ម្យ៉ាងវិញទៀត សង្គ្រាមងាយបំផុត ក្នុងការបង្កើត តែវាពិបាកបំផុត ក្នុងការបញ្ចប់ ហើយសង្គ្រាម ក៏មិនអាចបញ្ចប់ទៅវិញបានដោយសារការធ្វើសង្គ្រាមនោះដែរ គឺមានតែការចរចាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម