ព័ត៌មានអន្ដរជាតិ
រឿង៥យ៉ាង ពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុត សម្រាប់កិច្ចប្រជុំអាស៊ាន លើកនេះ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ទូទាំងពិភពលោក។

តាមការផ្សាយរបស់ Reuters កាលពីថ្ងៃទី២៤ខែតុលា, ឆ្នាំនេះ ប្រទេសម៉ាឡេស៊ី គឺជាប្រធានអាស៊ាន ខណៈកិច្ចប្រជុំនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួក្រោមមូលបទ «បរិយាបន្ននិងចីរភាព»។
មិនខុសពីរាល់ដង កិច្ចប្រជុំលើកនេះ ក៏នៅតែជាព្រឹត្តិការណ៍សំខាន់ក្នុងការដោះស្រាយបញ្ហាតំបន់ ក៏ដូចជាការប្រឈមជាសកល រាប់ចាប់ពីវិស័យពាណិជ្ជកម្មដល់ជម្លោះ។

ខាងក្រោមនេះ គឺជារឿងសំខាន់៥យ៉ាង ដែលពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់កិច្ចប្រជុំលើកនេះ៖
១. វត្តមាន ត្រាំ និងមេដឹកនាំពិភពលោកផ្សេងទៀត

លោក Trump ក៏នឹងចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ានដែរ បន្ទាប់មកត្រូវបន្តដំណើរទៅប្រទេសជប៉ុន រួចទៅកូរ៉េខាងត្បូងទៀត សម្រាប់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។
លោក ត្រាំ ធ្លាប់ចូលរួមកិច្ចប្រជុំអាស៊ានម្តងនៅឆ្នាំ២០១៧ ហើយលើកនេះ លោកនឹងត្រូវដមដំណើរមកជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរួមមាន រដ្ឋមន្ត្រីការបរទេស Marco Rubio, រដ្ឋមន្ត្រីហិរញ្ញវត្ថុ Scott Bessent និងតំណាងពាណិជ្ជកម្ម Jamieson Greer។
ថ្នាក់ដឹកនាំផ្សេងទៀតដែលចូលរួមប្រជុំអាស៊ានមានដូចជា៖ នាយករដ្ឋមន្ត្រីចិន Li Qiang, នាយករដ្ឋមន្ត្រីកាណាដា Mark Carney, ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva, ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa, នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese, និង នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន Sanae Takaichi ក៏ដូចជាមន្ត្រីជាន់ខ្ពស់មកពីកូរ៉េខាងត្បូង និងរុស្ស៊ី, និងមេដឹកនាំនៃប្រទេសកម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ វៀតណាម ឡាវ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា។
២. កិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិន

លោក Bessent និងលោក Greer នឹងមកម៉ាឡេស៊ី មុនលោក ត្រាំ ដើម្បីជួបជាមួយមន្ត្រីចិន និងបន្ធូរបន្ថយភាពតានតឹង ជុំវិញការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ទីក្រុងប៉េកាំង ខណៈទីក្រុងវ៉ាស៊ីនតោនត្រៀមដាក់វិធានការពាណិជ្ជកម្មថ្មី បើសិនជាកិច្ចព្រមព្រៀងមួយមិនអាចសម្រេចបាន។
ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី He Lifeng ដែលជាមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ទីក្រុងប៉េកាំង នឹងធ្វើកិច្ចចរចាពាណិជ្ជកម្ម ជាមួយលោក Bessent និងលោក Greer នៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែតុលា។
៣. កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រទេសកម្ពុជានិងថៃ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ធំ ដើម្បីនាំមកនូវសន្តិភាព បញ្ចប់ជម្លោះព្រំដែន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងលោក ត្រាំ បានជួយសម្រុះសម្រួលបទឈប់បាញ់បឋម កាលពីថ្ងៃទី ២៨ ខែកក្កដា។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថ្លែងថា លោក ត្រាំ ទន្ទឹងរង់ចាំធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននេះ។
៤. កិច្ចប្រជុំកំពូល RCEP

ម៉ាឡេស៊ី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាលើកដំបូងសម្រាប់ប្លុកនេះ ចាប់តាំងពីខ្លួនយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងក្នុងឆ្នាំ ២០២០។ ក្នុងនោះ ក្រុមប្រទេសទាំងនេះនឹងពិចារណាបន្ថែមសមាជិកថ្មី និងពិភាក្សាអំពីមធ្យោបាយដើម្បីបង្កើនលំហូរពាណិជ្ជកម្ម។
RCEP ដែលរួមបញ្ចូលសមាជិកអាស៊ានទាំង១០ បូកជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ គឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលគ្របដណ្តប់ស្ទើរតែមួយភាគបីនៃប្រជាជនពិភពលោក និងប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោក។
ប្លុកនេះត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ជារបាំងការពារដ៏មានសក្តានុពលប្រឆាំងនឹងពន្ធគយដែលដាក់ដោយសហរដ្ឋអាមេរិក ទោះបីជាបទប្បញ្ញត្តិរបស់ខ្លួនត្រូវបានគេចាត់ទុកថាខ្សោយជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ផ្សេងទៀតដោយសារផលប្រយោជន៍ប្រកួតប្រជែងក្នុងចំណោមសមាជិករបស់ខ្លួនក៏ដោយ។
៥. ការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើត

អាស៊ាននឹងទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី ១១ផ្លូវការ នៅថ្ងៃទី២៦ ខែតុលា ដែលសម្រេចដំណើរការចូលជាសមាជិកដែលចាប់ផ្តើម កាលពីជាងមួយទសវត្សរ៍មុន។
ទីម័រខាងកើត ដែលជាប្រទេសមានប្រជាជនប្រមាណ ១.៤ លាននាក់ បានដាក់សំណើក្លាយជាសមាជិកអាស៊ានក្នុងឆ្នាំ២០១១ ហើយត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍នៅឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


