Connect with us

ព័ត៌មានអន្ដរជាតិ

អ្នករួចជីវិតពីអំពើប្រល័យពូជសាសន៍នៅស៊ូដង់  រៀបរាប់ភាពសាហាវព្រៃផ្សៃរបស់យោធា

បានផុស

នៅ

«សាកសពដេករដូករណែលនៅពេញផ្លូវហើយយោធាបានប្រើកាំភ្លើងយន្ត បាញ់រះសម្លាប់មិនរើសមុខមិនថាស្រ្តីឬកុមារ»។ នេះជាការរៀបរាប់របស់បុរសឈ្មោះ Adam Yahya ដែលបានរត់គេចពីសេចក្តីស្លាប់ជាមួយកូន៤នាក់ ចេញពីទីក្រុង el-Fasher។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រាប់សារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទទី៣ខែវិច្ឆិកាឆ្នាំ២០២៥ថា ប្រពន្ធរបស់គាត់ត្រូវកងទ័ព RSF​ សម្លាប់ រួចពួកគេក៏រត់ចេញពីទីក្រុង el-Fasher មុនទីនោះត្រូវធ្លាក់ក្រោមការកាន់កាប់របស់យោធា។

លោកនិយាយថា៖ «មានសាកសពពាសពេញផ្លូវ យើងបានបាវខ្សាច់ពាំង! ពួកយោធាបាញ់រះដាក់គ្រប់គ្នាទាំងប្រុសទាំងស្រី សូម្បីក្មេងៗ ហើយខ្ញុំឮមានម្នាក់នោះស្រែកថា សម្លាប់ឲ្យអស់ទៅកុំទុកនរណាម្នាក់រស់ឲ្យសោះ។ ខ្ញុំរត់ហើយពួន លុះដល់ពេលយប់ ខ្ញុំបានលូនក្រាបជាមួយកូនៗតាមរបង រួចបន្តដើរចូលភូមិមួយ ទើបជួបមនុស្សចិត្តល្អឲ្យយើងធ្វើដំណើរជាមួយដើម្បីឆ្ពោះទៅជំរំ»។

(រូបថត៖ EPA)

ចំណែកស្រ្តីម្នាក់ឈ្មោះ Rasha បានរៀបរាប់ទាំងទឹកភ្នែកថា «ពួកយោធា RSF បាននាំខ្ញុំទៅផ្ទះមួយ ហើយក៏ចាប់រំលោភខ្ញុំទាំងដែលខ្ញុំប្រាប់ថា ខ្ញុំមានកូនហើយ ខ្ញុំចាស់ហើយ។ ខ្ញុំបានទុកកូនចោលមនៅផ្ទះ ហើយពេលមកវិញ ខ្ញុំបាត់កូនមិនដឹងថាពួកគេយកទៅទីណានោះទេ»។

សូមជម្រាបជាថ្មី ស៊ូដង់ កំពុងកើតមានអំពើប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ ក្លាយជាសោកនាដកម្មយ៉ាងសោកសង្រេងទូទាំងពិភពលោកឈានដល់ការអំពាវនាវឲ្យមានអន្តរាគមន៍ជួយប្រទេសនេះជាបន្ទាន់ ដើម្បីសង្គ្រោះជីវិតជនស៊ីវិលរាប់លាននាក់ដែលកំពុងស្ថិតនៅមាត់ជ្រោះមរណៈ។ 

(រូបថត៖ AP)

អ្វីដែលគេបារម្ភបំផុតនាពេលនេះគឺថា មនុស្សជាង ៦ម៉ឺននាក់កំពុងជាប់នៅក្នុងទីក្រុង el-Fasher ចេញមិនរួច មិនដឹងជោគវាសនាយ៉ាងណា។ យោងតាមការបញ្ជាក់ពីក្រុមជំនួយ  ទីក្រុងនេះមានប្រជាជន ៧០ ៨៩៤នាក់ ប៉ុន្តែគេឃើញមានមនុស្សមិនដល់៦ ០០០នាក់ផង ដែលអាចគេចចេញមកកាន់ជំរំនៅជិតនោះបំផុតបាន។

តួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា សង្គ្រាមស៊ីវិលរវាងកងកម្លាំងគាំទ្ររហ័ស (RSF) ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានសម្លាប់មនុស្សជាង ១៥០ ០០០នាក់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស៊ូដង់៖ មនុស្សជាង ៦ម៉ឺននាក់ កំពុងជាប់ក្នុងទីក្រុងដែលយោធាកាន់កាប់ មិនដឹងជោគវាសនាយ៉ាងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម