ព័ត៌មានជាតិ
សម្តេចតេជោ៖ ពិធីបុណ្យអុំទូកមិនត្រឹមតែជាការកម្សាន្ត ប៉ុន្តែការបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា បានលើកឡើងថា ការប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព។ នេះជាសំណេររបស់សម្តេចដែលបានបង្ហោះនៅតាមបណ្តាញសង្គម ដោយលើកយកសកម្មភាពសប្បាយរីករាយយ៉ាងគគ្រឹកគគ្រេងនៃបុណ្យអុំទូកនៅខេត្តសៀមរាប ថ្ងៃទី១នៃពិធីនេះ។

សម្តេចបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក នៅខេត្តសៀមរាប នាថ្ងៃទី ៤ វិច្ឆិកា (ថ្ងៃអុំទូកទី ១) បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធមដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នៅពេលថ្ងៃ នៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋកម្ពុជាជាច្រើនកុះករបានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្តរបស់ក្រុមចំណុះទូកដែលតំណាងឲ្យសាមគ្គីភាព និងកម្លាំង។ នៅពេលរាត្រី ដងស្ទឹងត្រូវបានបំភ្លឺដោយពន្លឺ ប្រទីបចម្រុះពណ៌ដែលអណ្តែតតាមផ្ទៃទឹក ខណៈប្រជាពលរដ្ឋធ្វើពិធីសំពះព្រះខែ និងរីករាយនឹងការអកអំបុកតាមប្រពៃណី។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំចំនួន៣ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ ដោយមានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងដោយឡែកនៅតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំពិធីនេះផងដែរ។

ប៉ុន្តែ ផ្អែកលើបរិបទបច្ចុប្បន្នកម្ពុជាបាននិងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់បំផុត ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ រដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ យ៉ាងណាមិញ ការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តារាជធានី-ខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


