សេចក្ដីជូនដំណឹង
ក្រុមហ៊ុន Prince Group ប្រកាសបដិសេធការចោទប្រកាន់លើអ្នកឧកញ៉ា ចេន ហ្ស៊ី អំពីការចូលរួមសកម្មភាពខុសច្បាប់ណាមួយ ស្របពេលមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន រកឃើញអ្នកនៅពីក្រោយខ្នងការលួច Bitcoin ដែលហៅថា «ពាលស៊ីពាល»
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះក្រុមហ៊ុន ព្រីសន៍ គ្រុប បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដោយបញ្ជាក់ថា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងដែលថា អ្នកឧកញ៉ា ចេន ហ្ស៊ី បានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ។ ការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេសដើម្បី រឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មានកំហុសរាប់ពាន់នាក់ ដៃគូសហការ និងសហគមន៍ពាក់ព័ន្ធដែលសហការជាមួយក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅក្រៅប្រទេស។
ការចេញប្រកាសសេចក្តីថ្លែងការណ៍បដិសេធនេះស្របពេលសារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្តុំអ្នកជីករ៉ែ (Mining Pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ដែលហៅថា «ពាលស៊ីពាល»។


មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានប្រៀបធៀបករណីនេះថា ជា «ពាលស៊ីពាល» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០២៥។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានរៀបរាប់អំពីដំណើររឿងពេញលេញ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលដែល Bitcoin ប្រមាណ ១២៧,២៧២ BTC (កាលណោះមានតម្លៃប្រហែល ៣,៥ ពាន់លានដុល្លារ បច្ចុប្បន្នមានតម្លៃជិត ១៥ ពាន់លានដុល្លារ) ត្រូវបានលួចចេញពីបណ្តុំអ្នកជីករ៉ែ LuBian Mining Pool របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ បន្ទាប់ពីហេតុការណ៍នោះ អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមហ៊ុនរបស់លោក បានព្យាយាមផ្ញើសារតាមរយៈប្រព័ន្ធប្លុកឆេនជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ ហើយថែមទាំងបានផ្តល់រង្វាន់ទៀតផង ប៉ុន្តែគ្មានការឆ្លើយតបឡើយ។
ចំណុចដែលគួរឱ្យសង្ស័យបំផុតគឺ Bitcoin ទាំងនោះត្រូវបានរក្សាទុកនៅក្នុងកាបូបលុយឌីជីថលតែមួយ ដោយគ្មានការចលនាអស់រយៈពេលជិត ៤ ឆ្នាំ ដែលជារឿងខុសប្លែកពីឥរិយាបថរបស់ក្រុម Hacker ធម្មតា ដែលតែងតែប្រញាប់លក់ទ្រព្យសម្បត្តិលួចបានយ៉ាងលឿន។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិនបានលើកឡើងថា ឥរិយាបថនេះប្រៀបដូចជាប្រតិបត្តិការ ដែលត្រូវបានរៀបចំ ដោយភាពជាក់លាក់ពី «អង្គភាព Hacker កម្រិតរដ្ឋ»។ នៅខែមិថុនា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្ទេរទៅកាបូបលុយឌីជីថលថ្មីមួយ ដែលក្រោយមកឧបករណ៍តាមដានប្លុកឆេន ARKHAM របស់អាមេរិក បានកំណត់ថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ដំណើររឿងនេះបានឈានដល់ចំណុចកំពូលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅពេលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសចោទប្រកាន់ព្រហ្មទណ្ឌ លើលោក ចេន ហ្ស៊ី ពីបទពាក់ព័ន្ធនឹងការបោកប្រាស់រូបិយប័ណ្ណឌីជីថល និងបានប្រកាសរឹបអូស Bitcoin ចំនួន ១២៧,០០០ BTC។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានសន្និដ្ឋានថា «ភស្តុតាងបង្ហាញថា Bitcoin ដែលត្រូវបានរឹបអូស ដោយរដ្ឋាភិបាលអាមេរិក គឺត្រូវគ្នានឹង Bitcoin ដែលត្រូវបានលួចពីបណ្តុំអ្នកជីករ៉ែ LuBian។ នេះទំនងជាមានន័យថា រដ្ឋាភិបាលអាមេរិកបានលួច Bitcoin របស់លោក ចេន ហ្ស៊ី ដោយប្រើបច្ចេកទេស hacker តាំងពីឆ្នាំ២០២០មកម្ល៉េះ»។

គួរបញ្ជាក់ថា របាយការណ៍នេះក៏បានរកឃើញដែរថា ការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិកថា មូលនិធិទាំងអស់មានប្រភពពីអំពើខុសច្បាប់ គឺផ្ទុយពីការរកឃើញដំបូងរបស់ខ្លួន ដែលបានបង្ហាញថា Bitcoin ទាំងនោះមានប្រភពចម្រុះ រួមទាំងការជីករ៉ែដោយឯករាជ្យ និងការទូទាត់ពីបណ្តុំអ្នកជីករ៉ែផងដែរ។ ក្រុមហ៊ុន Price Group បានបញ្ជាក់នៅតែប្តេជ្ញាចិត្តចំពោះសុចរិតភាព ការវិនិយោគដែលមានទំនួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅទូទាំងតំបន់។ អស់រយៈពេលជាងមួយទស្សវត្សរ៍ ហើយដែលក្រុមហ៊ុនបានធ្វើប្រតិបត្តិការប្រកបដោយតម្លាភាព និងអនុលោមតាមរាល់ បទប្បញ្ញាតិច្បាប់ជាធរមាន ដែលនេះនឹងត្រូវបញ្ជាក់យ៉ាងច្បាស់នៅពេលដែលភស្តុតាងទាំងអស់ត្រូវបានបង្ហាញ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម១០ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


