ព័ត៌មានជាតិ
កម្ពុជាថ្កោលទោសនិងទាមទារឱ្យថៃទទួលខុសត្រូវចំពោះការបាញ់ប្រហារលើពលរដ្ឋខ្មែរ
ក្រសួងការពារជាតិកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពរបស់ទាហានថៃដែលបានបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ និងទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ខ្លួនផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែវិច្ឆិកានេះ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា ថាការវាយប្រហារពីទាហានថៃទៅលើជនស៊ីវិលនេះគឺជាទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅ និងបានបង្ហាញយ៉ាងច្បាស់ដែលថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានលើកឡើងថា៖«កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ»។

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច បានលើកឡើងថាសកម្មភាពរបស់ថៃនេះគឺជាសកម្មភាពនៃការបង្កហេតុដើម្បីដុតបញ្ឆេះសង្គ្រាមឡើងវិញ ក្នុងចេតនាដើម្បីទទួលបានប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតរបស់ខ្លួនលោកអនុទីន នៅឆ្នាំក្រោយ។ លោកជំរុញដល់រដ្ឋាភិបាលប្រមូលភស្ភុតាង និងរាយការណ៍ពីករណីនេះទៅកាន់អន្តរជាតិដើម្បីឱ្យមានសម្ពាធលើថៃតែម្ដង។
លោកថា៖ «ខ្ញុំជឿថាបើសកម្មភាពឈានដល់មានអំពើហិង្សាមានការបាញ់ប្រហារលើប្រជាពលរដ្ឋគឺអន្តរជាតិនឹងមិននៅស្ងៀមទេ»។

ទាហានថៃនៅរសៀលម៉ោងប្រមាណ ១៥:៥០នាទី ថ្ងៃទី១២ ខែវិច្ឆិកានេះបានបើកការបាញ់រះមកលើពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នាជាមួយកម្ពុជា។ ហេតុការណ៍នេះកើតឡើងក្រោយពេលដែលនាយករដ្ឋមន្ត្រីលោក អនុទីន ចាន់វីរៈគុល បានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជាដោយឯកតោភាគីកាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅក្រោយហេតុការណ៍ទាហានថៃដើរចូលចម្ការមីនផ្ទុះរបួស២នាក់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


