Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជាលើកបញ្ហាព្រំដែនជាមួយថៃប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតអូទ្រីស

បានផុស

នៅ

រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសកម្ពុជា លោកស្រី អ៊ាត សោភា បានលើកឡើងពីបញ្ហាព្រំដែនជាមួយប្រទេសថៃ ប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដោយលោកស្រី អ៊ាត សោភា បានគូសបញ្ជាក់អំពីស្ថានការណ៍វិវត្តថ្មីៗចុងក្រោយនៅតាមទល់ដែនកម្ពុជា និងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីរដ្ឋមន្ត្រីស្តីទី បានសង្កត់ធ្ងន់ជាពិសេសទាក់ទងទៅនឹងការអនុវត្តនូវសេចក្ដីថ្លែងការណ៍រួមដែលជាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ហើយដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ។

ការលើកឡើងរបស់លោកស្រី អ៊ាត សោភា ពាក់ព័ន្ធនឹងរឿងព្រំដែនដូច្នេះ ធ្វើឡើងក្នុងជំនួបជាមួយលោក Wihelm Maximilian Donko ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ។

គួររំលឹកឱ្យដឹងថា ពីទីក្រុងគូឡាឡាំពួ កម្ពុជា និងថៃ បានឈានដល់ការចុះហត្ថលេខាជាផ្លូវការដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរលើសេចក្ដីថ្លែងការណ៍រួម ដែលជាកិច្ចព្រមព្រៀងសន្តិភាពមួយក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែន ហើយដែលកិច្ចព្រមព្រៀងសន្តិភាពនេះ ធ្វើឡើងចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ប៉ុន្តែប្រមាណពីរសប្ដាហ៍បន្ទាប់ពីការចុះហត្ថលេខា ថៃបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ក្រោមហេតុផលចោទកម្ពុជា ថា ចូល​ទៅដាក់មីនថ្មី ដែលបណ្ដាលឱ្យទាហាន​ថៃ​បាន​ដើរ​ជាន់​មីនផ្ទុះ នៅ​តំបន់​ជិតតំបន់​ប្រាសាទ​ព្រះវិហារ បើ​ទោះ​បី​កម្ពុជា​បដិសេធ​ម្ដងហើយម្ដង​ទៀត ថា ​កម្ពុជា​មិន​ដែល​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​នោះ​ទេ។

ព្រឹត្តិការណ៍បន្ទាប់ គឺនៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ទាហាន​ថៃ​ ក៏បាន​បើក​ការ​បាញ់​រះ​មក​លើ​ពលរដ្ឋ​ខ្មែ​រនៅ​ភូមិ​ព្រៃ​ចាន់​ ក្នុង​ឃុំ​អូរ​បីជាន់​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​៣នាក់​រងរបួស។ កម្ពុជា​បាន​ថ្កោល​ទោស​សកម្មភាព​របស់​ទាហាន​ថៃ ខណៈ​​ប្រតិកម្ម​ពី​អន្តរជាតិ​មាន​ជាបន្តបន្ទាប់។

ថ្លែងក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត​បរទេស​អំពី​ការ​វិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍ព្រំដែន​កម្ពុជា​ និងថៃ​ នៅ​ក្រសួងការបរទេស​កម្ពុជា ​កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា លោកស្រី អ៊ាត សោភា ក៏បាន​លើក​ឡើង​ពី​ការ​បាញ់​រះ​របស់​ទាហាន​ថៃ​លើ​ពលរដ្ឋ​ខ្មែរ​នៅភូមិ​ព្រៃ​ចាន់​ កាលពីថ្ងៃទី​១២ ខែ​វិច្ឆិកា ថា «ជាការប្រើប្រាស់កម្លាំងខុសច្បាប់ ប្រឆាំងនឹងជនស៊ីវិល ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន បានជះឥទ្ធិពលអវិជ្ជមានផងដែរដល់ការងារកំណត់ព្រំដែនដែលកំពុងដំណើរការ»

លោកស្រី អ៊ាត សោភា បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ទាហាន​ថៃ​ជាន់​មីនកាលពី​ថ្ងៃទី​១០ និង​ការ​បាញ់​រះ​លើ​ពលរដ្ឋ​ខ្មែរ​នៅភូមិ​ព្រៃ​ចាន់​កាលពី​ថ្ងៃទី​១២​។ លោកស្រីបាន​លើកឡើង​ថា​ «ឧប្បត្តិហេតុនេះគួរមានការស៊ើបអង្កេតឯករាជ្យ ដោយពុំគួរអនុញ្ញាតឱ្យរឿងនេះ ធ្វើឱ្យខូចដល់ដំណើរការស្ដារសន្តិភាពនោះទេ»

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម