Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​លើកកត្តា​ប្រឈម​​​ កម្ពុជា​ពិបាកទាក់ទាញ​រោងចក្រ​ធំៗ​​វិនិយោគ​កែច្នៃ​​ផល​កសិកម្ម​

បានផុស

នៅ

ក្នុង​វេទិកា​និង​ពិព័ណ៍​កសិកម្ម (CAFE25) ដែល​រៀបចំ​ឡើង​កាលពីសប្តាហ៍មុននេះ រដ្ឋមន្ត្រី​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើក​ឡើងពី​​កត្តា​​ប្រឈមមួយ​ចំនួន ដែលកម្ពុជា​ពិបាក​​ទាក់ទាញ​រោងចក្រ​កែច្នៃ​ផ្នែក​កសិកម្មធំៗ ដែលធ្វើ​ឲ្យមានការ​ហូរ​ចេញ​ផលកសិកម្ម​មិន​បាន​កែច្នៃ​ នាំ​ឲ្យខាត​បង់​តម្លៃ​សេដ្ឋកិច្ច​​យ៉ាងច្រើន។

លោក ហែម វណ្ណឌី​ បាន​គូស​បញ្ជាក់​ថា អ្នក​វិនិយោគ​ខ្មែរ​មាន​ច្រើន ប៉ុន្តែ​ផ្នែក​រោងចក្រកែច្នៃ​ផល​​កសិកម្ម​មិន​មាន​ច្រើន​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី​បាន​​លើក​ឡើង​ពី​ភាព​ចន្លោះ​ប្រហោង​ការអនុវត្តកិច្ចសន្យា (Contract Enforcement) ទើប​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ទាំងក្នុងស្រុក និងក្រៅ​ស្រុក​ ហ៊ាន​បោះ​ទុន​ដាក់​រោងចក្រ​កែច្នៃ​ផ្នែក​កសិកម្ម​ឲ្យ​បាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។

លោកលើក​ឡើង​ដូច្នេះ​ថា «បើសិនជាការអនុវត្តកិច្ចសន្យាទិញលក់មិនត្រូវបានគោរពទេ នោះនឹងគ្មានទេការវិនិយោគធំៗនៅក្នុងវិស័យកែច្នៃកសិកម្ម​ រួមទាំងការដាក់រោងចក្រកែច្នៃ។

លោកថា ការអនុវត្តកិច្ច​សន្យាគួរតែ​ក្លាយ​ជា​បេសកកម្ម​រួម​មួយ ខណៈ​ដែល​ការ​ដាក់​ចេញ​ការ​អនុវត្ត​កិច្ច​សន្យា​គួរ​មាន​ការ​ចូលរួម​ពី​វិស័យ​ធនាគារ (banking sector) ផង​ដែរ។

បើតាមលោករដ្ឋមន្រ្តី មាន​តែវិស័យ​ធនាគារទេ​ ដែលអាចជួយដោះស្រាយ​ការ​អនុវត្ត​កិច្ចសន្យា​​បាន ​ជាពិសេសពាក់ព័ន្ធ​​កិច្ចសន្យា​កសិកម្ម​ (contract farming)។

លោក​រដ្ឋមន្រ្តីថា វិស័យ​ធនាគារ​អាច​ដើរតួជា​អ្នកកណ្ដាល​មួយ ដែល​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​។ បើ​ភាគី​មួយ​មិន​គោរព​កិច្ច​សន្យា ត្រូវ​មាន​យន្តការ​ដាក់​វិន័យ។

បន្ថែមពីនេះ លោក​បាន​លើក​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​ជំនាញ​ឯកទេស (specialization) ខណៈ​ដែល​លោក​រដ្ឋមន្រ្តី​មើល​ឃើញ​នៅ​ភាព​ច្របូកច្របល់ ទើប​នាំ​ឲ្យការ​វិនិយោគមានភាព​រាំងស្ទះ។

«យើងត្រូវពិចារណាថា តើនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់យើងប៉ុន្មាននាក់ជាអ្នក​ឯកទេស ហើយអ្នកណាគឺជាឯកទេសនៅលើផ្នែកណា​។ នេះគឺជាចំណុចគន្លឹះដែលយើងត្រូវគិតគូរ»។

លោករដ្ឋមន្រ្តីបានលើកឧទាហរណ៍ អ្នកចិញ្ចឹមជ្រូកមិនគួរធ្វើជាអ្នកខ្វៃជ្រូកនោះទេ។ អ្នកចិញ្ចឹមជ្រូកត្រូវតែឯកទេស ក្នុងការចិញ្ចឹមជ្រូកឲ្យត្រូវតាមស្តង់ដារ។ អ្នកខ្វៃគឺជាឯកទេសខ្វៃ អ្នកកែច្នៃគឺជាអ្នកកែច្នៃ ហើយអ្នកដាំដុះគឺជាអ្នកដាំដុះ។ ឲ្យតែមនុស្សគ្រប់រូបបានធ្វើឯកទេសរបស់ខ្លួនពិតប្រាកដ នោះខ្សែច្រវាក់នឹងមានការប្រទាក់ក្រឡាគ្នាឡើងវិញ។

កន្លងមក បើតាមលោករដ្ឋមន្រ្តី​មានភាព​ច្របូកច្របល់បន្តិចបន្តួច។ ឧទាហរណ៍ អ្នកដាំចន្ទី ឃើញគេលក់ចន្ទីបានថ្លៃ ក៏នឹកឃើញចង់ទៅ​កែច្នៃចន្ទីដែរ។ នេះគឺមិនត្រឹមត្រូវទេ ព្រោះវាមិនដូចគ្នាទេ ដោយសារដំណើរការ (processes) និងឯកទេសគឺខុសគ្នា។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក​ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើក​ហេតុផល​នៃ​ការរារែករបស់ក្រុមហ៊ុនក្នុងការវិនិយោគកែច្នៃកសិផលដែល​មូលហេតុ​ចម្បង គឺ​បណ្ដាល​មកពីការផលិតផលកសិកម្មមិនមាន​ការប្រមូលដុំ (aggregation) ច្បាស់​លាស់។

ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​រោងចក្រ​កែច្នៃ​កសិផល​ ចាំបាច់​ត្រូវ​មាន​ក្របខ័ណ្ឌ​មួយដែល​អាច​ធានា​បាន​ថា អ្នក​ផលិត​តូចៗ (កសិករ) អាច​ប្រមូល​ផ្តុំ​កសិផល​ផ្គត់ផ្គង់​ទៅ​ឱ្យ​រោងម៉ាស៊ីន ឬ​រោងចក្រ​កែច្នៃ​។

លោក​ថា ការផ្គត់ផ្គង់​ក៏​ត្រូវតែមានបរិមាណមួយ​ដែល​សមស្រប។ ឧទាហរណ៍ ប្រសិន​បើ​រោងចក្រ​មួយ​ត្រូវការ​ត្រឹមតែ ១ តោន​នៃស្វាយស្រស់ក្នុងមួយថ្ងៃ បើសិនជា​គេ​យក​ស្វាយ​ស្រស់​ឱ្យលើស​ពី ១ តោន​ក្នុងមួយថ្ងៃ ក្រុមហ៊ុន​ក៏មិនអាចធ្វើអ្វីបានដែរ​ព្រោះមិនអាចទុកយូរបាន។ ហើយ​បើ​សិនជា​យក​ក្រោម ១ តោនក្នុងមួយថ្ងៃ ក៏ធ្វើឱ្យរោងចក្រពិបាកដែរ​ដោយសារ​រោងចក្រ​ត្រូវ​ដើរ​ឈប់ៗ។

លោកប្រៀបធៀថា ការធានានូវ និរន្តរភាពនៃការផ្គត់ផ្គង់ ប្រៀបដូចជាម៉ាស៊ីនបេះដូងរបស់រោងចក្រកែច្នៃ។ បើសិនជាម៉ាស៊ីនបេះដូងនោះបូមឈាម (វត្ថុធាតុដើម) មិនបានទៀងទាត់ (ពេលខ្លះច្រើន ពេលខ្លះតិច) នោះរោងចក្រទាំងមូល (រាងកាយ) នឹងដំណើរការមិនបានល្អ ហើយអាចឈឺធ្ងន់ (ខូចខាត ឬក្ស័យធន)។

បន្ថែម​ពីនេះ​ មន្រ្តីក្រសួង​កសិកម្ម​រូ​បនេះ​បញ្ជាក់ថា ការផ្គត់ផ្គង់ក៏ត្រូវមានគុណភាពផងដែរ។

លោកថា ប្រសិនបើការផ្គត់ផ្គង់កសិផល​ដល់រោងចក្រ​មាន​ភាពថេរ (ទាំង​បរិមាណ និង​គុណភាព) នោះ​រោងចក្រ​នឹង​អាចដំណើរការ​បានល្អ។ ផ្ទុយទៅវិញ ការ​មិន​បានរៀបចំការ​ផលិត​ឲ្យ​ច្បាស់លាស់ គឺជា​កត្តា​ដែលធ្វើឲ្យអ្នកវិនិយោគមានការរារែក​ចិត្ត​។

ក្រសួងកសិកម្ម​បាន​ខិតខំព្យាយាម​រៀបចំការ​ប្រមូល​ផ្តុំ​កសិផល ដើម្បី​អាច​ឱ្យ​កសិករ​ធ្វើ​ការ​ផលិតនិង​ផ្គត់ផ្គង់​ក្នុង​បរិមាណ​មួយ​សមស្រប តាមរយៈ​សហគមន៍​កសិកម្ម​ទំនើប។ យ៉ាង​ណាមិញ ទំហំ​នៃ​សហគមន៍​កសិកម្ម​ទំនើប​នៅតូចនៅឡើយ ដោយសារវាជាកិច្ច​ការងារថ្មី។

លោកប្រាក់ ដាវីដ បានបញ្ជាក់ថា ការអភិវឌ្ឍ​សហគមន៍កសិកម្ម​ទំនើប​​ត្រូវការទុនច្រើន ទើប​ធ្វើ​ឲ្យដំណើរការ​អាច​មានវឌ្ឍនភាពទៅមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម