Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំលើកទឹកចិត្តគ្រឹះស្ថានសិក្សាបញ្ចូលជំនាញ AI ក្នុងកម្មវិធីសិក្សាឆ្លើយតបនឹងទីផ្សារការងារក្នុងយុគសម័យឌីជីថល

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជនយកចិត្តទុកដាក់ក្នុងការបញ្ចូលជំនាញបញ្ញាសិប្បនិម្មិតឬ AI ក្នុងកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងការវាយតម្លៃការសិក្សាបែបឌីជីថល ជំរុញការបណ្តុះបណ្តាលគ្រូលើជំនាញឌីជីថល និងការរៀបចំបណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីបណ្តុះមូលធនមនុស្សដែលមានជំនាញឌីជីថល ជំនាញស្រាវជ្រាវ និងជំនាញឯកទេស ឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង”វេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥” ក្រោមប្រធានបទ៖ ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យបញ្ញាសិប្បនិម្មិតកាលពីថ្ងៃទី១៩វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ បញ្ញាសិប្បនិម្មិត (AI) បានក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតមួយក្នុងការផ្លាស់ប្តូរពិភពលោក ដោយជះឥទ្ធិពលស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអប់រំ តាមរយៈការសិក្សាផ្ទាល់ខ្លួន និងការផ្តល់មតិកែលម្អភ្លាមៗ AI កំពុងជួយគ្រឹះស្ថានឧត្តមសិក្សាក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ប្រកបដោយសមត្ថភាពស្រាវជ្រាវខ្ពស់ ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារការងារ និងការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានេះ លោកឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ដោយផ្តោតលើភាពចាំបាច់នៃការទទួលខុសត្រូវ និងការយល់ដឹងស៊ីជម្រៅអំពីឥទ្ធិពលនៃបច្ចេកវិទ្យា​ឌីជីថល ហើយគ្រឹះស្ថានឧត្តមសិក្សាត្រូវតែបណ្ដុះបណ្ដាលនិស្សិតឱ្យមានការគិតពិចារណាដោយភាពវាងវៃ ដើម្បី​ជៀស​វាង​ការពឹងផ្អែកទាំងស្រុងលើ AI និងដើម្បីអាចវិនិច្ឆ័យភាពត្រឹមត្រូវ និងភាពជឿជាក់នៃព័ត៌មានដែលបង្កើតដោយ AI។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ នៃអគ្គនាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន និងភាគីពាក់ព័ន្ធ រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងគុណភាពមូលធនមនុស្ស និងការបង្កើត និងប្រព័ន្ធអេកូស៊ីស្រាវជ្រាវឱ្យរឹងមាំលើការអប់រំស្ទែម និងការស្រាវជ្រាវ តាមរយៈការលើកកម្ពស់វប្បធម៌សិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ធនធានស្រាវជ្រាវ និងការត្រៀមខ្លួនរបស់យុវជនលើការចាប់យកការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតនៅកម្រិតឧត្តមសិក្សាដើម្បីបម្រើផលប្រយោជន៍ជាតិ និងវិស័យអាទិភាពរបស់កម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម