Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យពេទ្យដ៏ធំមួយនៅកម្ពុជា នឹងដាក់បញ្ចូលមុខវិជ្ជា ក្រមសីលធម៌វិជ្ជាជីវៈ ជាលើកដំបូងក្នុងឆ្នាំសិក្សាថ្មីនេះ

បានផុស

នៅ

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​ជា​សាកលវិទ្យាល័យ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ​នឹងដាក់​បញ្ចូល​មុខវិជ្ជា​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល​ប្រកបដោយ​គុណភាព ​និង​ការឈានទៅរក​ឧត្តមភាព​ និង​មានការ​ទទួលស្គាល់​គុណភាព​ទាំង​កម្រិត ជាតិ តំបន់ និង​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២៥-២០២៦​ កាលពី​ថ្ងៃទី ​១៩​ វិច្ឆិកា លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ​ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ឱ្យដឹងថា​ មុខវិជ្ជា ក្រមសីលធម៌​វិជ្ជាជីវៈ (MedPro) នេះ ​ត្រូវបានធ្វើ​ការបណ្តុះបណ្តាល​គ្រូ​បង្គោល​ដោយ​លោក​សាស្ត្រាចារ្យ​ទេសរដ្ឋមន្ត្រី គាត ឆែម​រិទ្ធី ហើយ​បាន​បង្រៀន​មុខវិជ្ជា​នេះ​ដល់​និស្សិត​វេជ្ជបណ្ឌិត​ទូទៅ និង​វេជ្ជបណ្ឌិត​ឯកទេស​បាន​ចំនួន ០៤ លើក រួចហើយ។

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ បាន​បន្តថា ​ដើម្បី​បន្ត​និរន្ត​ភាព ​នៃ​ការបង្រៀន​មុខវិជ្ជា MedPro នេះ ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ សាកលវិទ្យាល័យ​បានធ្វើ​សមាហរណកម្ម​មុខវិជ្ជា MedPro នេះ ចូលទៅក្នុង​កម្មវិធីសិក្សា​ចំនួន ០៣ ​ក្នុងនោះ​រួមមាន​ ១.ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ដោយ​បញ្ចូល​នៅ​ឆ្នាំ​ទី ​៣ ​និង​ទី​ ៦ សម្រាប់​កម្មវិធីសិក្សា​ចាស់​ដែល​ត្រូវ​បន្ត​រហូតដល់​ចប់ និង​បញ្ចូល​នៅ​ឆ្នាំ​ទី ​១ ទី​ ៣ និង​ទី​ ៦ សម្រាប់​កម្មវិធីសិក្សា​ថ្មី។ ២.ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ​ដោយ​បញ្ចូល​នៅ​ឆ្នាំ​ទី ​៨ សម្រាប់​កម្មវិធី​សិក្សា​ចាស់ ដែល​ត្រូវ​បន្ត​រហូតដល់​ចប់ និង សម្រាប់​កម្មវិធីសិក្សា​ថ្មី និង​៣.​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស សម្រាប់​កម្មវិធីសិក្សា​ចាស់​ដែល​ត្រូវ​បន្ត​រហូត​ដល់​ចប់ បញ្ចូល​នៅ​ឆ្នាំ​ទី ​២ ចំពោះ​ថ្នាក់​ឯកទេស​ដែល​មាន​ ៣ ឆ្នាំ និង​បញ្ចូល​នៅ​ឆ្នាំ​ទី ​៣ ចំពោះ​ថ្នាក់​ឯកទេស​ដែល​មាន​ ៤ ឆ្នាំ។

លោក​សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បាន​បន្ត​ទៀត​ថា ដោយឡែក សម្រាប់​កម្មវិធី​សិក្សា​ថ្មី សាកលវិទ្យាល័យ នឹង​បញ្ចូល​នៅ​ឆ្នាំ​ទី​ ១ និង​ឆ្នាំ​ទី ​២ ចំពោះ​ថ្នាក់​ឯកទេស​ដែលមាន ​៣ ឆ្នាំ ឬ​នៅ​ឆ្នាំ​ទី​ ៣ សម្រាប់​ថ្នាក់​ឯកទេស​ដែល​មាន ៤ ឆ្នាំ។ បន្ថែម​នេះ​ពីលើ​នេះ​ទៀត​ សាកលវិទ្យាល័យ ក៏បាន​បន្ថែម​ការ​វាយតម្លៃ​ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងពេល​អនុវត្ត​ត្រាប់ និង​ក្នុង​អំឡុង​ពេល​ធ្វើ​កម្មសិក្សា​នៅ​តាម​ទីតាំង​កម្មសិក្សា​នានា​ផង​ដែរ​។ ក្រៅពីនេះ ​សាកលវិទ្យាល័យ​ បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួងសុខាភិបាល​ក្នុង​ការ​អនុវត្ត​គម្រោង​ពង្រឹង​គុណភាព​បណ្ដុះបណ្ដាល​មុន​ពេល​បម្រើ​ការងារ សម្រាប់​មន្ត្រី​សុខាភិបាល ដើម្បី​ចែករំលែក​បទ​ពិសោធ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បាន​អនុវត្ត​កន្លងមក​ជូន​ដល់​សាលា​មធ្យមសិក្សា​សុខាភិបាល ភូមិភាគ​ទាំង​ ៤ និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​ឯកជន​ផ្សេងៗ ដែល​ផ្តល់​ការបណ្តុះបណ្តាលក្នុង​វិស័យ​សុខាភិបាល​ផង​ដែរ។

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ បាន​បញ្ជាក់ថា ​គិត​ត្រឹម​ខែតុលា ឆ្នាំ ​២០២៥ នេះ​សាកលវិទ្យាល័យ​បាន​ដំណើរការ​កម្មវិធី​បណ្ដុះបណ្ដាល​ចំនួន ៥១​ កម្មវិធី ដោយមាន​និស្សិតកំពុង​សិក្សា​សរុប​ចំនួន ៨,៦០១ នាក់ ក្នុងនោះ​ជា​និស្សិត​ស្រី​ចំនួន ៥,២៩៣ នាក់។ ក្នុងចំណោម​និស្សិត​កំពុង​សិក្សា​ទាំងនោះ មាន​និស្សិតចំនួន ៦១១​ នាក់ (​ស្រី​ចំនួន ៤២០ នាក់​) បានទទួល​អាហារូបករណ៍​បង់ថ្លៃ​ជំនួស​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​និស្សិត​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ចំនួន ៧៨​ នាក់ (ស្រី​ចំនួន ៣៤ នាក់​) បានទទួល​អាហារូបករណ៍​ពី សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ០២ នាក់ ( ជា​បុរស​) បាន​ទទួល​អាហារូបករណ៍​ពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី។ បន្ថែម​នេះ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី ស​.​វ​.​ស ក្នុង​ឆ្នាំ​សិក្សា ២០២៤ -២០២៥ មាន​ចំនួន​សរុប ១,២៩៧ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម