Connect with us

ព័ត៌មានជាតិ

គិតត្រឹមចុងឆ្នាំ ២០២៥ មាន​រោងចក្រដំឡើងរថយន្តចំនួន ៨ មានវ​ត្តមាននៅកម្ពុជា

បានផុស

នៅ

ឧស្សាហកម្មយានយន្តនៅក្នុងប្រទេស​កម្ពុជាកំពុងវិវឌ្ឍ​រីកចម្រើន ដោយបច្ចុប្បន្នមានរោងចក្រដំឡើងរថយន្តចំនួន ៨ កំពុងមានវត្តមាន​​ក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មី (NEVITI) ដែលជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្ដុះបណ្ដាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មីកាលពីពេលថ្មីៗកន្លងទៅ​នេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញ​ពីការវិវឌ្ឍរីកចម្រើននៃវិស័យឧស្សាហកម្មយានយន្តក្នុងប្រទេសកម្ពុជា ដែលបោះជំហានពីប្រទេស​នាំចូលទៅជាមូលដ្ឋាន ដែលមានរោងចក្រដំឡើងយានយន្តដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានគូស​បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានឧស្សាហកម្ម​​រោងចក្រ​​ដំឡើង​រថយន្ត​ចំនួន ៨ ​កំពុងដំំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​​ដំឡើងរថយន្តផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលក្នុងនោះ​​រួមមាន ក្រុមហ៊ុន Ford, Hyundai, Toyota, KIA, BYD, Isuzu, SsangYong និង GTV Motor។

Toyota ដែល​ជា​ម៉ាក​រថយន្ត​ដ៏ល្បី​របស់​ជប៉ុនកាលពីឆ្នាំ ២០២៤ ​ក៏​បានសម្ពោធរោងចក្រដំឡើងរថយន្ត​​នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុប ភ្នំពេញ ក្រោម​ទុនវិនិយោគជាង ៣៦ លានដុល្លារ។

តាមរយៈវត្តមាន​រោងចក្រ​ដំឡើង​រថយន្ត Toyota ដែលជា​ម៉ាករថយន្ត​ដ៏ល្បី​របស់ជប៉ុននៅកម្ពុជានេះ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) មើលឃើញ​ថា នឹងរួមចំណែកការធ្វើទំនើបកម្មឧស្សាហកម្ម​យានយន្ត​ររបស់​ប្រទេស​កម្ពុជា រួមទាំង​ការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ក្រៅពីរោងចក្រ​ដំឡើង​រថយន្ត កម្ពុជាក៏មានរោងចក្រដំឡើងម៉ូតូ ដូចជាក្រុមហ៊ុន ម៉ូតូហុងដា និង Suzuki រួមទាំងរោងចក្រដំឡើងម៉ូតូអគ្គិសនី និងរ៉ឺម៉កអគ្គិសនីមួយចំនួនទៀត។

យ៉ាងណាមិញ ពាក់ព័ន្ធ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​យានយន្ត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី (២០២៤-២០៣០) ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់​ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី គឺជាត្រីវិស័យនិងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកពី​ ​អត្ថប្រយោជន៍នៃការប្រើប្រាស់​យានយន្ត​អគ្គិសនី ដែល​ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិក រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាម​រយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈ ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។

លោកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប​មាន​ចំនួន ១០ ៥៦៨ គ្រឿង ក្នុងនោះរថយន្តអគ្គិសនីមាន​ចំនួន ៧ ១៨៧ គ្រឿង, ត្រីចក្រយានយន្តអគ្គិសនី​មាន​ចំនួន ៦៧១ គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២ ៧១០ គ្រឿង។

បើតាម​លោក ផន រឹម ការអភិវឌ្ឍយានយន្តអគ្គិសនី​បាន​ក្លាយ​ជានិន្នាការសកល ដែលកំពុងមានការអភិវឌ្ឍន៍​យ៉ាង​​ឆាប់​រហ័ស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម