Connect with us

សន្តិសុខសង្គម

វេទិកាសាធារណៈ ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខ ភាគច្រើនលើកសំណើផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ

បានផុស

នៅ

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរជាច្រើនផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជា អំពូលភ្លើងបំភ្លឺផ្លូវជាដើម ចំណែកបញ្ហាទាក់ទិននឹងសន្តិសុខ សុវត្ថិភាពផ្សេងៗ ស្ទើរតែគ្មានការលើកឡើង។ នេះបើតាមការលើកឡើងរបស់លោកពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះ បានរៀបចំឡើងក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស្រេង ជ្រិន អគ្គាធិការ នៃក្រសួងសុខាភិបាល នៅឧទ្យានសុបិនចំការព្រីង ខណ្ឌសែនសុខ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥០០នាក់ ។

លោក ពេញ ធារម្យ បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរ ចង់បានបំផុតការចូលរួមរបស់ប្រជាពលរដ្ឋ ដែលទទួលផលដោយផ្ទាល់ បើទោះសំណើ និងសំណូមពរខ្លះ មិនអាចសម្រេចបានភ្លាមៗ តែយ៉ាងណាក៏ត្រូវតែដោះស្រាយជូន។
បន្ថែមលើនេះ លោកអភិបាលរង បានបញ្ជក់ថា អ្វីដែលលើកឡើង ក្រុមការងារនឹងមិនបិទភ្លែកឡើយ ក្នុងនោះលោកកត់សម្គាល់ថា ភាគច្រើនសំណើ និងសំណូមពរមុននេះ ភាគច្រើនពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងជំនាញសាធារណការ ដោយឡែកខាងសន្តិសុខ លោកអភិបាលរង ក៏បានអរគុណដល់អធិការនគរបាលខណ្ឌ ក៏ដូចជាអាវុធហត្ថខណ្ឌ ពិតជាបម្រើពលរដ្ឋបានល្អ រហូតមិនមានបងប្អូនប្រជាពលរដ្ឋ លើកឡើងអ្វីបន្តិចឡើយពាន់នឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នេះ។

ឆ្លើយតបនឹងសំណើ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋ ស្នើសុំអំពូលភ្លើងបំភ្លឺផ្លូវសូឡា ក្នុងនាមអភិបាលខណ្ឌសែនសុខ ដែលទើបឡើងកាន់នាពេលថ្មីៗនេះ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌសែនសុខបានធានាថា មិនឱ្យលើសពី ១សប្តាហ៍ លោកនឹងចាត់ឱ្យគេដំឡើងជូនតាមសំណូមពរ ខណៈដែលសំណើ និងសំណូមពរផ្សេងៗដែលនៅសេសសល់ លោកនឹងចុះពិនិត្យផ្ទាល់តាមទីតាំងជាក់ស្តែង និងខិតខំដោះស្រាយឱ្យអស់លទ្ធភាព តាមដែលអាចធ្វើបានជូនប្រជាពលរដ្ឋ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ មានប្រជាពលរដ្ឋ ៨នាក់ បានលើកសំណើ និងសំណូមពរផ្ទាល់មាត់ ដោយភាគច្រើនសុំអំពូលភ្លើង ការលើកកម្ពស់ផ្លូវ ការពង្រីកផ្លូវ និងការជួសជុលស្ថាបនាផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម