Connect with us

ព័ត៌មានជាតិ

ទូត​កម្ពុជា​នៅ​UN ជំរុញ​ឱ្យ​លោក មុនតាប៊ន ប្រកាន់​វិជ្ជាជីវៈ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​តាម​បណ្ដោយ​ព្រំដែន

បានផុស

នៅ

​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ជំរុញ​ទៅ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក វីទីត មុនតាប៊ន គោរព​នូវ​ស្ដង់ដា​វិជ្ជាជីវៈ ឯករាជ និង​មិន​លម្អៀង​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ថ្លែងការណ៍​ថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកម្ម​អចិន្ត្រយ៍​កម្ពុជា​បាន​កោត​សរសេរ​ចំពោះ​សេចក្ដី​ប្រកាសព័ត៌មាន​របស់​មុនតាប៊ន​ពាក់ព័ន្ធ​នឹង​ជម្លោះ​កម្ពុជា​ថៃ​កាលពី​កន្លង​ទៅ​តែ​ថា «សេចក្ដី​ប្រកាស​នោះ​មិន​បាន​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា ថៃ​ នៅ​តាម​បណ្ដោយ​ព្រំដែន​ឡើយ»។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​សរសេរថា៖ «ការ​បញ្ចេញ​បញ្ចេញ​មតិ​យោបល់​ជា​លកខណៈ​ទូទៅ និង​ទូលំទូលាយ​បែប​នេះ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពេញ​លេញ​ ស្របតាមព័ត៌មាន​ដែលបាន​ចងក្រង ឬ​ហានិភ័យចំពោះ​មុខ​ដែល​ប្រជាជន​ស៊ីវិល​រង​ផល​ប៉ះពាល់​នោះទេ»

ដោយ​រម្លឹក​ពី​ក្រម​សីលធម៌ ​វិជ្ជាជីរៈ ភាព​មិន​លម្អៀង​របស់​អ្នក​រាយការណ៍​ពិសេស​កម្ពុជា​សង្ឃឹម​ថា​លោក​ មុនតាប៊ន បន្ត​ប្រកាន់​ខ្ជាប់​ចំពោះ​ក្រម​ប្រតិបត្តិ​ និង​ធ្វើការ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ព្រួយ​បារម្ភ​ដែល​កើត​មាន​ឡើង​​ក្នុង​ន័យ​ចូលរួម​ពង្រឹង​សុចរិតភាព​នៃ​ប្រព័ន្ធ​នីតិវិធី​ពិសេស​របស់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​។

សេចក្ដី​ថ្លែង​ការណ៍​របស់​តំណាង​កម្ពុជា​នៅពេល​នេះ​គឺ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ជា​ជនជាតិ​ថៃ​លោក វីទីត មុនតាប៊ន ទើប​តែ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​លើក​ដំបូង​ទាក់ទង​នឹង​ជម្លោះ​ព្រំដេន​កម្ពុជា-ថៃ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លង​ទៅ​ដោយ​បាន​ថ្លែង​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​សន្ដិភាព​កម្ពុជា​ថៃ​ និង​ថា​ការ​អនុវត្តន៍​មនុស្ស​ធម៌​គឺ​ជា​កត្តា​ចាំ​បាច់​ ​ដែល​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ស្របតាម​ច្បាប់​អន្តជាតិ​។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​លើក​ពី​បញ្ហា​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​កម្ពុជា​ពី​សំណាក់​ទាហាន​ថៃ​នោះ​ទេ​។

​គួរឱ្យដឹង​ផងដែរ​ថា​លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម