ព័ត៌មានជាតិ
កម្ពុជា-កាណាដាឆ្ងាយគ្នាជាង១ម៉ឺនគីឡូម៉ែត្រ តែទំហំពាណិជ្ជកម្មធំជាង១ពាន់លានដុល្លារ សម្ដេចតេជោថាជារឿងមិនធម្មតា
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា Christian DesRoches លើកឡើងថា រយៈពេលចុងក្រោយនេះ វិស័យពាណិជ្ជកម្មកម្ពុជា និងកាណាដា កើនឡើងគួរឱ្យកត់សម្គាល់ស្របគ្នានឹងវិស័យនយោបាយ និងការទូត។ សម្ដេច ហ៊ុន សែន ឆ្លើយតបទៅវិញដោយក្ដីរីករាយ និងពេញចិត្តចំពោះកំណើននៃការដោះដូរទំនិញរវាងគ្នាក្នុងទំហំលើសពី ១ពាន់លានដុល្លារនេះ និងថាមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយគ្នាប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នាបាន។ នេះបើតាម អ្នកនាំពាក្យព្រឹទ្ធសភា ជា ធីរិទ្ធ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងប្រធានព្រឹទ្ធសភា និងទូតកាណាដាប្រចាំកម្ពុជា នាថ្ងៃទី២ ខែធ្នូ នៅវិមានព្រឹទ្ធសភាបញ្ចប់ទៅ។

បើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ក្នុងរយៈពេល១០ខែ នៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា សម្រចបានក្នុងទំហំ១.១ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងកម្ពុជានាំចេញទៅកាណាដាក្នុងទំហំជាង១ពាន់លានដុល្លារ ចំណែកកម្ពុជានាំចូលពីកាណាដាវិញក្នុងទំហំជាង៥៩លានដុល្លារ។

សម្ដេច ហ៊ុន សែន ក៏បានលើកឡើងនៅចំពោះមុខឯកអគ្គរដ្ឋទូតកាណាដាថា ការដែលកម្ពុជា និងកាណាដានៅឆ្ងាយគ្នា ប៉ុន្តែសម្រេចការដោះដូរទំនិញបានក្នុងទំហំជាង១ពាន់លានដុល្លារទៅបាន គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមគ្នា។

ត្បិតទំនាក់ទំនងលើវិស័យពាណិជ្ជកម្មកើនឡើងក៏ដោយ ក៏ឯកអគ្គរដ្ឋទូតកាណាដា ប្ដេជ្ញាជំរុញទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្មបន្ថែមទៀត ក៏ដូចជាជំរុញអ្នកវិនិយោគកាណាដាមកវិនិយោគនៅកម្ពុជាបន្ថែម ព្រោះលោកថា បើនិយាយពីការវិនិយោគរបស់កាណាដានៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សង្ឃឹមថា កម្ពុជា និងកាណាដា នឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំទំនាក់ទំនង ជាប្រវត្តិសាស្ត្រយូរមកហើយរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ននៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ ដើម្បីជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

កម្ពុជា-កាណដា ស្ថិតនៅទ្វីបខុសគ្នា ដែលមានចម្ងាយឆ្ងាយពីគ្នាជិត១ម៉ឺន២ពាន់គីឡូម៉ែត្រ។ កាណាដា បានចងភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយកម្ពុជា នៅក្នុងឆ្នាំ១៩៥២ ពោលគឺមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងម៉្លេះ។ ចូលមកដល់ឆ្នាំ២០២៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឈានដល់វ័យ៧៣ឆ្នាំ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


