Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ MU ប្តេជ្ញាមិនបោះបង់តំណែងចោល ដោយសារសម្ពាធពីមហាជនទេ

បានផុស

នៅ

ក្រោយលេចធ្លាយនូវចចាមអារ៉ាមទាក់ទិននឹងឪពុកដែលប្រើប្រាស់អំណាចដើម្បីជះឥទ្ធិពលដល់លទ្ធផលនៃការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ នាង Fátima Bosch​ បានបដិសេធថា នាងបានព្យាយាមយ៉ាងខ្លាំងក្លាដូចអ្នកចូលរួមប្រកួតទាំងអស់ដែរ ដើម្បីឈ្នះ និងប្តេជ្ញាចិត្តមិនបោះបង់ចោលមកុដនោះទេ ទោះជាមានរឿងអ្វីក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីជាងមួយសប្តាហ៍នៃឈ្នះតំណែង បវរកញ្ញាចក្រវាលឆ្នាំ ២០២៥ រូបនេះបានទៅសហរដ្ឋអាមេរិកសម្រាប់ដំណើរអាជីវកម្មលើកដំបូងនៃអាណត្តិរបស់នាង។ នាងក៏បានធ្វើបទសម្ភាសន៍ជាមួយប៉ុស្តិ៍ Telemundo ផងដែរ។

យ៉ាងណាមិញ នៅពេលអ្នកយកព័ត៌មានសួរថា តើនាងធ្លាប់គិតអំពីការបោះបង់ចោលតំណែងនេះដែរឬទេ Fátima បានឆ្លើយថា ជាការពិតណាស់មិនមែនដោយសារតែខ្ញុំសមនឹងទទួលបានមកុដនោះទេ។ មនុស្សបាននិយាយវាច្រើនដងមកហើយ ប៉ុន្តែខ្ញុំនិយាយម្តងទៀតថា ខ្ញុំបានព្យាយាមយ៉ាងខ្លាំងដូចអ្នកចូលរួមប្រកួតដទៃទៀតដែរ។ យើងបានយកឈ្នះលើបញ្ហាប្រឈមនៅក្នុងការប្រកួត ហើយខ្ញុំជាអ្នកឈ្នះ។ ហេតុអ្វីបានជាខ្ញុំគួរបោះបង់ចោលអ្វីមួយដែលខ្ញុំបានព្យាយាម និងធ្វើបានល្អ?»

នាងបានបន្ថែមថា «អ្នកមិនចាំបាច់បោះបង់ចោលទេ ព្រោះអ្នកបានខិតខំប្រឹងប្រែងហើយ! ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកនិយាយចេញមក វាក៏សំខាន់ខ្លាំងណាស់ដែរ។ ខ្ញុំចង់បញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលមនុស្សនិយាយអំពីខ្ញុំគឺមិនពិតទេ»។

រាជិនីសម្រស់ប្រទេសម៉ិកស៊ិកបានបន្ថែមថា នាងមានអារម្មណ៍ឈឺចាប់នៅពេលដែលនាង និងក្រុមគ្រួសារ ក្លាយជាគោលដៅនៃការវាយប្រហារ ប៉ុន្តែនាងនឹងមិនបោះបង់ចោលតួនាទីជាបវរកញ្ញាចក្រវាល ដោយសារតែសម្ពាធសាធារណៈនោះទេ។

នាងបាននិយាយថា «ខ្ញុំមានអាយុត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំមិនដែលស្ថិតក្នុងស្ថានភាពបែបនោះទេ ជាក់ស្តែងខ្ញុំមានអារម្មណ៍ឈឺចាប់នៅពេលដែលពួកគេវាយប្រហារគ្រួសាររបស់ខ្ញុំ។ ប៉ុន្តែខ្ញុំជឿថា នៅពេលដែលព្រះប្រទានបេសកកម្មដល់អ្នក ទ្រង់ក៏ដាក់បញ្ហាប្រឈមជាច្រើនផងដែរ ហើយខ្ញុំនឹងមិនបោះបង់ចោលទេ ព្រោះខ្ញុំនៅទីនេះដើម្បីតស៊ូដើម្បីបុព្វហេតុសប្បុរសធម៌ និងសង្គម»។

នៅពេលសួរអំពីពាក្យចចាមអារ៉ាមថា ឪពុករបស់នាង គឺលោក Bernardo Bosch Hernández មានទំនាក់ទំនងអាជីវកម្មជាមួយលោក Raul Rocha ដែលជាម្ចាស់បវរកញ្ញាចក្រវាល ដែលបានបើកផ្លូវឱ្ឲ្យរូបនាងអាចគ្រងមកុដ បាន។

នាងបាននិយាយថា៖ «ខ្ញុំអស់សំណើចអំពីពាក្យចចាមអារ៉ាមនេះ មានព័ត៌មានមិនពិតច្រើនណាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ពួកគេនិយាយកុហកដដែលៗម្តងហើយម្តងទៀតរហូតដល់វាក្លាយជាការពិត។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ យើងត្រូវតែចងចាំជានិច្ចថា កិត្តិនាម និងអំណាចត្រូវតែភ្ជាប់មកជាមួយនឹងការប្តេជ្ញាចិត្តក្នុងសង្គម ហើយលើសពីនេះទៅទៀត ការទទួលខុសត្រូវក្នុងការនិយាយការពិតជានិច្ច»។

ទោះជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងអាជីវកម្មរបស់លោក Bernardo Bosch ជាមួយលោក Raul Rocha ម្ចាស់កម្មវិធី Miss Universe បានកើតឡើងបន្ទាប់ពីអ្នកនិពន្ធ Omar Harfouch ដែលបានលាលែងពីតំណែងជាចៅក្រមក្នុងកម្មវិធី Miss Universe 2025 បានអះអាងថា នាងត្រូវបានរៀបចំឲ្យឈ្នះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ជនជាតិ ថៃ ចាប់ផ្ដើមរើសអើង ម្ចាស់មកុដបវរកញ្ញាចក្រវាឡឆ្នាំ ២០២៥ Fatima
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម