Connect with us

ព័ត៌មានអន្ដរជាតិ

ហិង្សា​ក្រោយ​ការ​ស្លាប់​ស្ដេច​​​គ្រឿងញៀនម៉ិកស៊ិក កំពុងបង្កហានិភ័យ​ដល់ការរៀបចំ World Cup

បានផុស

នៅ

រលកនៃអំពើហិង្សានៅរដ្ឋ Jalisco បន្ទាប់ពីកងទ័ពម៉ិកស៊ិកបានសម្លាប់ស្ដេច​ជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល Nemesio Oseguera Cervantes រហស្សនាម​ «El Mencho» កាល​ពីថ្ងៃ​អាទិត្យ​ទី​២២​​កុម្ភៈ​​ បានបង្ក​ឲ្យ​មានមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីសមត្ថភាពរបស់ទីក្រុង Guadalajara ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោក (World Cup)។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការដែលគាំទ្រដោយការផ្តល់ព័ត៌មានសម្ងាត់ពីសហរដ្ឋអាមេរិកនេះ បានបណ្តាល​ឲ្យ​មានការដុតបំផ្លាញរថយន្ត និងការបាញ់បោះដែលសម្លាប់មនុស្សអស់​រាប់​សិប​នាក់។ អ្នកស្រុក និងម្ចាស់អាជីវកម្មក្នុងតំបន់បានបង្ហាញការព្រួយបារម្ភថា ស្ថានភាពបង្ហូរឈាម និងអសន្តិសុខបែបនេះ មិនមែនជាបរិយាកាសល្អសម្រាប់ទទួលភ្ញៀវអន្តរជាតិនោះទេ។

ទោះជាយ៉ាងណា ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានផ្តល់ការធានាថា «មិនមានហានិភ័យ» សម្រាប់អ្នកគាំទ្រដែលនឹងមកទស្សនាការប្រកួតនោះឡើយ ស្រប​ពេល​ដែល​អភិបាលរដ្ឋ Jalisco បានបញ្ជាក់ថា សហព័ន្ធ FIFA មិនមានបំណងផ្លាស់ប្តូរទីតាំងប្រកួតទេ។ រដ្ឋាភិបាលម៉ិកស៊ិកបានបង្កើនការបង្រ្កាបលើក្រុមឧក្រិដ្ឋជនតាមការទាមទាររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោកត្រាំ ក៏បានលើកឡើងពីជោគជ័យនៃប្រតិបត្តិការកម្ចាត់មេខ្លោង​គ្រឿងញៀន​រូបនេះផងដែរ ខណៈ​​កន្លងមក​អាមេរិកធ្លាប់បានផ្តល់ប្រាក់រង្វាន់រហូតដល់​១៥​លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន El Mencho។

ទន្ទឹមនឹងការបន្តជួសជុលពហុកីឡដ្ឋាន ក្តីបារម្ភនៅតែបន្តកើតមានថា ការស្លាប់របស់ El Mencho អាចនឹងបង្ក​ឲ្យ​មានសង្គ្រាមដណ្តើមអំណាចគ្នាក្នុងចំណោមក្រុម​គ្រឿងញៀន និងបង្កអសន្តិសុខកាន់តែខ្លាំង។ ទោះបីជាសហព័ន្ធបាល់ទាត់ម៉ិកស៊ិករំពឹងថា World Cup នឹងផ្តល់ចំណូលសេដ្ឋកិច្ចដល់ទៅ ៣​ពាន់​លាន​ដុល្លារក៏ដោយ ក៏ប្រជាពលរដ្ឋមូលដ្ឋានមួយចំនួននៅតែមិនជឿជាក់ថា ផលចំណេញទាំងនោះនឹងធ្លាក់ដល់ដៃពួកគេឡើយ។ បច្ចុប្បន្ន កម្លាំងនគរបាល និងកងឆ្មាំជាតិ កំពុងល្បាតពេញទីក្រុង ដើម្បីគ្រប់គ្រងស្ថានការណ៍ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍​ World Cup នឹង​ប្រព្រឹត្ត​ទៅ​​នៅ​លើ​ទឹកដី​ម៉ិកស៊ិក កាណាដា និង​សហរដ្ឋ​អាមេរិក ចាប់​ពីថ្ងៃទី​១១​ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​១៩​ខែ​កក្កដា​ខាង​មុខ៕

លោកស្រី Claudia Sheinbaum (រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម