Connect with us

សន្តិសុខសង្គម

​កត្តាសំខាន់​៤ ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍ស៊ីហ្គេមលើក​ទី​៣៣​​​​នៅថៃឆ្នាំ​នេះ ​​បរាជ័យ​​

បានផុស

នៅ

​ព្រឹត្តិការ​ណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម) ​លើក​ទី​៣៣ ដែល​​ថៃ​ធ្វើជាម្ចាស់​ផ្ទះ​​លើក​ទី​​៧​នៅ​​ឆ្នាំ​២០២៥នេះ ​កំពុង​​ប្រឈម​នឹង​រឿង​រ៉ាវ​​​​​អវិជ្ជមាន​ជាច្រើន​​ដែល​នាំ​ទៅដល់​ការ​ខូច​មុខ​មាត់​ប្រទេសថៃដែលធ្លាប់​ធ្វើ​ជាម្ចាស់ផ្ទះរៀបចំ​ការ​ប្រកួត​​​​កីឡា​ប្រចាំតំបន់​​​​៦​លើក​កន្លងមក​ហើយ​នោះ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូប​ភាព​​ផ្សព្វផ្សាយ​ពី​ការ​ត្រៀម​ប្រកួត​កីឡាស៊ីហ្គេម។ The Nation

សារព័ត៌មានថៃ​ធំៗ បាន​​ផ្សាយ​​​នូវ​ការ​មិន​​ពេញ​ចិត្ត​ជាច្រើន​​នៅ​មុន​​ព្រឹត្តិការណ៍​បើក​ស៊ីហ្គេម​ឆ្នាំ​២០២៥​ដែលខិត​ជិត​មកដល់ហើយ ប៉ុន្តែការត្រៀមលក្ខណៈរបស់ប្រទេសថៃ​​វិញ​កំពុងរងការរិះគន់​សម្រាប់យុទ្ធនា​ការផ្សព្វផ្សាយ​ដ៏​អន់​​ថយ ​ការ​ប្រឈម​​​​នៃ​​ទីកន្លែង​ប្រកួត ប្រាក់ឧបត្ថម្ភអត្តពលិក និងរឿងរ៉ាវ​នយោបាយ​ដ៏ស្មុគស្មាញ​របស់​​​ប្រទេសថៃ​​។

ស៊ីហ្គេមលើកទី៣៣ ដែលគ្រោងនឹងចាប់ផ្តើមនៅប្រទេសថៃនៅថ្ងៃទី៩ខែធ្នូ គឺជាការវិលត្រឡប់របស់ប្រទេសនេះក្នុងនាមជាម្ចាស់ផ្ទះបន្ទាប់ពីរយៈពេល១៨ឆ្នាំ។ ​​The Nation ​បានចុះផ្សាយថា ទោះបីជាអ្នករៀបចំ​ព្រឹត្តិការណ៍​មានការធានាថាអ្វីគ្រប់យ៉ាងគឺ «រួចរាល់​១០០​%» ក៏ដោយ” ប្រតិកម្មជាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្តោតលើ «ការ​ត្រៀម​លក្ខណៈពេញលេញ​» និង «កង្វះការចាប់អារម្មណ៍​»​​ជាទូទៅ​​។

មាន​កា​រកត់សម្គាល់ថា កត្តាសំខាន់៤​ បណ្តាល​​ឲ្យ​ព្រឹត្តិការណ៍ស៊ីហ្គេម​នៅថៃ​​​​​បរាជ័យ​៖

ទី១៖ ការផ្សព្វផ្សាយខ្សោយ៖ មនុស្ស​​ភាគច្រើនមិន​ដឹងថា​មាន​ព្រឹត្តិការណ៍ស៊ីហ្គេម​​​ទេ​

ថ្វីត្បិតតែព្រឹត្តិការណ៍ជិតមកដល់ក៏ដោយ ​ប៉ុន្តែ​​​​​ស៊ីហ្គេមលើក​នេះ​ត្រូវបានគេ​​ឲ្យ​ឈ្មោះថា «ស្ងប់ស្ងាត់បំផុតក្នុងប្រវត្តិសាស្ត្រ»​ ដោយប្រជាជនថៃជាច្រើនមិនបានដឹងពីកាលវិភាគនៃការប្រកួត ទីកន្លែង​ប្រកួត​​ ឬសូម្បីតែវត្តមានរបស់ព្រឹត្តិការណ៍នោះ​ទៀត​ផង​​។

មាន​កា​រកត់សម្គាល់​ថា ព្រឹត្តិការណ៍​លើក​ទី​៧​ដែលថៃ​ធ្វើជាម្ចាស់ផ្ទះនេះ ​ផ្ទុយ​ស្រឡះ​ពី​ការ​ប្រកួត​កន្លង​មក ដូច​ជា​ព្រឹត្តិការណ៍​​ស៊ីហ្គេម​ឆ្នាំ​១៩៩៥ ដែល​មាន​បទ​ចម្រៀង​​​បើក​​ការ​ប្រកួត​នោះ​មាន​ចំណង​ជើង​ថា «ឈ្នះ​​​ក្នុងដួង​​ចិត្ត» ដែល​បាន​​អង្រួន​​​ដួង​ចិត្ត​កក្រើក​ពេញ​ផ្ទៃ​​ប្រទេសថៃ​​។

​​សារព័ត៌មានថៃ​ The Nation បាន​ស្រង់សម្តី​​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Atthakorn Sirilatthayakorn ដែល​បានបដិសេធការអះអាងពីដែលថា «ថៃ​មិនបានរៀបចំទុកជាមុន»​ ប៉ុន្តែលោក​បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយត្រូវតែកើនឡើង ដោយសង្ឃឹមថានឹងអាចបង្កើតបាន ១៥​ពាន់លានបាតក្នុងសកម្មភាពសេដ្ឋកិច្ច ប្រសិនបើផែនការផ្សព្វផ្សាយទទួលបានជោគជ័យ។

ទី២៖ ការផ្លាស់ប្តូរទី​កន្លែង​ប្រកួត​៖ ការពន្យារពេល និងគ្រោះមហន្តរាយធម្មជាតិ

តាមការ​គិត​គួរ​ពីដំបូង ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៥នៅប្រទេស​ថៃ គ្រោងនឹងប្រារព្ធឡើងនៅ​រាជធានី​​ និង​​ខេត្តចំនួនបី រួម​មាន រដ្ឋធានី​បាងកក ខេត្ត​ឈុនបុរី និងខេត្ត​សុងក្លា ប៉ុន្តែ​ដោយសារ​​​គ្រោះមហន្តរាយ​​ទឹកជំនន់នៅតំបន់ភាគខាងត្បូងបានជំរុញឱ្យមានការផ្លាស់ទីលំនៅនៃព្រឹត្តិការណ៍កីឡាចំនួន ១០​ទៅកាន់ទីក្រុងបាងកក និងខេត្ត​ឈុនបុរី ដោយសារហេតុផលសុវត្ថិភាព។

ភាពស្មុគស្មាញ​​ផ្សេង​ទៀត​ បានកើតឡើងនៅពេលដែលការសាងសង់ទីតាំង​ប្រកួត​ជាច្រើន រួមទាំងអាងហែលទឹកនៅអាជ្ញាធរកីឡានៃប្រទេសថៃ បានប្រឈមនឹងការពន្យារពេល ដែលបង្កើនការព្រួយបារម្ភលើតម្លៃឧបករណ៍កើនឡើង។ បញ្ហាទាំងនេះបាន​នាំ​ឲ្យ​មានការប្រៀបធៀបទៅនឹងការបរាជ័យក្នុងព្រឹត្តិការណ៍អន្តរជាតិកន្លងមកនៅក្នុងប្រទេសថៃ ដូចជា ហ្គេម Asian Indoor និង Martial Arts Games ដែលបានលុបចោលកាលពីឆ្នាំមុន។

ទី៣៖ ប្រាក់ឧបត្ថម្ភអត្តពលិកយឺតយ៉ាវ​និង​តិចតួច​​

បញ្ហាចម្រូងចម្រាសបំផុតគឺការកាត់បន្ថយប្រាក់ឧបត្ថម្ភ​ដល់​អត្តពលិក និងការ​​ទូទាត់​យឺតយ៉ាវ​ ដែលបណ្តាលឱ្យមានការខកចិត្តយ៉ាងខ្លាំង​ក្លា និងធ្វើឱ្យខូចសីលធម៌។ តារា​វាយ​សី​ (badminton) អ្នកនាង Pornpawee Chochuwong ជន​ជាតិ​ថៃ​ខ្លួន​ឯង​ ដំបូង​ឡើយ​បាន​ដក​ខ្លួន​ចេញ​ពី​ស៊ីហ្គេម ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឲ្យ​វិល​មក​វិញ។ អ្នកគ្រប់គ្រងក្រុមកីឡាប្រដាល់ថៃ បង្ហើបថា អត្តពលិកមានអារម្មណ៍ថា «អន់ចិត្ត» ដោយសារតែមិនមានតម្លាភាព និងការពន្យាពេលការបង់ប្រាក់ពីសហព័ន្ធកីឡា ដែលធ្វើឲ្យអត្តពលិកជាច្រើនមិនបានទទួលប្រាក់ខែច្រើនខែ។

ទី៤៖ ការ​​ដក​ខ្លួន​របស់​កម្ពុជា​ និង​ពន្យារ​ពេល​​បញ្ជូន​អត្តពលិក​​តាម​ការគ្រោងទុក​​

កម្ពុជាបាន​ប្រកាស​​ដកខ្លួនចេញពីការប្រកួត​ប្រភេទ​កីឡាមួយចំនួនដែល​មាន​ហានិភ័យ​​​ដោយមិននឹកស្មានដល់ ដោយលើកឡើងពី «ក្តីបារម្ភអំពីសុវត្ថិភាព» បន្ទាប់ពីមានការប៉ះទង្គិច​ប្រដាប់​អាវុធ​នៅតាមបណ្តោយ​ព្រំដែន​រវាង​ប្រទេសទាំងពីរ​។ មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា នេះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ដែល​ប៉ះពាល់​ផ្ទាល់​ដល់​ព្រឹត្តិការណ៍​កីឡា​អាស៊ាន។

ការដកខ្លួនរបស់កម្ពុជាបានជំរុញឱ្យមានការពន្យារពេលក្នុងតារាងការប្រកួតផ្លូវការ ដោយព្រឹត្តិការណ៍មួយចំនួននៅតែមិនទាន់បញ្ជាក់កាលបរិច្ឆេទ។ នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រិះគន់ ​«​ការ​មិន​បាន​ត្រៀម​ខ្លួន​» ​របស់​ម្ចាស់​ផ្ទះ។

ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ ប្រទេសថៃកំពុងបញ្ជូនអត្តពលិកចំនួន ១៥៣១នាក់ ក្នុងគោលបំណងដើម្បីធានា​ឈ្នះ​មេដាយមាសច្រើន​បំបំផុត​លើក​ទី​​៧​​ក្នុងកំណត់ត្រាក្នុងនាមជាម្ចាស់ផ្ទះរៀប​ចំ​​ព្រឹត្តិការណ៍​កីឡា​។ ព្រឹត្តិការណ៍​នេះ​​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​សេរី​ជា​ច្រើន​រួម​មាន NBT, T-Sport, One31, PPTV, និង TrueVisions៕​

រូប​ភាព​រចនា​​ផ្សព្វផ្សាយ​លើក​កម្ពស់​​ព្រឹត្តិការណ៍ប្រកួត​​កីឡា​ស៊ីហ្គេម​២០២៥​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម