Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រាប់អ្នកសង្កេតការណ៍អាស៊ានអំពីការបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបង-ចន្ទបុរី

បានផុស

នៅ

ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន  លោក ព្រំសឿន វឌ្ឍន:  បានធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាថ្ងៃទី៥ ខែធ្នូនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ដោយឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គិតត្រឹមល្ងាចថ្ងៃទី៣ ខែធ្នូ ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ សម្រេចបានការងារថតរូបពីលើអាកាសដោយប្រើដ្រូនលើដីប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦% នៃផែនការសរុប ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយនៅក្នុងភូមិសាស្រ្តឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរីរបស់ថៃ។

គួរឱ្យដឹងថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន  ធ្លាប់បញ្ជាក់ថា ការងារចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងរបស់ក្រុមការងារចម្រុះ គឺជាការបន្តអនុវត្តការងារជាជំហានៗ ដើម្បីឈានទៅដល់ការខណ្ឌសីមា លើដីជាក់ស្ដែង ដែលកិច្ចការងារនេះ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា( MOU) ឆ្នាំ២០០០, បែបបទការងារ (TOR)ឆ្នាំ២០០៣ និងស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ GBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស(Technical Instruction) ដែលកម្ពុជា-ថៃបានឯកភាពគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម