Connect with us

សេដ្ឋកិច្ច

​អាមេរិក​នៅតែ​ជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​របស់​កម្ពុជា​ដែលមានទំហំទឹកប្រាក់ ​១១,៥ ​ពាន់​លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ១១ ខែ​

បានផុស

នៅ

សហរដ្ឋអាមេរិក​នៅតែ​ជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាង​គេ​របស់​កម្ពុជា​ ដែល​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១១,៥០ ពាន់លានដុល្លារ ​នៅ​ក្នុង​រយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ២៧,១% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ មានទំហំ ៩ ពាន់លានដុល្លារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បង្ហាញ​ថា ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ​ឆ្នាំ ២០២៥ ​ការ​ដោះ​ដូរ​ទំ​និញ​​​រវាង​កម្ពុជា និង​អាមេរិក សម្រេច​បាននូវទំហំទឹកប្រាក់ ១១,៨៧ ពាន់លានដុល្លារ កើន ២៧,៧% ក្នុងនោះ​កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១១,៥០ ពាន់លាន​ដុល្លារ ​​កើនឡើង ២៧,១% ​ចំណែកអាមេរិកនាំចូលមកវិញ មានតម្លៃ ​៣៦៧ លានដុល្លារ ​កើន ​៥០,៣%។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មាន​ប្រសាសន៍​ថា ​កម្ពុជា ​ជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ​ក្នុងរយៈពេល ២ ​ឆ្នាំកន្លងមកនេះ។​

​លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ​សហរដ្ឋអាមេរិក​ទើបតែ​សម្រេច​យកពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​នាំ​ទៅ​អាមេរិក ក្នុង​អត្រា ១៩% កាល​ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥​ដែល​អត្រានេះ នឹង​ធ្វើ​ឱ្យកម្ពុជា​មានលទ្ធភាព​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេសជិតខាង និង​ថែរក្សា​រោងចក្រ​ដែល​មានស្រាប់​ព្រមទាំង​ទាក់​ទាញ​​ការ​វិនិ​យោគ​កាន់តែ​ច្រើន​បន្ថែមទៀត។ ​

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​ប្រាប់កម្ពុជាថ្មីថា ​ការនាំ​ចេញ​របស់កម្ពុជា ​ទៅកាន់សហរដ្ឋអាមេរិក​មានការ​កើន​ឡើង​ខ្លាំង​ដោយសារតែអត្រាពន្ធ ១៩% ​បើធៀប​ជាមួយ​សមាជិកអាស៊ាន និងប្រទេសដៃគូប្រកួតប្រជែង គឺកម្ពុជាមានប្រៀបជាង ពោល​គឺស្មើ​តែ​ប្រទេស​ឥណ្ឌូនេស៊ី លើវិស័យវាយនភណ្ឌ។ ​

ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើប្រាស់មួយចំនួនទៀត។ ចំណែក​អាមេរិក​នាំចូល​មកវិញ មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿង​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

នៅក្នុងឆ្នាំ ​២០២៤ ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-អាមេរិក​សម្រេច​បាន​ទឹកប្រាក់ជាង ១០ ពាន់លាន​ដុល្លារ​កើនឡើង ១១% ធៀប​នឹង​ឆ្នាំ​ ២០២៣​ ក្នុង​នោះ ​កម្ពុ​ជា​​នាំចេញ​ទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លាន​ដុល្លារ កើន​ឡើង ១១,៤% និង​ទំនិញ​អា​មេរិកនាំចូល​មក​​​កម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម