Connect with us

ព័ត៌មានជាតិ

អង្គការយូណេស្កូ ជំរុញឱ្យការពារបន្ទាន់តំបន់បេតិកភណ្ឌក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

អង្គការយូណេស្កូ (UNESCO)​ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងឡើងវិញរវាងប្រទេសកម្ពុជា និងប្រទេសថៃ រួមទាំងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ទន្ទឹមនេះ អង្គការយូណេស្កូ អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌របស់តំបន់នេះគ្រប់ទម្រង់ទាំងអស់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការយូណេស្កូ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។

ថៃប្រើយន្តហោះចម្បាំង F-16 បំផ្លាញប្រាសាទព្រះវិហារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ យូណេស្កូ ក្រើនរំលឹកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់​អាវុធ និងអនុសញ្ញាឆ្នាំ ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។ អង្គការយូណេស្កូនឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ ដើម្បីធានាការការពាររបស់ខ្លួន។

ដើម្បីសម្រេចគោលដៅនេះ អង្គការយូណេស្កូ ក៏បានជម្រាបដល់គ្រប់ភាគីពាក់ព័ន្ធអំពីកូអរដោនេភូមិសាស្ត្រនៃទីតាំងនានាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាទីតាំងដែលមានសារៈសំខាន់ជាតិ ដើម្បីជៀសវាងការខូចខាតដែលអាចកើតមាន។ អង្គការយូណេស្កូ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់តាមដែលលក្ខខណ្ឌអនុញ្ញាត។

ការជំរុញរបស់ស្ថាប័នពិភពលោកទទួលខុសត្រូវផ្នែកបេតិកភណ្ឌនេះ បន្ទាប់ពីយោធាថៃ បើកការវាយប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជាជាថ្មី ចាប់ពីថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយបានបំផ្លាញផ្នែកខ្លះនៃប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទតាក្របី រួមទាំងប្រាសាទមួយចំនួនទៀត ។

ការបំផ្លាញសំណង់ប្រវត្តិសាស្រ្តដែលបន្សល់ទុកដោយដូនតាខ្មែរ ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ក្រសួងសង្កត់ធ្ងន់ថា៖«ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន»។

យោធាថៃបំផ្លាញប្រាសាទតាក្របី

គួរជម្រាបថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៥:០០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្តោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។ រហូតដល់ម៉ោង ៧:០០នាទីព្រឹកថ្ងៃដដែល ការវាយប្រហារដោយយោធាថៃបានបន្តមកដល់តំបន់ជុំវិញនិងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និង ហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម