Connect with us

កីឡា

ក្រៅពីការរៀបចំកីឡាស៊ីហ្គេមដ៏អន់ ថៃ ក៏​កំពុង​រង​ការរិះគន់​ពីការលំអៀងលទ្ធផល

បានផុស

នៅ

ការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣៣ ត្រូវបានគេរំពឹងខ្ពស់លើប្រទេស ថៃ នឹងមានសមត្ថភាពរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់មួយនេះឱ្យមានលក្ខណៈស្តង់ដាដូចព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែផ្ទុយមកវិញ ចាប់តាំងពីចាប់ផ្តើម រហូតមកដល់ពេលនេះ ម្ចាស់ផ្ទះបានបង្កើតកំហុសមិននឹកស្មានជាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះក៏កំពុងរងការរិះគន់ពាក់ព័ន្ធនឹងភាពអយុត្តិធម៌​ចំពោះលទ្ធផល។

រូបភាពពិធីបើកកីឡាស៊ីហ្គេមលើកទី ៣៣
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពិធីបើកការប្រកួត ដែលធ្វើឡើងនៅល្ងាចថ្ងៃទី ៩ ខែធ្នូ នៅពហុកីឡដ្ឋាន រាជមង្គលា ត្រូវបានប្រជាជនក្នុងតំបន់ អាស៊ាន រិះគន់ព្រោងព្រាត បន្ទាប់ពីការរៀបចំមានភាពច្របូកច្របល់ខ្លាំង។ កំហុសដំបូង ពួកគេបានបង្ហាញផែនទីប្រទេសវៀតណាមខុសធ្ងន់ធ្ងរ បន្ទាប់មកទៀតភ្លើង LED បានខូចនៅចំណុចទង់ជាតិ កម្ពុជា។ រឿងដ៏អាម៉ាសបន្ថែមទៀត អ្នកចម្រៀងត្រូវគេចាប់បាន ថា បានច្រៀងត្រាប់តាមសម្លេងថតទុក ហើយការបង្ហោះដ្រូនបង្ហាញពីចំនួនមេដាយ ក៏ខុសពីចំនួនជាក់ស្តែងថែមទៀត។

បន្ទាប់ពីកំហុសឆ្គងក្នុងពិធីបើក ថៃ បានបង្កើតនូវកំហុសឆ្គងជាច្រើនទៀតនៅក្នុងពេលប្រកួត ជាពិសេសពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសលើរឿងទង់ជាតិរបស់ប្រទេសនីមួយៗ។ ក្រៅពីកំហុសបច្ចេកទេសលើការរៀបចំ ពេលនេះ ថៃ ក៏កំពុងរងការរិះគន់ផងដែរ អំពីការលម្អៀងលទ្ធផល ដែលចំណុចទាំងអស់នេះ បានធ្វើឱ្យបណ្តាសារព័ត៌មានក្នុងតំបន់ អាស៊ាន ចាប់អារម្មណ៍យ៉ាងខ្លាំង។

កំហុសអំពីការដាក់ទង់ជាតិ

ដកស្រង់ពីសារព័ត៌មាន វៀតណាម Vietnam.VN នៅក្នុងឃ្លាមួយ បានធ្វើការរិះគន់លើប្រទេស ថៃ ចំៗ ថា៖ «មានការប្រកួតជាច្រើន ជាពិសេសកីឡាប្រយុទ្ធ បានប្រឈមនឹងភាពចម្រូងចម្រាស់ជាច្រើន អំពីការវិនិច្ឆ័យរបស់អាជ្ញាកណ្ដាល។ មានប្រទេសជាច្រើនបានចោទប្រកាន់ថា ប្រទេសម្ចាស់ផ្ទះថៃ ទទួលបានផលប្រយោជន៍ពីសេចក្តីសម្រេចរបស់ពួកគេ ដែលមានភាពលំអៀង ឬមិនមានភាពថ្លៃថ្នូរ។ ម្ចាស់ផ្ទះបានពន្យល់ថា កំហុសទាំងអស់នោះ ដោយសារ «ការកាត់បន្ថយថវិកា» ប៉ុន្តែវាមិនអាចលាក់បាំងការពិតបានទេ ថា ស៊ីហ្គេម លើកទី ៣៣ កំពុងត្រូវបានដំណើការដោយភាពមិនអាជីព និងខ្វះការរៀបចំល្អ។ នេះមិនត្រឹមតែប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់រូបភាពនៃចលនាកីឡា អាស៊ាន ទាំងមូលផងដែរ»

សំណេររិះគន់របស់សារព័ត៌មាន Vietnam.VN

ពាក់ព័ន្ធនឹងការលម្អៀងលទ្ធផលនេះបានកើតឡើងច្រើនករណី ប៉ុន្តែរឿង ដែលចាប់អារម្មណ៍បំផុត គឺអំឡុងការប្រកួតកីឡាតេក្វាន់ដូ WT វិញ្ញាសាសម្តែងរវាងក្រុមអត្តពលិក ម៉ាឡេស៊ី និង ថៃ។ តារាងពិន្ទុក្នុង LED បានបង្ហាញ ថា ម៉ាឡេស៊ី រកបាន ៨.៥២០ពិន្ទុ ដោយលើសម្ចាស់ផ្ទះថៃ ០.០៦ ពិន្ទុ ដែលរកបាន ៨.៤៦០ ពិន្ទុ។ ប៉ុន្តែរឿងដ៏ហួសចិត្ត នៅពេលប្រកាសលទ្ធផល បែរជាអ្នករៀបចំការប្រកួតផ្តល់ជ័យជម្នះឱ្យទៅខាង ថៃ ទៅវិញ។ រឿងនេះបានបង្ករជាភាពចម្រូងចម្រាស់ខ្លាំង ខណៈ ម៉ាឡេស៊ី ក៏បានដាក់ពាក្យបណ្តឹងតវ៉ាផងដែរ ប៉ុន្តែលទ្ធផលអ្នករៀបចំ នៅតែឱ្យចាញ់ដដែល។

អត្តពលិក ម៉ាឡេស៊ី
តារាងពិន្ទុកីឡាតេក្វាន់ដូរវាងអត្តពលិក ម៉ាឡេស៊ី និង ថៃ

ក្រៅពីរឿងខាងលើ នៅមានករណីមួយទៀត អំឡុងការប្រកួតកីឡា MMA រវាងកីឡាករ វៀតណាម Pham Van Nam ទល់នឹងកីឡាករ ថៃ Norachart Sutharang។ យោងតាមប្រភពពី VN Express បានឱ្យដឹងថា កីឡាករទាំង ២ ទទួលបានពិន្ទុស្មើគ្នា បន្ទាប់ពីឆ្លងកាត់ការប្រកួត ២ ទឹក បូកជាមួយម៉ោងបន្ថែម ១ នាទី។ ទោះបីជាយ៉ាងណា រឿងហួសចិត្តមួយបានកើតឡើង ក្រោយលទ្ធផលឈ្នះ ចាញ់ ត្រូវបានសម្រេចតាមរយៈទម្ងន់កីឡាករ។ អ្នករៀបចំ បានសម្រេចកាត់ក្តីឱ្យកីឡាករ វៀតណាម ចាញ់កីឡាករ ថៃ ដោយសារកីឡាករ វៀតណាម មានទម្ងន់ធ្ងន់ជាង។ រឿងនេះបានធ្វើឱ្យឱ្យកីឡាករ វៀតណាម មិនសុខចិត្តនោះទេ ហើយពេលនោះរូបគេបានសម្រក់ទឹកភ្នែក ដោយឱបទង់ជាតិខ្លួនរត់ជុំវិញសង្វៀន ដើម្បីបង្ហាញពីការតវ៉ា៕

រូបភាពកីឡាករ វៀតណាម រត់ជុំវិញសង្វៀន

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម