Connect with us

កីឡា

អយុត្តិធម៌នៅស៊ីហ្គេមច្រើនពេក ធ្វើឱ្យ ហ្វីលីពីន និង វៀតណាម ព្រួយបារម្ភ ពេលជួបម្ចាស់ផ្ទះ ថៃ

បានផុស

នៅ

រឿងអយុត្តិធម៌កើតឡើងច្រើនពេកនៅព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣៣ ក្នុងប្រទេស ថៃ បានធ្វើឱ្យខាងប្រទេស ហ្វីលីពីន និង វៀតណាម បង្ហាញការព្រួយបារម្ភ ពេលត្រូវជួបអត្តពលិកម្ចាស់ផ្ទះ ថៃ។

ទិដ្ឋភាពប្រកួតរបស់កីឡាករប្រដាល់ ហ្វីលីពីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ អតីតប្រធានសមាគមកីឡាប្រដាល់ ហ្វីលីពីន លោក Ricky Vargas និងអគ្គលេខាធិការសមាគមកីឡាប្រដាល់ហ្វីលីពីន លោក Marcus Manalo បានបង្ហាញការព្រួយបារម្ភដូចគ្នា អំពីភាពអយុត្តិធម៌ក្នុងការកាត់សេចក្តីនៅកីឡាស៊ីហ្គេម លើកទី ៣៣ ដោយបញ្ជាក់ថា មាននិន្នាការគួរឱ្យព្រួយបារម្ភ បន្ទាប់ពីការសម្រេចចិត្តជាច្រើនហាក់បីដូចជាលម្អៀងដល់កីឡាករប្រដាល់ប្រទេសម្ចាស់ផ្ទះថៃ។

ខាង ហ្វីលីពីន បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំង បន្ទាប់ពីមានកីឡាករប្រដាល់ថៃជាច្រើនរូប បានឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្ដើមមេដាយមាស ខណៈកីឡាកររបស់ពួកគេរួមមាន Jay Brian Baricuatro និង Flint Jara ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រដូចគ្នា ហើយត្រូវប្រកួតជាមួយគូប្រជែងម្ចាស់ផ្ទះថៃ។

ជាមួយគ្នានេះ សមាគមកីឡាប្រដាល់ ហ្វីលីពីន បានផ្ញើលិខិតផ្លូវការមួយទៅកាន់គណៈកម្មការរៀបចំ​កីឡា​ស៊ីហ្គេម លើកទី ៣៣ ដើម្បីទាមទារឱ្យមានការពន្យល់អំពីការកាត់សេចក្តីក្នុងការប្រកួតជាច្រើន ដែលត្រូវបានចាត់ទុកថា មានភាពចម្រូងចម្រាស់ និង​អយុត្តិធម៌ចំពោះកីឡាករហ្វីលីពីនមួយចំនួន ដូចជាកីឡាករ Nesthy Petecio និង Hergie Bacyadan។

លោក Ricky Vargas

ងាកមកកាន់លោក Kim Sang-sik គ្រូបង្វឹកក្រុមបាល់ទាត់បុរស វៀតណាម អាយុក្រោម ២២ ឆ្នាំវិញ ក៏បានលើកឡើងអំពីការកាត់សេចក្តីរបស់អាជ្ញាកណ្តាលផងដែរ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសទល់នឹងក្រុមម្ចាស់ផ្ទះ ថៃ នាល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥។

លោក Kim Sang-sik

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៧ ខែ ធ្នូ ម្សិលមិញ លោក Kim Sang-sik ត្រូវបានអ្នកសារព័ត៌មានសួរនាំអំពីរឿងអាជ្ញាកណ្តាល។ ភ្លាមនោះលោកបានឆ្លើយតបទៅវិញ ថា៖ «ខ្ញុំសង្ឃឹមថា អាជ្ញាកណ្ដាលនឹងដឹកនាំការប្រកួតដោយរលូន និងវិជ្ជមាន។ ខ្ញុំសង្ឃឹមថា ពួកគេនឹងបង្កើតលក្ខខណ្ឌឱ្យក្រុមទាំងពីរអាចលេងបានដោយយុត្តិធម៌ ដើម្បីឱ្យការប្រកួតនៅថ្ងៃស្អែកប្រព្រឹត្តទៅក្នុងលក្ខណៈល្អបំផុត។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ​មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមទាំងពីរ។ ខ្ញុំគិតថា អ្វីដែលសំខាន់បំផុត គឺឱ្យកីឡាកររបស់ក្រុមទាំងពីរលេងដោយសុវត្ថិភាព និងជៀសវាងការរងរបួស»

ដ្បិតការលើកឡើងខាងលើ គ្រូបង្វឹកសញ្ជាតិ កូរ៉េខាងត្បូង ពុំបានដាក់បន្ទុកធ្ងន់ទៅលើអាជ្ញាកណ្តាលក៏ពិតមែន ប៉ុន្តែអ្វីដែលលោកលើកឡើង បានបង្កប់អត្ថន័យអំពីការដឹកនាំការប្រកួតរបស់មន្ត្រីអាជ្ញាកណ្តាល ដោយលោកបានទទូចស្នើសុំអាជ្ញាកណ្តាល ដឹកនាំការប្រកួតឱ្យបានល្អ ដើម្បីឱ្យការប្រកួតដ៏សំខាន់រវាងក្រុមទាំង ២ ប្រកបដោយភាពយុត្តិធម៌៕

លោក Kim Sang-sik

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម