Connect with us

ព័ត៌មានអន្ដរជាតិ

​វៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត ទោះ​ប្រឈមទឹកជំនន់ធ្ងន់ធ្ងរ ​

បានផុស

នៅ

ក្រសួងវប្បធម៌វៀតណាម​បាន​ឱ្យដឹងថា វៀតណាមកំពុង​ឆ្ពោះទៅរកកំណត់ត្រាទទួលភ្ញៀវទេសចរអន្តរជាតិ​ប្រចាំឆ្នាំច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត ២១ លាននាក់ នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៩ ទោះបីប្រឈមនឹង​បញ្ហាផ្សេងៗ រួមទាំងការបំពុលខ្យល់ និងទឹកជំនន់ដ៏ធ្ងន់ធ្ងរក្ដី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ​ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​កាលពីថ្ងៃចន្ទ (១៥​ ធ្នូ) ថា ​វៀតណាម​បានប្រារព្ធពិធីស្វាគម​ភ្ញៀវទេសចរបរទេសទី ២០ លាននាក់នៃឆ្នាំនេះ ​នៅលើ​កោះ​ភូគុក​។

ក្រសួងបាន​បន្តថា ​ចំនួនភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ នឹងកើនលើសពីកំណត់ត្រាខ្ពស់បំផុត ១៨ លាននាក់​ ក្នុងឆ្នាំ ២០១៩ ពោលគឺមុនសម័យកូវីដ១៩ និងកើនឡើងប្រមាណ ១៩,៣%​ ធៀបនឹងឆ្នាំ ២០២៤។

វៀតណាម ដែលមាន​ឆ្នេរសមុទ្រវែង ទេសភាពធម្មជាតិ និងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប​ បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែទន្ទឹមនឹងនោះ គេក៏មើលឃើញថា វៀតណាម​ប្រឈមមុខនឹង​បញ្ហាផ្សេងៗ។ ទីក្រុងហានូយនៅឆ្នាំ ២០២៥ នេះ បាន​ជាប់ចំណាត់ថ្នាក់ទីក្រុងដែលមាន​ការបំពុលខ្យល់អាក្រក់បំផុតជាច្រើនដង ខណៈតំបន់ទេសចរសំខាន់ៗផ្សេងទៀត ដូចជាតំបន់ភាគកណ្ដាល បាន​ប្រឈមមុខនឹង​គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ ​

នៅឆ្នាំ ២០២១ ​វៀតណាមទទួល​ភ្ញៀវទេសចរបរទេសតិចជាង ១៦០​ ០០០ នាក់ ដែលជាចំនួនទាបបំផុតក្នុងប្រវត្តិសាស្ត្រសម័យថ្មីនេះ ដោយសារតែការរឹត​ត្បឹតការធ្វើដំណើរ​ពាក់ព័ន្ធជំងឺកូវីដ១៩ ទូទាំងសកល។

បច្ចុប្បន្ន ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេមកកាន់វៀតណាមក្នុងរយៈពេល ១១ ខែ ដើមឆឆ្នាំ ២០២៥ ​ដោយរួមចំណែក ១/៤ នៃចំនួនភ្ញៀវបរទេសសរុប។ ​ក្រៅពីនេះ ប្រភពសំខាន់ៗផ្សេងទៀតរួមមាន កូរ៉េខាងត្បូង តៃវ៉ាន់ សហរដ្ឋអាមេរិក និងជប៉ុន ជាដើម​។ នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម