Connect with us

សេដ្ឋកិច្ច

កម្ពុជា-ឡាវ ដាក់ឱ្យដំណើការប្រព័ន្ធទូទាត់ឆ្លងដែនដំណាក់កាលទី២

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ធនាគារ អេស៊ីលីដា និង​ ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា (ដំណាក់កាលទី២៖ ឡាវ​ស្កេន ខេអេចឃ្យូអរកូត) ក្នុងគោល​បំណង​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពីការពង្រីកវិសាលភាព និង​ការ​ជំរុញ​ការ​ទូទាត់​ជា​ឌីជីថល​សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រមទាំងរួម​ចំណែក​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៃប្រទេសទាំងពីរ ជាពិសេសសម្រេចបាននូវទស្សនៈវិស័យរបស់អាស៊ាន ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រព័ន្ធ​ទូទាត់ឌីជីថល​នៅ​ក្នុង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសហប្រតិបត្តិការនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក​ស្រី​ ជា សិរី ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា និង លោកស្រី Bounkham Vorachit ទេសាភិបាលធនាគារកណ្តាលឡាវ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់​ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល និងឡាវគីប) ដោយត្រូវបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ។

គួររំលឹកផង​ដែរ​ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា បានប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅ​ក្នុងប្រទេសឡាវ ដំណាក់កាលទី១៖ កម្ពុជាស្កេនឡាវ QR Code ប្រកប​ដោយ​ភាពជោគជ័យ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់​ការទូទាត់​នៅ​ក្នុង​តំបន់​អាស៊ាន និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងកម្ពុជា (KHQR) និងឡាវ (Lao QR) គឺសរបញ្ជាក់ពីការអភិវឌ្ឍរបស់ធនាគារ អេស៊ីលីដា ដែលទទួល​នូវភាពជោគជ័យ​ជា​បន្តបន្ទាប់​ជា​មួយ​នឹងការដាក់​ឱ្យដំណើរការ​ទូទាត់​ឃ្យូអរ​ឆ្លងដែន​រវាង​ប្រទេសកម្ពុជា ជា​មួយនឹង​បណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាននាពេលកន្លងមកនេះ។

ការដាក់ឱ្យដំណើរការជាផ្លូវការ​នូវ​ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដំណាក់កាលទី២៖ ឡាវ​ស្កេន​ខេអេចឃ្យូអរកូត នឹងពង្រីក​លទ្ធភាព​ឱ្យប្រជាជនឡាវ​ដែលធ្វើ​ដំណើរ​មក​ប្រទេសកម្ពុជា​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ និង​/ឬ​សេវាកម្ម ដោយ​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​របស់​គ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ប្រទេសឡាវ ដើម្បី​ស្កេន​ខេអេចឃ្យូអរកូតរបស់ពាណិជ្ជករនៅទូទាំងប្រទេសកម្ពុជា។

ការទូទាត់ឆ្លងដែនតាមរយៈ QR Code អនុញ្ញាតឱ្យអតិថិជន និងសាធារណជនដែលជាប្រជាជនឡាវ អាច​ទិញ​ទំនិញ និង​ធ្វើការ​ទូទាត់ថ្លៃ​ទំនិញ​នៅ​ពេលធ្វើ​ដំណើរ​មកកាន់ប្រទេសកម្ពុជាដោយគ្រាន់តែស្កេន ខេអេចឃ្យូអរកូត បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះ នឹងធ្វើ​ឱ្យការទូទាត់​កាន់តែ​ប្រសើរ​ឡើង សម្រាប់​ភ្ញៀវទេសចរ និង​ក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧១លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៣៨លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម