Connect with us

ព័ត៌មានអន្ដរជាតិ

ញូវដេលី នៅតែជាប់ចំណាត់ថ្នាក់កំពូលជាទីក្រុង បំពុលខ្លាំងបំផុតលើលោក

បានផុស

នៅ

ទីក្រុងញូវដេលីប្រទេសឥណ្ឌា និងតំបន់ទីប្រជុំជនជុំវិញរបស់ខ្លួន ដែលមានប្រជាជនរស់នៅជាង ៣០ លាននាក់ នៅតែជាប់ចំណាត់ថ្នាក់កំពូលនៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក។ កំហាប់ធូលីល្អិតៗ PM2.5 អាចខ្ពស់ជាងកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ដល់ទៅ ៦០ ដង។ សន្ទស្សន៍គុណភាពខ្យល់ (AQI) តែងតែលើសពីកម្រិត ៣០០-៤០០ ដែលជាកម្រិតអាក្រក់ខ្លាំងដល់ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
បុរសម្នាក់ពាក់ម៉ាស់ ក្នុងពេលដែលមានផ្សែងហុយៗនៅទីក្រុងញូវដេលី (រូបថត៖ Reuters)

ទីក្រុងនេះត្រូវបានគេស្គាល់ជាយូរមកហើយថាជា «រាជធានីដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក» ឬទីក្រុងនៃ «សួតដ៏ហត់នឿយ»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពនេះលែងជារឿងបណ្ដោះអាសន្នទៀតហើយ ប៉ុន្តែបានក្លាយជាវិបត្តិអចិន្ត្រៃយ៍។ ដោយសារតែការរួមបញ្ចូលគ្នានៃចរាចរណ៍ ការបំភាយឧស្ម័នឧស្សាហកម្ម ធូលីសំណង់ និងផ្សែងដុតចំបើងពីរដ្ឋជិតខាងបង្កើតជាគម្របបំពុលដែលគ្របដណ្តប់តំបន់ទីប្រជុំជនទាំងមូល។

សម្រាប់ប្រជាជន តួលេខទាំងនោះលែងជារឿងប្លែកទៀតហើយ។ ពួកគេសុទ្ធតែមានអាការក្អកយូរ ដង្ហើមខ្លីពេលយប់ កុមារត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺរលាកសួត ជំងឺហឺត និងម៉ាស៊ីនបន្សុទ្ធខ្យល់ដែលដំណើរការឥតឈប់ឈរនៅក្នុងអាផាតមិននីមួយៗ។

ដោយសារតែខ្យល់ពុលគ្រប់ដណ្ដប់ពាសពេញទីក្រុង គ្រួសារវណ្ណៈកណ្តាលកាន់តែច្រើនឡើងៗនៅក្នុងទីក្រុងញូវដេលីកំពុងជ្រើសរើសចាកចេញពីរដ្ឋធានី ដែលបង្កើតជារលកនៃការធ្វើចំណាកស្រុកដោយស្ងៀមស្ងាត់សម្រាប់បរិស្ថាន។ នោះជារឿងមិនធ្លាប់មានពីមុនមកនៅក្នុងមជ្ឈមណ្ឌលនយោបាយ-សេដ្ឋកិច្ចនៃប្រទេសឥណ្ឌា។

នៅមន្ទីរពេទ្យធំមួយក្នុងទីក្រុងញូវដេលី វេជ្ជបណ្ឌិតផ្នែកផ្លូវដង្ហើម Randeep Guleria បាននិយាយថា ចំនួននៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ជំងឺដែលទាក់ទងនឹងការបំពុលខ្យល់កើនឡើងយ៉ាងខ្លាំងរាល់ពេលដែល AQI លើសពីកម្រិតគ្រោះថ្នាក់។ គាត់បានព្រមានថា មនុស្សចាស់ កុមារតូចៗ អ្នកជំងឺសរសៃឈាមបេះដូង និងសួតគឺជាអ្នកដែលរងផលប៉ះពាល់ច្រើនបំផុត។ ប៉ុន្តែសូម្បីតែមនុស្សដែលមានសុខភាពល្អក៏ចាប់ផ្តើមបង្ហាញរោគសញ្ញាស្រួចស្រាវដែរ”។

យោងតាមការសិក្សាផ្នែកវេជ្ជសាស្ត្រ ការបំពុលខ្យល់បានក្លាយជាមូលហេតុចម្បងមួយនៃការស្លាប់នៅក្នុងប្រទេសឥណ្ឌា ដោយឆក់យកជីវិតមនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ និងបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែផលិតភាពការងារថយចុះ និងការកើនឡើងនៃការចំណាយលើការព្យាបាល។ អ្នកជំនាញបានប្រៀបធៀបការបំពុលខ្យល់ទៅនឹងឃាតកស្ងាត់ស្ងៀម ដែលធ្វើឲ្យឥណ្ឌាខាតបង់ប្រហែល ៩៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែផលិតភាពការងារធ្លាក់ចុះ មូលដ្ឋានអតិថិជនធ្លាក់ចុះ និងការកើនឡើងនៃការស្លាប់មុនអាយុ។

នៅចំពោះមុខសម្ពាធកាន់តែខ្លាំងឡើងក្នុងការកែលម្អគុណភាពខ្យល់ រដ្ឋាភិបាលញូវដេលីបានអនុម័តវិធានការបន្ទាន់មួយចំនួនដូចជាការបិទសាលារៀន ការរឹតបន្តឹងយានយន្តផ្ទាល់ខ្លួន ការបញ្ឈប់ការងារសំណង់ និងសូម្បីតែការហាមឃាត់ការប្រើប្រាស់ធ្យូង និងអុសនៅក្នុងភោជនីយដ្ឋាន និងឡដុតបែបប្រពៃណី។ ថ្មីៗនេះ អាជ្ញាធរក៏បានពិសោធន៍ជាមួយនឹងដំណោះស្រាយដ៏ចម្រូងចម្រាសដូចជាការបាញ់ទឹកទ្រង់ទ្រាយធំ ឬការដាំពពកសិប្បនិម្មិតដើម្បីលាងសម្អាត បរិយាកាស។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនជឿថានេះគ្រាន់តែជាដំណោះស្រាយស្ថានភាពប៉ុណ្ណោះ។

អ្នកជំនាញខ្យល់ស្អាតជាច្រើនជឿថា ការបំពុលខ្យល់នៅឥណ្ឌា មានលក្ខណៈជាប្រព័ន្ធ។ បើគ្មានការគ្រប់គ្រងយ៉ាងហ្មត់ចត់លើសកម្មភាពដឹកជញ្ជូន ឧស្សាហកម្ម ថាមពល និងកសិកម្មទេ វិធានការរយៈពេលខ្លីទាំងអស់គឺដូចជាអំបិលក្នុងធុង។ ឥណ្ឌាត្រូវមានយុទ្ធសាស្ត្រឆ្លើយតបរយៈពេលវែង និងទូលំទូលាយ។ ជាពិសេស ការផ្លាស់ប្តូរថាមពលស្អាត ការរឹតបន្តឹងស្តង់ដារការបំភាយឧស្ម័ន ការអភិវឌ្ឍការដឹកជញ្ជូនសាធារណៈ និងការគាំទ្រដល់កសិករឲ្យជំនួសការដុតចំបើងជាមួយនឹងដំណោះស្រាយប្រកបដោយចីរភាព គឺជាសសរស្តម្ភដែលមិនអាចខ្វះបាន៕

រូបភាព៖Reuters

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កាសែតធំៗផ្សាយថា ជនភៀសសឹក កម្ពុជា ជាងកន្លះលាននាក់ បង្ខំចិត្តចេញពីផ្ទះ ដោយសារយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម