Connect with us

កីឡា

មុនជួបគ្នាស្អែក លោក McConkey ទទួលស្គាល់ ខ្សែប្រយុទ្ធថ្មី បឹងកេត នឹងធ្វើឱ្យក្រុមលោកពិបាក

បានផុស

នៅ

គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានមើលឃើញពីសក្តានុពលរបស់ក្រុម បឹងកេត កាន់តែខ្លាំងក្លាជាងមុន បន្ទាប់ពីពួកគេនាំចូលកីឡាករបរទេសថ្មី ២ រូបនៅទីផ្សារដោះដូរកីឡាករខែ ធ្នូ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក McConkey បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៥ នេះ មុនជំនួបជើងទី ២ នៃលីគកំពូល កម្ពុជា រវាងក្រុមលោក ទល់នឹងក្រុម បឹងកេត នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ថ្ងៃស្អែកទី ២៧ ខែ ធ្នូ។

គ្រូបង្វឹកសញ្ជាតិ អៀរឡង់ បានកត់សម្គាល់ឃើញក្រុម បឹងកេត មានទម្រង់លេងល្អជាងមុន បន្ទាប់ពីពួកគេនាំចូលខ្សែប្រយុទ្ធថ្មី ២ រូប រួមមានកីឡាករសញ្ជាតិ អូស្ត្រាលី Cyrus Dehmie ពីក្រុម Sydney Olympic និងកីឡាករ Myer Bevan ពីក្រុម Auckland City។ លោក McConkey ទទួលស្គាល់កីឡាករទាំង ២ រួមជាមួយកីឡាករ បឹងកេត ទាំងមូល លេងបានល្អខ្លាំងអំឡុងការប្រកួតទល់នឹង ភ្នំពេញក្រោន កាលពីសប្តាហ៍មុន ហើយលោកមើលឃើញតំបន់ប្រយុទ្ធរបស់ បឹងកេត នៅពេលនេះ នឹងក្លាយជាការគំរាមកំហែងដល់ ព្រះខ័នរាជស្វាយរៀង។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន លោក McConkey បានមានប្រសាសន៍ពី បឹងកេត ដូច្នេះ ថា៖ «វាជាដំណាក់កាលចាប់ផ្តើមនៃទីផ្សារផ្ទេរកីឡាករ ដូច្នេះ បឹងកេត បាននាំយកខ្សែប្រយុទ្ធថ្មី ២ នាក់ ដែលខ្ញុំគិតថានឹងធ្វើឲ្យពួកគេក្លាយជាក្រុមមានភាពគំរាមកំហែងក្នុងការប្រយុទ្ធកាន់តែខ្លាំង»

«យើងបានមើលពួកគេនៅក្នុងការប្រកួតចុងក្រោយ ហើយបានវិភាគពីរបៀបលេងរបស់ពួកគេ។ ខ្ញុំគិតថា ពួកគេគួរតែទទួលបានលទ្ធផលល្អជាងនេះពីការប្រកួតមុន។ ពេលគ្មានបាល់ ពួកគេមើលទៅមានស្ថិរភាពខ្លាំង និងពិបាកបំបែក។ ចំណែកពេលមានបាល់ អាចថា ពួកគេមិនបានបង្កើតឱកាសច្បាស់ៗខ្លាំងទេ ប៉ុន្តែពួកគេកៀកៗនឹងអាចបញ្ចប់ទីបាន។ ខ្ញុំគិតថានៅចុងការប្រកួត វាពិបាកសម្រាប់ពួកគេ ព្រោះពួកគេព្យាយាមលេង ព្យាយាមវាយប្រហារ ខណៈក្រុមម្ខាងទៀតគ្រាន់តែព្យាយាមពន្យារពេល…។ ដូច្នេះ វានឹងជាការប្រកួតដ៏ពិបាកមួយនៅ អូឡាំពិក ជាមួយពួកគេ»

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុម បឹងកេត និង ព្រះខ័នរាជស្វាយរៀង នៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក នាល្ងាចថ្ងៃ សៅរ៍ ទី ២៧ ខែ ធ្នូ ស្អែកនេះ គឺជាការប្រកួតជើងទី ២ ក្នុងលីគកំពូល កម្ពុជា បន្ទាប់​ពី​ការប្រកួតកាលពីជើងទី ១ ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ៣-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម